“មនុស្សភាគច្រើននៅលើសកលលោកយើងនេះគឺមានបែបបទនិងមានភាពរីកចម្រើនលូតលាស់មិនដូចគ្នាទេ។ ឥរិយាបថ ជាផ្លូវឬគន្លងនៃឥរិយា គឺការដើរ, ឈរ, អង្គុយ, ដេក ក៏សំខាន់បំផុតសម្រាប់មនុស្សដែលកំពុងចាប់ផ្តើមធ្វើជាម្ចាស់នៃវាសនារបស់ខ្លួនផងដែរ”។ បើតាមការលើកឡើងរបស់លោកឧកញ៉ា ផន វណ្ណិត អតីតសាស្រ្តាចារ្យ និងបច្ចុប្បន្នជាអ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោម្នាក់។
លោកឧកញ៉ាថា បើនិយាយពីឥរិយាបថ គឺវាមានភាពទូលំទូលាយខ្លាំង ដូចជាឥរិយាបថថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង អ្នកលក់ អ្នកបើកបរ និងនិយាយជារួមឥរិយាបថ គឺសំដៅទៅលើផ្នត់គំនិតនៃរបៀបឆ្លើយតបទៅនឹងជីវិតនៃមនុស្សម្នាក់ៗ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
លោកឧកញ៉ាក៏បានលើកឡើងនៅសញ្ញា ៧ យ៉ាងបញ្ជាក់ពីឥរិយាបទមនុស្សរីកចម្រើន និងគំនិតសហគ្រិន ដូចខាងក្រោម៖
១.ស្គាល់ខ្លួនឯង មានគោលដៅច្បាស់លាស់៖ ភាពជោគជ័យដែលយើងស្រមៃចង់បាននោះ បានរសាត់បន្តិចម្តងៗរហូតធ្វើឲ្យយើងបាក់ទឹកចិត្តក៏មានដែរ ព្រោះតែយើងមិនបានស្វែងយល់ពីខ្លួនឯងច្បាស់ និងមិនមានគោលដៅជីវិតពិតប្រាកដ។ បើយើងមិនស្គាល់ខ្លួនឯងឲ្យច្បាស់លាស់នោះទេ ជីវិតរបស់យើងមិនដឹងចង់បានអ្វីឲ្យពិតប្រាដកជោគជ័យនឹងមិនកើតមានបានឡើយ។
ស្គាល់ខ្លួនឯង គឺត្រូវដឹងពីចំណង់ចំណូលចិត្ត ទេព្យកោសល្យខ្លួនឯង ចំណុចខ្លាំងនិងចំណុចខ្សោខ្លួនឯងឲ្យបានច្បាស់ ព្រមទាំងកំណត់គោលដៅសម្រាប់ជីវិត និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តន៍ពីមួយជំហានទៅមួយជំហានឲ្យបានច្បាស់។
២.ឧស្សាហ៍ព្យាយាម៖ គឺជាគុណភាពមួយដែលអាចអភិវឌ្ឍន៍បានប្រសិនបើយើងរៀនគ្រប់គ្រងពេលវេលានិងធនធានក្នុងការអនុវត្តភារកិច្ចនិងកាតព្វកិច្ចរបស់យើង។ លើសពីនេះទៀតវាគឺជាគុណធម៌គ្រឹះដែលជួយប្រយុទ្ធប្រឆាំងនឹងភាពខ្ជិលច្រអូសរបស់យើងទៀតផង។
៣.ខិតខំស្វែងរកចំណេះដឹងថ្មីៗ៖ ការប្រមូលបានព័ត៌មានល្អៗជាក់លាក់ ពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះផ្តត់គំនិតជោគជ័យបង្កើនចំណេះដឹងថ្មី។ ក្នុងន័យជាក់លាក់ចំណេះដឹងត្រូវបានកំណត់ជាសំណុំនៃសមត្ថភាពជំនាញ ដែលអាចបកស្រាយការពិតដោះស្រាយបញ្ហានិងដឹកនាំឥរិយាបថរបស់ខ្លួន។
