អ្នកនិពន្ធសៀវភៅ “How Rich People Think” លោក Steve Siebold បានទម្លាយឲ្យដឹងពីទស្សនៈអ្នកមានគិតខុសពីមនុស្សទូទៅ។
បើតាមបទពិសោធន៍ដែលលោកបានសម្ភាសន៍បុគ្គលជោគជ័យជាច្រើនក្នុងរយៈពេល ២៦ ឆ្នាំនេះ លោក Steve Siebold បានលើកពីផ្នត់គំនិតនិងទស្សនៈអ្នកមាន ៨ ចំណុចធំៗ ដែលគិតខុសពីមនុស្សសមញ្ញទូទៅ។
1/ អ្នកមានគិតថា ការមានបានគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ខណៈមនុស្សធម្មតាគិតថាការមានបានគឺជាលាភសំណាង
ស្របពេលគ្រប់គ្នាគិតថា ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវពឹងផ្អែកលើសំណាងទាំងស្រុងនោះ អ្នកគិតខុសហើយ។ Siebold និយាយថា ដោយសារតែគោលគំនិតបែបនេះហើយ ទើបធ្វើឲ្យមនុស្សជាច្រើននាំគ្នាទៅទិញឆ្នោតផ្សងសំណាង តែសម្រាប់អ្នកមានគឺពួកគេបែរជាខំប្រឹងធ្វើការទៅវិញ។
2/ អ្នកមានគិតថាការចាប់ផ្ដើមធ្វើអាជីវកម្មគឺជាមធ្យោបាយរកលុយបានលឿនបំផុត ខណៈមនុស្សទូទៅគិតថា ការធ្វើអាជីវកម្មគឺជាការប្រថុយប្រថាន
វាគឺជារឿងពិត ការចាប់ផ្ដើមអាជីវកម្មគឺវាមានហានិភ័យ តែអ្នកមានយល់ឃើញថា ការដែលដឹងអំពីហានិភ័យកាន់តែច្រើន នោះពួកគេនឹងកាន់តែយល់ច្បាស់អំពីដំណោះស្រាយ។ ស្របពេលអ្នកមានកំពុងដំណើរការ និងបានប្រាក់ចំណេញពីអាជីវកម្មរបស់ពួកគេ មនុស្សទូទៅកំពុងស្វះស្វែងរកប្រាក់ខែស្ថិរភាពមួយ ដែលធ្វើឲ្យពួកគេខកខានឱកាសរកចំណូលច្រើនជាងនេះ។
3/អ្នកមានយល់ថានៅពីក្រោយភាពជោគជ័យ គឺបទពិសោធន៍ ខណៈមនុស្សទូទៅជឿថាជាភាពឆ្លាត
“បើសិនជាគន្លឹះនៃភាពមានបានគឺជាការទទួលបានលទ្ធផលល្អក្នុងសាលា នោះសិស្សពូកែទាំងអស់ច្បាស់ជាក្លាយជាអ្នកមានអស់ហើយ”។ Siebold បន្ថែម៖ “ភាគច្រើននៅពីក្រោយភាពជោគជ័យគឺជាបទពិសោធន៍ដ៏ក្រាស់ក្រែល ជាជាងការទន្ទេញមេរៀនសម្រាប់ការប្រលង”។
តើធ្វើយ៉ាងណាទើបអាចទទួលបានបទពិសោធន៍ទាំងនោះ? ព្យាយាមស្វែងយល់ពីទស្សនៈអ្នកមាន និងសង្កេតមើលពីទម្លាប់ និងការគិតរបស់ពួកគេ។
4/ អ្នកមានគិតថា ដើម្បីឆ្ពោះទៅរកភាពមានបាន កម្លាំងសាមគ្គីជារឿងចំបង ខណៈមនុស្សទូទៅយល់ថាកត្តាបុគ្គលសំខាន់ជាង
ចំណុចមួយនេះមិនជាខុសគ្នាប៉ុន្មានពីសុភាសិតខ្មែរយើង ដែលនិយាយថា “ចង្កឹះមួយបាច់គេកាច់ពុំបាក់”ឡើយ ព្រោះអ្នកមានមានទស្សនៈថា ដើម្បីឈានទៅរកភាពមានបានស្ដុកស្ដម្ភ កម្លាំងសាមគ្គីគឺជាកត្តាចំបង។
