ថ្នាក់ដឹកនាំ មន្រ្តីរាជការ សហគ្រិន វាគ្មិនបណ្តុះបណ្តាលភាពជោគជ័យ និងអ្នកគាំទ្រជាច្រើនបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមឧកញ៉ា ផន វណ្ណិត ដែលត្រូវបានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ សព្វព្រះរាជហឬទ័យតែងតាំងបញ្ញត្តិគោរម្យ៍ងារជា “ឯរាវ័ណធម្មយានិកមហាឧបាសិកពុទ្ធសាសនូបត្ថម្ភន៍” ដើម្បីក្លាយជាពុទ្ធសាសនូបត្ថម្ភន៍ដ៏ឆ្នើមក្នុងព្រះសាសនា និងឱ្យឡើងស័ក្តិជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការចូលរួមកសាងធនធានបញ្ញវន្តខ្មែរជាមួយនឹងការលើកទឹកចិត្តជួយឧបត្ថម្ភគាំទ្រផ្នែកបញ្ញាស្មារតីទៅលើវិស័យពុទ្ធចក្រនៅប្រទេសកម្ពុជា។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ព្រះរាជពិធីប្រគល់ធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងមានការនិមន្តយាង និងអញ្ជើញចូលរួមពីសម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងមន្រ្តីរាជការ ក្រសួងពាក់ព័ន្ធ ក្នុងវត្តបទុមធម្មយុត្តនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ។
ឯកឧត្តមឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា មានប្រសាសន៍ថា៖ “ក្នុងនាមខ្ញុំដែលទើបទទួលងារជាទីប្រឹក្សាសម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាលវិទ្យាល័យព្រះសីហមុនីរាជា នឹងបន្តចូលរួមផ្សព្វផ្សាយទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធដែលជាឃ្លាំងឱសថសម្រាប់ព្យាបាលជំងឺសង្គមទៅដល់យុវជនជំនាន់ក្រោយឲ្យដើរលើផ្លូវល្អ ស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងធម្មការ និងសាសនា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា”។
ឯកឧត្តមឧកញ៉ាបានបញ្ជាក់ថា ខ្ញុំសង្ឃឹមថា តាមរយៈការផ្តល់ងារជាទីប្រឹក្សាគឺពិតជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ដើម្បីធ្វើការ នឹងពិភាក្សាយ៉ាងផុសផុលអំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្របដែលនឹងចូលរួមចំណែក ដល់ការកសាងពិភពលោកទាំងមូល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ ដោយពុំមានការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្សជាតិដូចគ្នា។
សូមជម្រាបជូន ឯកឧត្តមឧកញ៉ា ផន វណ្ណិត គឺជាអ្នកជំនួញវិស័យអចលនទ្រព្យ និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា បានចាប់កំណើតនៅខេត្តព្រៃវែង ដោយជីវភាពគ្រួសារលំបាករស់នៅជាអ្នកចំណាកស្រុកបានឆ្លងកាត់ការលំបាក តស៊ូរៀនសូត្ររហូតបង្កើតមុខជំនួញគ្រោកៗក្នុងដៃ មិនតែប៉ុណ្ណោះលោកអាចដឹកនាំនិងបណ្តុះបណ្តាលមនុស្សរាប់ពាន់នាក់ផងដែរ។
ឯកឧត្តមឧកញ៉ា ផន វណ្ណិត អតីតទីប្រឹក្សាក្រសួងធម្មការ និងសាសនា ហើយក៏ជាអតីតអ្នកបួសក្នុងសាសនាព្រះពុទ្ធប្រមាណជាង ១៣ឆ្នាំ និងការសិក្សាចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសឥណ្ឌា។ ក្រោយមាតុភូមិនិវត្តមកកម្ពុជាវិញលោកបានចូលបង្រៀននៅសាលា Newton Thilay និងសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងបញ្ញាជាតិ និងជាគ្រូបណ្តុះបណ្តាលភាពជោគជ័យដល់សិស្សនិស្សិតរាប់ពាន់នាក់ផងដែរ។
ជីវិតជាសាស្ត្រាចារ្យ បានធ្វើឱ្យអតីតអ្នកបួសរូបនេះ រៀនសូត្រកាន់តែច្រើនឡើង និងស្វែងយល់ពីសង្គមកម្ពុជាកាន់តែច្បាស់ ខណៈដែលលោកតែងយកបទពិសោធន៍ខ្លួនធ្លាប់ជួបប្រទះមកចែករំលែកដល់សិស្ស និស្សិត ព្រមទាំងបង្រៀនដោយយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យសិស្សទាំងអស់គោរពស្រលាញ់លោកយ៉ាងខ្លាំង។ លើសពីនេះ លោកតែងដឹកនាំនិស្សិត ចូលរួមការងារសង្គមជាច្រើន ដែលធ្វើឱ្យដឹកនាំគ្រប់ជាន់ថ្នាក់ទទួលស្គាល់គុណតម្លៃរបស់លោក។
ជាមួយនឹងបទពិសោធន៍ជោគជាំ និងចំណេះដឹងខ្ពង់ខ្ពស់ជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាជាបញ្ញវន្តខ្មែររូបដែលនោះ ជាហេតុបណ្តាលឲ្យឯកឧត្តមឧកញ៉ាទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមប្រឹក្សាការអប់រំលើវិស័យព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងសីលធម៌សង្គមនៅប្រទេសកម្ពុជា៕