ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានវប្បធម៌ និងទំនៀបទម្លាប់ខុសប្លែកពីប្រទេសដទៃទៀតជុំវិញពិភពលោក ហើយមិនត្រឹមតែជាប្រទេសដែលមានសុវត្ថិភាពបំផុតទេ ជប៉ុនក៏ជាប្រទេសដែលមានប្រជាជនសុភាពរាបសាបំផុត និងមានប្រសិទ្ធភាពការងារខ្ពស់បំផុតមួយផងដែរ។
យ៉ាងណាមិញ មិនមែនមានន័យថា គ្រប់គ្នាសុទ្ធតែអាចទៅធ្វើការនៅប្រទេសជប៉ុនបានដោយមិនជួបការលំបាកដែរ ហើយតទៅនេះគឺជាកត្តាសំខាន់ ៥ យ៉ាងដែលអ្នកគួរយល់ដឹងមុនសម្រេចចិត្តទៅធ្វើការនៅជប៉ុន៖
1/គុណភាព
ចំណុចមួយដែលជប៉ុនស៊ីដាច់ប្រទេសដទៃគឺ គុណភាពការងារ។ មិនថាអ្នកធ្វើការងារតូចឬការងារធំនោះទេ ចាំបាច់ត្រូវធ្វើឲ្យបានល្អបំផុត មិនត្រូវឲ្យមានកំហុសដោយការធ្វេសប្រហែសនោះទេ។
2/គោរពពេលវេលា
ជនជាតិជប៉ុន គោរពឲ្យតម្លៃលើពេលវេលាណាស់។ ប្រជាជនជប៉ុនចាត់ទុកពេលវេលាស្មើតម្លៃការងារ។ ជនជាតិជប៉ុនមានទម្លាប់មកធ្វើការលឿន ចេញយឺត ហើយក្នុងករណីមានការណាត់ជួបអី សូមព្យាយាមមកឲ្យបានមុនម៉ោងកំណត់។
3/ ការលះបង់ពេលវេលា
មកធ្វើការមុនម៉ោងនៅជប៉ុនជារឿងធម្មតា រីឯការងារថែមម៉ោងដាច់យប់នៅជប៉ុនក៏ជារឿងធម្មតាដូចគ្នា។ អ្នកខ្លះនិយាយថា វាមិនអាស្រ័យលើការងារតិចឬច្រើនពេលថ្ងៃឡើយ តែសំខាន់គឺការដែលអ្នកអាចនៅការិយាល័យបានយូរកម្រិតណា។ នៅជប៉ុន មានទំនៀមទំលាប់មួយគឺ បុគ្គលិកទូទៅមិនអាចទៅផ្ទះ មុនចៅហ្វាយនាយបានឡើយ ព្រោះពួកគេគិតថានៅការិយាល័យកាន់តែយូរ វានឹងបង្ហាញថាអ្នកស្រលាញ់ និងហ៊ានលះបង់ពេលវេលាជួយក្រុមការងារ។
4/ ចេះបត់បែនតាមសង្គមការងារ
ការទៅញាំអាហារ ឬជប់លៀងជាមួយក្រុមការងារក្រោយបញ្ចប់ការងារផ្សេងៗនៅជប៉ុន មិនមែនជាជម្រើសទេ តែវាជាតម្រូវការច្រើនជាង។ ប្រជាជនជប៉ុនគឺប្រឹងប្រែងធ្វើការ តែក៏ចូលចិត្តសប្បាយដូចគ្នា ដូច្នេះរាល់ពេលបញ្ចប់ការងារម្ដងៗ ពួកគេតែងបបួលគ្នាទៅជប់លៀងកាត់ស្ត្រេសពីការងារ។ ប្រសិនបើអ្នកបដិសេធ ការអញ្ជើញទាំងនេះ វាអាចធ្វើឲ្យសម្ព័ន្ធភាពការងាររបស់អ្នកអាចមានភាពប្រេះឆា។
5/ ចេះឆ្លៀតពេលសម្រាក
ធ្វើការងារជាមួយជប៉ុន ប្រសិនបើអ្នកមិនចេះឆ្លៀតទេ នោះអ្នកនឹងគ្មានបានសម្រាកឡើយ ដ្បិតគ្រាន់តែការងារគឺអាចចាយពេលដល់ទៅលើស ១៥ ម៉ោងក្នុងមួយថ្ងៃក៏មាន។ ដូច្នេះហើយ អ្នកចាំបាច់ត្រូវចេះឆ្លៀតពេលសម្រាក ឬអាចដាក់ច្បាប់ឈឺ ២-៣ ថ្ងៃសម្រាកនៅផ្ទះ ករណីអ្នកហត់ខ្លាំងមិនអាចទៅធ្វើការបាន។
បញ្ជាក់ក្រៅពីចំណុចទាំង ៥ ខាងលើ កត្តាភាសាក៏ជារឿងចំបងផងដែរ ដ្បិតប្រជាជនជប៉ុនតិចជាង ១០% ប៉ុណ្ណោះដែលអាចសន្ទនាគ្នាជាភាសាអង់គ្លេសបាន។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ទៅជប៉ុនធ្វើការ អ្នកចាំបាច់សិក្សាពីភាសាជប៉ុនជាមុនសិន៕
ប្រភព: languagetrainers