ទោះយ៉ាងណាយើងដឹងគ្រប់គ្នាហើយថា ដំណើរការនៃការកសាងចំណេះដឹងគឺវាស្មុគស្មាញខ្លាំងណាស់ ដូច្នេះបានជាមានសាលារៀន វគ្គបណ្តុះបណ្តាលផ្សេងៗគ្នាដែលបានបង្កើតឡើងសម្រាប់ការបង្កើត ទ្រឹស្តីនៃចំណេះដឹង។ លោកឧកញ៉ាបន្ថែម។
៤.សេពគប់កល្យាណមិត្ត៖ មានច្រើនប្រភេទណាស់ក្នុងការសេពគប់មិត្ត ព្រោះមិត្តខ្លះក៏នាំយើងឲ្យបានជោគជ័យ ខណៈមិត្តមួយចំនួនក៏នាំឲ្យខាតបង់ប្រយោជន៍ផងដែរ។ មិត្តដែលគួរឲ្យសេពគប់ គឺមិត្តចេះថែទាំមិត្ត ទំនុកបម្រុងមិត្ត ហ៊ានលះបង់ជីវិតខ្លួន ដើម្បីការពារមិត្ត ប្រាប់អាថ៌កំបាំងផ្ទាល់ខ្លួនដល់មិត្ត បង្ហាញនូវអំពើល្អ និងបង្ហាញផ្លូវទៅកាន់សេចក្តីសុខ និងមិត្តមិនត្រេកអរចំពោះគ្រោះថ្នាក់របស់យើង ចេះជួយអាសាគ្នា។
លោកឧកញ៉ាបានអះអាងថា៖ “មិត្តភាពជួយឱ្យមានការចេះដឹង ការចេះដឹងជួយឱ្យមិត្តភាពរឹងមាំ”។
៥.ទំនេរគិតរឿងរកស៊ី បង្កើតមុខរបរ ការងារ៖ នៅពេលដែលយើងបណ្តុះផ្នត់គំនិតចង់ចេញរកស៊ី គឺយើងមើលឃើញឧបសគ្គ និងការរាថយរបស់អ្នកចង់រកស៊ី ឬអ្នកកំពុងជួបបរាជ័យ។ ម្យ៉ាងយើងក៏ឈ្វែងយល់បន្ថែមទៀតពីបុគ្គលល្បីៗកើតចេញពីភាពបរាជ័យ ហើយក្រោយមកក៏បាននាំភាពជោគជ័យត្រឡប់កមវិញ។ បើចង់កើត ត្រូវតែប្រឹង បើមិនប្រឹង គឺមិនកើត។
៦.តែងលើកទឹកចិត្តផ្តល់យោបល់ដល់អ្នកផ្សេង៖ មនុស្សក្នុងពិភពលោកតែងតែជួបប្រទះនូវការបាក់ទឹកចិត្តជាច្រើនលើកជាច្រើនសានៅក្នុងជីវិត តែអ្វីដែលសំខាន់នោះគឺថាតើអ្នកអាចងើបចេញពីស្ថានការណ៍នោះបានដែរឬមួយក៏អត់ទេ។ បើអ្នកឃើញមនុស្សស្ថិតក្នុងស្ថានភាពបែបនេះ អ្នកគឺជាគ្រូពេទ្យចិត្តសាស្រ្តដ៏ចំណានម្នាក់ក្នុងការផ្តល់យោបល់លើកទឹកចិត្តអូសទាញផ្តល់ឱ្យពួកគេនូវការទទួលខុសត្រូវថ្មីហើយប្រាប់ពួកគេថា អ្នកជឿជាក់ថាអ្នកអាចធ្វើវាបាន។
៧.រីករាយពេលមនុស្សជុំវិញខ្លួនបានជោគជ័យ៖ ការដែលមានចិត្តរីករាយសាទរចំពោះមនុស្សនៅជុំវិញខ្លួនសម្រេចបំណងធំអ្វីមួយ គឺវាពិតជាជម្រុញលើកទឹកចិត្តខ្លាំងមែនទែនសម្រាប់ជីវិតរបស់យើង ខណៈការអបអរសាទរទាំងនេះក៏ជាកម្លាំងមិត្តភាពរបស់យើងចំពោះមនុស្សជុំវិញខ្លួនផងដែរ៕