រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន ៣៦២ លានយ៉េន ដែលស្មើប្រមាណ ៣,៣១លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៣៦២លានយ៉េន ធ្វើឡើងព្រឹកថ្ងៃទី២៦ ខែកក្កដានេះ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
បើតាមក្រសួងការបរទេស គម្រោងមានតម្លៃ៣,៣១លានដុល្លារអាមេរិកនេះគឺសម្រាប់អនុវត្តឆ្នាំ២០២១នេះ។
ក្រសួងការបរទេសបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ៕