លោក Larry Chen កាលពីដើមឆ្នាំ ២០២១ គឺជាមហាសេដ្ឋីដែលមានទំហំទ្រព្យសម្បត្តិរហូតដល់ ១៦ ពាន់លានដុល្លារ តែរស់នៅលើគំនរមាសប្រាក់មិនទាន់បានប៉ុន្មានខែផង ទ្រព្យសម្បត្តិរបស់លោកត្រូវបានបាត់បង់ទៅវិញរហូត ៩៩%ឯណោះ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព!
តើមានរឿងអ្វីបានជាទឹកប្រាក់ដ៏ច្រើនលើសលុប បែរជាមករលាយបាត់ត្រឹមតែមួយប៉ប្រិចភ្នែកបែបនេះ?
រំលឹកដែរថា លោក Chen កាលពីដើមឡើយជាគ្រូបង្រៀនមួយរូប ដែលបានបង្កើតកម្មវិធីបង្រៀនអនឡាញ Gaotu Techedu Inc., ដែលអាចឲ្យសិស្សរៀនពីផ្ទះបាន។ កម្មវិធីនោះថែមទាំងមានមុខងារបង្រៀនភាសាបរទេស ក៏ដូចជាមុខវិជ្ជាផ្សេងៗទៀតសម្រាប់មនុស្សពេញវ័យផងដែរ។
លុះដល់ឆ្នាំ ២០១៩ ក្រុមហ៊ុនដែលមាននិមិត្តសញ្ញា GOTU មានភាគហ៊ុនលើទីផ្សារហ៊ុនមានតម្លៃត្រឹម ១០ដុល្លារ រហូតដល់ចុងឆ្នាំ ២០១៩ ឡើងដល់ ១៥ដុល្លារ និង២០ដុល្លារនៅដើមឆ្នាំ ២០២០ ដែលពេលនោះធ្វើឲ្យលោក Chen វិវត្តពីគ្រូបង្រៀនទៅជាមហាសេដ្ឋី។
រដូវកាល COVID ចូលមកដល់ តម្លៃភាគហ៊ុន GOTU ស្រាប់តែឡើងក្រឺតពី ៤០ ទៅ ៩០ត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ និងបន្តឡើងដល់ ១៤៥ដុល្លារនៅចុងខែមករា ២០២១ ដែលទំហំទ្រព្យសម្បត្តិគ្រូបង្រៀនរូបនេះគឺមាន ១៦ ពាន់លានដុល្លារ។
តែត្រឹមរយៈពេល ៦ខែក្រោយមក ភាគហ៊ុន GOTU ធ្លាក់ពី ១៤៥ មកនៅត្រឹម ២,៨៩ ដុល្លារវិញ។ មូលហេតុធ្វើឲ្យវាធ្លាក់ថ្លៃខ្លាំងបែបនេះគឺ មានក្រុមហ៊ុនគូប្រជែងជាច្រើនបានចោទប្រកាន់ GOTU ថាជាក្រុមហ៊ុនបោកប្រាស់។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលចិនក៏ប្រកាសហាមផ្ដាច់មិនឲ្យមានក្រុមហ៊ុនណាដែលរកស៊ីទាក់ទងនឹងការកម្មវិធីបង្រៀនតាមសាលា ដើម្បីរកចំណូលជាសាធារណៈឡើយ។
សរុបមក បើគិតមកទល់ពេលនេះ លោក Chen ដែលធ្លាប់មានប្រាក់ ១៦ ពាន់លានដុល្លារកាលពីចុងខែមករា គឺនៅសល់ត្រឹម ២៣០ លានដុល្លារប៉ុណ្ណោះ សម្រាប់តម្លៃភាគហ៊ុន ២,៨៩ ដុល្លារ។ បែបនេះ ក៏មានន័យថាត្រឹមរយៈពេល ៦ ខែទ្រព្យសម្បត្តិរបស់លោក Chen គឺបាត់បង់អស់ដល់ទៅ ៩៩% ឯណោះ៕
ប្រភព: celebritynetworth