“ទ្រព្យសម្បត្តិដែលរកបានមកយ៉ាងច្រើនលើសលប់ គឺផ្ដើមចេញពីការប្រមូលផ្ដុំនៃកម្លាំងស្មារតី និងកម្លាំងកាយនៃមនុស្សមួយក្រុមដែលមានទស្សនៈស្រដៀងគ្នា”។ នេះបើតាមសម្ដីអ្នកនិពន្ធ Siebold។
5/ អ្នកមានយល់ថា ការរកប្រាក់គឺជារឿងសាមញ្ញ តែមនុស្សទូទៅគិតថា វាជារឿងរញ៉េរញ៉ៃ
“មនុស្សភាគច្រើនតែងគិតថា អ្នកមានគឺជាមនុស្សឆ្លាតជាង មនុស្សសំណាងជាង ឬក៏ទទួលបានការអប់រំខ្ពស់ជាងអីជាដើម តែវាមិនមែនជាការពិតឡើយ” Siebold និយាយ។
អ្នកមានដឹងពីរបៀបដំណើរការនៃលុយ គឺបានមកពីគំនិត និងការដោះស្រាយបញ្ហា។ បញ្ហាកាន់តែច្រើន ផលដែលបានមកពីការដោះស្រាយក៏ច្រើន។ “ដ្បិតការរកលុយមិនមែនជារឿងស្រួល តែវាគឺសាមញ្ញ”។
6/ អ្នកមានជឿថា លុយគឺបានមកពីការគិត ខណៈមនុស្សទូទៅជឿថា លុយបានមកពីការប្រើពេល និងចាយកម្លាំងពលកម្ម
មនុស្សទូទៅគិតថា លុយគឺបានមកពីការធ្វើការច្រើនម៉ោងជាងធម្មតា វាជារឿងត្រឹមត្រូវតែការធ្វើម៉ោងច្រើនជាងធម្មតា វាគ្រាន់តែជួយឲ្យអ្នកមានចំណូលច្រើនជាងមុនតិចតួចប៉ុណ្ណោះ។
តែអ្នកមានវិញ ពួកគេមានគោលគំនិតមួយ គឺតែងរកនឹកបង្កើតអ្វីដែលថ្មី ហើយការគិតនូវគំនិតថ្មីៗនេះហើយគឺជាជំនាញដែលទទួលបានចំណូលខ្ពស់បំផុតក្នុងពិភពលោក។
7/ អ្នកមានជឿថា លុយគឺមានសេរីភាព ខណៈមនុស្សទូទៅជឿថា លុយគឺជាការគ្រប់គ្រង
“អ្នកមានយល់ថា លុយគឺជាឧបករណ៍ដែលអាចផ្ដល់នូវសិទ្ធិសេរីភាព និងឱកាសដល់ពួកគេ ក៏ដូចជាអ្នកដទៃ តែផ្ទុយពីនោះ មនុស្សទូទៅបែរជាយល់ឃើញថា មានលុយមានអំណាច អាចធ្វើអ្វីបានតាមចិត្តទៅវិញ”។
8/ អ្នកមានយល់ថាធ្វើការដើម្បីបំពេញចន្លោះខ្វះខាត តែមនុស្សទូទៅគិតថាធ្វើការគឺដើម្បីប្រាក់
លោក Siebold និយាយ៖ “អ្នកមានតែងដឹងច្បាស់ថា បើធ្វើការគឺដើម្បីតែប្រាក់ នោះវាគឺជារឿងអាក្រក់បំផុតសម្រាប់ការកសាងទ្រព្យសម្បត្តិ”។
អ្នកគួរកុំព្យាយាមរកមើលការងារដែលផ្ដល់ប្រាក់កម្រៃខ្ពស់ តែគួររកមើលការងារណាដែលមានវិសាលភាពធំទូលាយនាថ្ងៃអនាគតសម្រាប់ការអភិវឌ្ឍខ្លួនឯង។ នៅពេលអ្នករកឃើញហើយនោះ ចូរដាក់ចិត្តដាក់បេះដូងធ្វើវាឲ្យអស់ពីសមត្ថភាព នៅថ្ងៃណាមួយអ្នកនឹងទទួលបានផ្លែផ្កាដ៏ធំធេងពីវាជាក់ជាមិនខាន៕
ប្រភព: cnbc