នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតប៊ែលធី នាព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ៖ កម្ពុជា មានមាស ៣០ តោន ដែលតម្កល់ទុកនៅធនាគារប្រទេស ស្វីស និង អង់គ្លេស ដោយក្នុងនោះគឺមាន ១២តោនទុកនៅ ប្រទេសស្វីស , មាស ១៥ តោនទុកនៅប្រទេសអង់គ្លេស និង មាស ៣ តោនទៀតតម្កល់ទុកនៅធនាគារជាតិកម្ពុជា ។
បើតាមការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាអាចមានលទ្ធផលដោះស្រាយបញ្ហាប្រាក់ខែជូនមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាន បើសិនជាមានករណីបញ្ហាសេដ្ឋកិច្ចកើតឡើង ។ មូលហេតុដែលប្រមុខរាជរដ្ឋាភិបាល ហ៊ានអះអាងបែបនេះ ដោយសារសំអាងទៅលើការប្រមូលពន្ធគយ និង សារពើពន្ធផ្សេងៗ ។
សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុជា មានទុន ៤០ ពាន់លានដុល្លារ សម្រាប់ដោះស្រាយនូវបញ្ហា ប្រឈមនានា ។ បច្ចុប្បន្ននេះកម្ពុជាមិនទាន់ទទួលបានចំណូលពីវិស័យប្រេងផង តែកម្ពុជាអាចរស់បាន ។ ដូច្នេះនៅពេលបានចំណូលពីប្រេងនឹងយកថវិកាផ្តោតសំខាន់ទៅលើការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។
សម្តេចតេជោបានថ្លែងថា រយៈពេល ៩ ខែឆ្នាំនេះ ចំណូលពីគយ សម្រេចបាន ១០៥ ភាគរយគឺទទួល បានចំណូលលើសការគ្រោងទុកប្រមាណ ៨០០ លានដុល្លារ និង ពន្ធដារផ្ទៃក្នុងបានជាង ៩៥ ភាគរយ ។ ក្នុងមួយខែកម្ពុជាទទួលបានចំណូលប្រមាណជា ៥០០ លានដុល្លារ ហើយចាយទៅវិញប្រមាណ ៣០០ លានដុល្លារ ៕