លឺឈ្មោះ Osama Bin Laden ប្រិយមិត្តប្រាកដជាចាំមិនខានអំពីព្រឹត្តិការណ៍បំផ្ទុះអគារពាណិជ្ជកម្ម នៅឯសហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៩ កញ្ញា ឆ្នាំ ២០០១ ដែលកាលនោះធ្វើឲ្យមានមនុស្សជាច្រើននាក់បានស្លាប់ និងទទួលរងការខូចខាតយ៉ាងដំណំ។
រំលឹកពីប្រវត្តិមេភេរវកម្មខាងលើបន្តិច លោកកើតនៅក្នុងត្រកូលអភិជន ដែលមានបងប្អូនដល់ទៅ ៥២ នាក់ ហើយបន្ទាប់ពីឪពុកបានចែកឋាននៅឆ្នាំ ១៩៦៧ កូនៗរបស់លោកទាំងអស់ទទួលបានពី ២០-៣០ លានដុល្លារក្នុងម្នាក់ ឬប្រមាណ ១៦០ លានដុល្លារនាពេលបច្ចុប្បន្ន។ ដូច្នេះបើគិតពីទ្រព្យសម្បត្តិរួមនៃត្រកូល Bin Laden គឺមានប្រមាណ ១០ ពាន់លានដុល្លារ។
ក្នុងចំណោមបងប្អូនទាំង ៥២ នាក់ លោក Ibrahim Bin Laden គឺជាកូនទី ១៥ ខណៈ Osama ជាកូនទី ១៧។ លោក Ibrahim បានបន្តការសិក្សានៅសហរដ្ឋអាមេរិកនៅដើមទសវត្ស ១៩៨០ ក្នុងវ័យខ្ទង់ ២០ ឆ្នាំ នៅឯសាកលវិទ្យាល័យ University of Southern California។
នៅឆ្នាំ ១៩៨៣ បុរសមានរហស្សនាម Play Boy បានទិញភូមិគ្រឹះមួយនៅតំបន់ Bel Air តម្លៃ ១,៦៥ លានដុល្លារ ឬ ៤,៥ លានដុល្លារគិតហាងឆេងបច្ចុប្បន្ន។ រយៈពេល ២ ទសវត្សដែល Ibrahim ចំណាយពេលវេលាដ៏មានន័យជាមួយគ្រួសារនៅភូមិគ្រឹះទំហំ ៦៥០ ម៉ែត្រការ៉េ ដោយមានកងសន្តិសុខចាំការពារ ២៤ ម៉ោង អ្នកបម្រើឆ្វេងស្ដាំ ឡានទំនើបរាប់សិបគ្រឿង។
តែអ្វីៗបានប្រែជាអសារបង់បន្ទាប់ពីព្រឹត្តិការណ៍ 9/11 បានកើតមាន ដោយនៅថ្ងៃនោះ Ibrahim បានធ្វើដំណើរទៅក្រៅប្រទេស ហើយចាប់តាំងពីថ្ងៃនោះមក លោកក៏ឈប់ឈានជើងជាន់ដីសហរដ្ឋអាមេរិកតទៀត។
ដោយឡែកភូមិគ្រឹះនោះ គឺត្រូវបានទុកចោលអស់រយៈកាល ២០ ឆ្នាំមកហើយ ទើបតែកាលពីសប្ដាហ៍មុននេះ វាត្រូវបានប្រកាសដាក់លក់នៅលើទីផ្សារជាមួយតម្លៃ ២៨ លានដុល្លារ ដោយមានក្រុមហ៊ុនអចលនទ្រព្យ Coldwell Banker ជាអ្នកផ្សព្វផ្សាយ។
តោះ! ចង់ដឹងភូមិគ្រឹះមួយនោះមានរូបរាងបែបណា សូមទៅមើលរូបភាពនៅខាងក្រោមដូចតទៅ៖
យ៉ាងណាមិញ រូបភាពនៃរចនាបថផ្នែកខាងក្នុងគឺមិនត្រូវបានទម្លាយឲ្យឃើញឡើយ៕
ប្រភព: celebritynetworth