ត្រៀមបងប្អូន! ម្រុំ ស្លឹកគ្រៃ និងខ្ញីខ្មៅ កែច្នៃជាអាហារបំប៉នសុខភាពកំពុងមានទីផ្សារខ្ពស់នៅក្រៅប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Lexmin Pty Ltd Cambodia របស់ទូស្រ្តាលី កំពុងអភិវឌ្ឍកសិដ្ឋានកសិកម្មសរីរាង្គលើផ្ទៃដី ២២ហត នៅតំបន់អភិវឌ្ឍតេជោសែន ក្នុងស្រុកឈូក ខេត្តកំពត ដើម្បីដាំដំណាំសម្រាប់កែច្នៃជាអាហារបំប៉នសុខភាព ដូចជាម្រុំ ស្លឹកគ្រៃ និងខ្ញីខ្មៅ ដែលផលិតផលទាំងអស់នេះកំពុងមានទីផ្សារខ្ពស់នៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា រាល់បច្ចេកទេសដាំ និងកែច្នៃ ក្រុមហ៊ុនត្រូវវាយតម្លៃ និងទទួលស្គាល់អនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធ រួមមានស្តង់ដារសហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី កាណាដា។ល។

ថ្លែងក្នុងជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia នៅថ្ងៃទី៣ ខែសីហានេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វែង សាខុន បានគាំទ្រចំពោះបំណងរបស់លោក Robert K.Chelliah នៅពេលអនាគតនាំយកកសិករកម្ពុជាដែលមានសមត្ថភាព (កាយសម្បទា និងបទពិសោធន៍កសិកម្ម) ទៅបម្រើការនៅក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលី ដើម្បីពង្រីកសមត្ថភាពរបស់ពួកគេលើបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ បន្ទាប់នាំយកត្រឡប់មកវិញនូវរាល់ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃមកអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។

លោករដ្ឋមន្រ្តី បានលើកសំណើឲ្យក្រុមហ៊ុនពិនិត្យ ពិចារណាចំពោះនិស្សិតកសិកម្មកម្ពុជា ដូចដែលកម្ពុជាបាននិងកំពុងអនុវត្តជាមួយប្រទេសអ៊ីស្រាអែលផងដែរ។

បន្ថែមពីនេះលោករដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រៀបចំសេចក្តីព្រាងអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលធនធានមនុស្សដោយចែកចេញជាពីរដំណាក់កាល ៖ ទី១- ជ្រើសរើសកសិករមកធ្វើការបណ្តុះបណ្តាលជំនាញកសិកម្ម ច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ និងភាសាអង់គ្លេសបឋមជាមួយក្រុមហ៊ុនផ្ទាល់ និងទី២- ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលបញ្ជូនកសិករទៅបម្រើការក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលីតែម្តង។

លោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia បាននិយាយថា ក្រុមហ៊ុននឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការនាំយកកសិករកម្ពុជាទៅស្វែងរកបទពិសោធន៍ល្អៗទាក់ទងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសអូស្រ្តាលីនាពេលអនាគតដ៏ខ្លី។

លោកបន្តថា ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលីបានប្រកាសបង្កើតកម្មវិធីផ្តល់ទិដ្ឋាការកសិកម្មដែលផ្តល់ឱកាសការងារជូនកសិករមកពីបណ្តាប្រទេសសមាជិកអាស៊ាន។ ក្នុងការត្រៀមខ្លួនជួយកសិករកម្ពុជា ក្រុមហ៊ុនបានធ្វើទំនាក់ទំនងជាមួយម្ចាស់កសិដ្ឋានធំៗនៅប្រទេសអូស្រ្តាលីដើម្បីទទួលយកកសិករកម្ពុជា ជាមួយលក្ខខណ្ឌការងារល្អប្រសើរ ធានាបាននូវការការពារផល ប្រយោជន៍ហិរញ្ញវត្ថុ និងសុខុមារភាពរបស់ពលករស្របច្បាប់ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ៕