ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា រដ្ឋាភិបាលបានចំណាយថវិកាជាតិអស់ជាង ១ ពាន់លានដុល្លាររហូតមកដល់ពេលនេះដើម្បីប្រយុទ្ធជំងឺកូវីដ១៩។ ថវិកាចំណាយនេះគឺទំហំធំធេងណាស់ ប្រសិនជាយកទៅកសាងហេដ្ឋរចនាសម្ព័ន្ធ អាចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមិនតិចជាង ១០ កន្លែងនោះទេ។
សម្តេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា ធ្វើស្ពានមួយកន្លែងអស់ត្រឹមតែ ៥០ លានដុល្លារ ទៅ ៦០ លានដុល្លារប៉ុណ្ណោះ។
ចាប់តាំងពីកូវីដ១៩ បានរាតត្បាតកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់សាច់ប្រាក់សន្សំអស់ជាង១ ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ១៩។
យ៉ាងណាមិញ បើតាមប្រមុខមេដឹកនាំកម្ពុជា រដ្ឋាភិបាលនៅសល់សាច់ប្រាក់ប្រមាណជាង២ពាន់លានដុល្លារទៀត ដោយមិនរាប់ពីទុនបំរុងអន្តរជាតិប្រមាណជា ២០ ពាន់លានដុល្លារនិងមាសប៉ុន្មានសិបតោននោះទេ។ សម្តេចបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា កាលៈទេសៈនេះរដ្ឋាភិបាលត្រូវចាយ ព្រោះគ្មានជម្រើសអ្វីល្អជាងនេះ៕