អ្នកដែលនិយមពិសាទឹកដោះគោស្រស់ ដើម្បីលើកកម្ពស់សុខភាព និងថែទាំរូបសម្រស់ ប្រហែលជាបានស្គាល់ហើយនូវប្រេនទឹកដោះគោស្រស់មួយប្រភេទដែលមានឈ្មោះថាគិរីសួគ៌ (Kirisu Farm ) ដែលមានដាក់លក់នៅតាមបណ្តាផ្សារទំនើបតូច ធំ ជាច្រើននៅក្នុងប្រទេសកម្ពុជាយើង។
ហើយប្រហែលជាមានបងប្អូនមួយចំនួនគិតថាទឹកដោះគោស្រស់ដ៏ឈ្ងុយឆ្ងាញ់ពិសាមួយនេះត្រូវផលិត និងនាំចូលពីបរទេស តែតាមពិតទៅគិរីសួគ៌ គឺត្រូវបានផលិតចេញពីកសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយកន្លែង ដែលស្ថិតនៅក្នុងភូមិ ឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្បែររមណីយដ្ឋានភ្នំតាម៉ៅ ក្នុងប្រទេសកម្ពុជាយើងទៅវិញទេ ។ កសិដ្ឋានដ៏ធំនេះ ត្រូវបានបង្កើតដោយក្រុមហ៊ុន Khmer Fresh Milk Co., Ltd សាងសង់លើផ្ទៃដីដល់ទៅ ៣០០ ហិកតា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
កសិដ្ឋានគិរីសួគ៌ មានអ្នកជំនាញ ដែលបានមកពីក្រុមហ៊ុនអ៊ីស្រាអែល Afimilk ជាក្រុមហ៊ុនធំបំផុតក្នុងពិភពលោកលើផ្នែកផ្គត់ផ្គង់បច្ចេកវិទ្យា និងដំណើរការគ្រប់គ្រង នៅក្នុងការផលិត ។ លើសពីនេះ កសិដ្ឋានបាននាំចូលតែប្រភេទពូជគោសុទ្ធហ៊ុលស្តាញ ចំនួន ៥៥០ ក្បាល កាលពីដើមឆ្នាំ ២០២០ កន្លងទៅ ហើយរហូតមកដល់ពេលនេះ វាបានកើនឡើងប្រហែលជិត ១០០០ ក្បាលហើយ ។ ក្នុងមួយថ្ងៃៗកសិដ្ឋានអាចបូមទឹកដោះបានច្រើនជាង ១ម៊ឺនលីត្រ។ គោមួយក្បាលអាចបូមទឹកដោះបានបីដង ហើយអាចបូមទឹកដោះបានជាង២០ លីត្រក្នុងមួយថ្ងៃ ។ យ៉ាងណាបើអ្នកជំនាញនៅក្នុងកសិដ្ឋានបានឲ្យដឹងថាដើម្បីធានាបាននូវអនាម័យខ្ពស់ជូនអតិថិជន បុគ្គលិកដែលបម្រើការផ្នែកបូមទឹកដោះនេះ មុនពេលធ្វើការ ត្រូវធ្វើការសម្អាត អនាម័យ ដោយពាក់របាំងអាវ ស្រោមដៃ ពាក់ស្បែកជើងកវែង ជាដើម ។
មិនតែប៉ុណ្ណោះដើម្បីទទួលបានទឹកដោះគោដែលមានគុណភាព កសិដ្ឋានត្រូវចែកចេញជាបីផ្នែកធំៗ គឺទី ១ ផ្នែកដាំដុះ ដែលមានដូចជាការដាំ ពោត និងស្មៅប្រភេទដែលល្អ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដាំនៅទីតាំងនោះផ្ទាល់ សម្រាប់កែច្នៃធ្វើជាចំណីគោ ។ ទី ២ គឺផ្នែកចិញ្ចឹមគោ ដែលគោទាំងនោះសុទ្ធសឹងតែនាំចូលពីប្រទេសអូស្ត្រាលី ។ ហើយផ្នែកទី ៣ គឺការកែច្នៃទឹកដោះគោ ដែលមានផលិតផលដូចជាទឹកដោះស្រស់ម៉ាកគិរីសួគ៌ និង Yogurt ឬយ៉ាអួរផងដែរ ។
លើសពីនេះក្រុមហ៊ុនក៏បានបញ្ជាក់ ថាពួកគេនឹងផ្តល់ជូនទឹកដោះគោសុទ្ធ 100% ដែលផលិតបានក្នុងស្រុកជាមួយនឹងរសជាតិឆ្ងាញ់ដាច់គេ គុណភាពខ្ពស់ និងសំបូរដោយសារជាតិចិញ្ចឹមជាច្រើនសម្រាប់សុខភាពអតិថិជន ៕