គ្រប់គ្នាធ្លាប់ឮធ្វើការយូរមិនដែលសល់ ឬនិយាយឲ្យខ្លី រកមួយខែសម្រាប់ចាយមួយខែ។ មានកត្តាជាច្រើន ដែលធ្វើឲ្យអ្នករកលុយបានត្រឹមតែមួយរស់។
ខាងក្រោមជាទម្លាប់ចាយវាយអាក្រក់ ៩ យ៉ាងដែលវាតែងកើតមានជាប្រចាំតែម្ដង៖
1/ មិនចេះសន្សំសំចៃ
ជាការពិតមិនថា អ្នកមានចំណូលច្រើនប៉ុណ្ណា ប្រសិនបើអ្នកមិនចេះសន្សំសំចៃ រិះថាំខ្លះ អ្នកនឹងជួបបញ្ហាហិរញ្ញវត្ថុជាមិនខាន។ ជំនួសឲ្យការញាំអាហារថ្លៃៗខាងក្រៅ រៀងរាល់សប្ដាហ៍ អ្នកអាចកាត់បន្ថយមកត្រឹម ១-២ ដងក្នុងមួយខែ ក៏អាចហៅថាជាការសន្សំដែរ។
2/ ការចាយវាយហួសប្រមាណ
មុនសម្រេចចិត្តទិញផលិតផលអ្វីមួយ អ្នកគួរសួរខ្លួនឯងជាមុនសិន តើវាពិតជាចាំបាច់ដែរទេ? ហើយសម្រាប់ការបង់ប្រាក់ប្រចាំខែក៏ដូចគ្នា តើវាអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក ដូចជាការបង់ Netflix ឬក៏កាតសមាជិកតាមក្លឹបហាត់ប្រាណជាដើម។
3/ ចាយវាយតាមកាតឥណទាន
អាចនិយាយថានៅស្រុកយើង ការចាយវាយតាមកាតឥណទាន (Credit Card) គឺមិនទាន់ពេញនិយមឡើយ តែតាមពិតទៅការចាយតាម Credit Card គឺដូចគ្នានឹងការខ្ចីលុយធនាគារអញ្ចឹង។ ព្រោះជារៀងរាល់ខែ អ្នកនឹងតម្រូវឲ្យបង់ការប្រាក់សម្រាប់ការប្រើប្រាស់កាតឥណទាន ហើយទំនិញខ្លះ មានតម្លៃថ្លៃជាងទូទៅពេលទូទាត់តាម Credit Card ទៀតផង។
4/ ទិញឡានថ្មី
ចំណុចមួយនេះ ស្ដាប់ទៅហាក់ដូចជា គ្មានអ្វីខុសទេ គ្រាន់តែទិញឡានថ្មីមួយគ្រឿងសោះ។ ពិតហើយប្រសិនបើអ្នក អាចរ៉ាប់រងការចំណាយ វាគ្មានបញ្ហាអ្វីឡើយ។ តែប្រសិនបើអ្នកបង់រំលោះឡានថ្មីទើបជាបញ្ហា។ អ្នកអាចនឹងបង់ការប្រាក់ខ្ពស់ជាងតម្លៃដើម ហើយប្រសិនបើមានលុយល្មម ហេតុអ្វីមិនពិចារណាទិញឡានមួយទឹក ឬក៏ឡានសេរីទាប ហើយត្រូវតាមតម្រូវការ ជាជាងទិញឡានថ្មី ខុសតម្រូវការ ហើយត្រូវបង់ការប្រាក់ថែមទៀតនោះ។
5/ ចាយលុយច្រើនពេកទៅលើការទិញផ្ទះ
ត្រង់ចំណុចនេះ អាចមានមនុស្សជាច្រើនយល់ឃើញខុស ព្រោះគ្រប់គ្នាគិតថា ផ្ទះកាន់តែធំ គឺកាន់តែប្រសើរ។ តែប្រសិនបើអ្នកមានសមាជិកគ្រួសារតែ ៤ នាក់ តើចាំបាច់ទេក្នុងការទិញផ្ទះទំហំធំ? ផ្ទះកាន់តែធំ ថ្លៃបង់ពន្ធកាន់តែច្រើន ថ្លៃថែទាំក៏រឹតតែខ្ពស់ នេះនៅមិនទាន់គិតដល់ថ្លៃទឹកភ្លើងផង។
6/ ធ្វើការមួយខែសម្រាប់ចាយវាយមួយខែ
អ្នកជំនាញផ្នែកហិរញ្ញវត្ថុជាច្រើនបានដាស់តឿនថា អ្នកគួរមានប្រាក់សម្រាប់ទុកសាកួរពេលមានបញ្ហាជាបន្ទាន់ យ៉ាងតិចស្មើ ៣ ខែនៃប្រាក់ចំណូលរបស់អ្នក ព្រោះហេតុការណ៍ផ្សេងដូចជា ការបាត់បង់ការងារ ឬក៏បញ្ហាសេដ្ឋកិច្ចអាចកើតមានឡើងក្នុងពេលណាក៏មិនដឹង។
ឧបមាថា បើសុខៗស្រាប់តែក្រុមហ៊ុនដែលអ្នកកំពុងធ្វើការដួលបះជើង គ្មានប្រាក់បើកឲ្យបុគ្គលិក តើអ្នកនឹងគិតបែបណា បើអ្នកគ្មានប្រាក់សាកួរផង?
7/ មិនធ្វើការវិនិយោគ
បើពឹងតែចំណូលតែមួយប្រភព អ្នកអាចប្រឈមមុខនឹងហានិភ័យខ្លាំងណាស់ ដូច្នេះអ្នកគួរយកប្រាក់មួយចំនួនដែលសន្សំទុក ទៅធ្វើការវិនិយោគផ្សេងៗ ដើម្បីអាចរកចំណូលបានពីប្រភពក្រៅខ្លះ។
8/ ដោះបំណុលជាមួយប្រាក់សន្សំ
អ្នកគួរបែងចែកឲ្យដាច់រវាងប្រាក់សន្សំ និងប្រាក់បំណុល ព្រោះប្រាក់សន្សំគឺទុកសម្រាប់រយៈពេលយូរ រីឯប្រាក់បំណុលអ្នកអាចបង់រំលោះវាបានប្រចាំខែ។ ជាទូទៅ អ្នកជាប់បំណុលគឺដោយសារ តែការចាយវាយខ្ជះខ្ជាយ ហើយបើសិនជាដោះបំណុលកាន់តែលឿន ការចាយវាយខ្ជះខ្ជាយនឹងបន្តកើតមានឥតឈប់ឈរ។
ដូច្នេះ ប្រសិនបើអ្នកចង់យកប្រាក់សន្សំ ទៅដោះបំណុល នោះមិនយូរមិនឆាប់ ប្រាក់សន្សំក៏អស់ បំណុលក៏កាន់តែកើន។
9/ គ្មានគម្រោងច្បាស់លាស់
ផែនការហិរញ្ញវត្ថុនាថ្ងៃអនាគតរបស់អ្នក ស៊ីសងនិងទិដ្ឋភាពកើតមានបច្ចុប្បន្ន។ គ្រប់គ្នាអាចចំណាយពេលរាប់ម៉ោងមើល Drama ស្ដាប់គេ Live លក់ផលិតផល តែមិនមានពេល ២ ម៉ោងក្នុងមួយសប្ដាហ៍សម្រាប់រៀបចំការចាយវាយប្រចាំខែ។
បន្ទាប់ពីអានគ្រប់ចំណុចហើយ ប្រិយមិត្តប្រហែលជាអាចយល់ច្បាស់ពីឫសគល់នៃការធ្វើការមិនសល់លុយ ហើយក៏អាចកែប្រែទម្លាប់មួយចំនួនបានផងដែរ៕
ប្រភព: investopedia