ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ខណៈក្រុមហ៊ុនក៏ទទួលបាននូវភាពជោគជ័យដ៏សំបើមនៃចំណែកទីផ្សារដ៏ធំក្នុងឧស្សាហកម្មផលិតភេសជ្ជៈ។
ភេសជ្ជៈ Coca-Cola ប្រភេទដបត្រូវបាននាំចូលមកលក់ក្នុងប្រទេសកម្ពុជាជាលើកដំបូងនៅដើមទសវត្សរ៍ឆ្នាំ១៩៦០ មកម៉្លេះ ប៉ុន្តែក្រុមហ៊ុនភេសជ្ជៈកម្ពុជាទើបតែចាប់ផ្តើមផលិតភេសជ្ជៈរបស់ខ្លួនក្នុងឆ្នាំ១៩៩៣ ដែលមានរោងចក្រស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តាមរយៈភាពជោគជ័យក្នុងទីផ្សារដោយទទួលបានការគាំទ្រច្រើនពីអតិថិជនឥតឈប់ឈរ នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនបានបោះទុនវិនិយោគលើការសាងសង់រោងចក្រផលិតភេសជ្ជៈថ្មីដែលមានតម្លៃ ១០០លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជារោងចក្រផលិតដ៏ទំនើបបំផុត និងរចនាតាមបែបមេត្រីភាពបរិស្ថានក្នុងប្រទេសកម្ពុជា
នាពេលកន្លងទៅ ក្រុមហ៊ុនក៏បានប្រកាសពីភាពជោគជ័យធំបំផុត ដែលមានការប្ដេជ្ញាចិត្តរយៈពេលវែងច្បាស់លាស់នៅក្នុងការចូលរួមសម្រេចឱ្យបាននូវភាពជោគជ័យ និងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាផងដែរ។
លោក David Wigglesworth អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជាបានឲ្យដឹងថា៖ “យើងខ្ញុំមានចក្ខុវិស័យក្នុងការបង្កើតម៉ាកយីហោ និងផ្តល់ជម្រើសភេសជ្ជៈជាច្រើនប្រភេទដែលប្រជាជនកម្ពុជាចូលចិត្ត ព្រមទាំងផ្តល់នូវភាពស្រស់ស្រាយទាំងផ្នែករាងកាយ និងស្មារតីជូនដល់ពួកគាត់ផងដែរ”។
លោកបន្តថា យើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការកសាងអាជីវកម្មមួយប្រកបដោយនិរន្តរភាព ដើម្បីកសាងអនាគតរួមគ្នាដ៏ល្អ និងកាន់តែល្អប្រសើរ សម្រាប់ការរស់នៅរបស់ប្រជាជន សហគមន៍ និងពិភពលោកទាំងមូល។
ឧកញ៉ាញូស៍ សូមបង្ហាញគោលការណ៍គន្លឹះ ៤ចំណុចជាយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន Coca-Cola ដែលបានឈរជើងជាង៦ទស្សវត្សរ៍នៅស្រុកខ្មែរ៖
១.បុគ្គលិកមានភាពចម្រុះ
យើងជឿជាក់លើការផ្តល់ភាពអង់អាចដល់បុគ្គលិករបស់យើង ការបង្កើតឱកាសស្មើគ្នា និងកសាងបរិយាបន្ន។ ពិពិធភាព (ភាពចម្រុះផ្សេងគ្នា) និងបរិយាបន្ន គឺជាចំណុចស្នូលនៃគុណតម្លៃ និងយុទ្ធសាស្រ្តកំណើនរបស់ក្រុមហ៊ុន កូកា-កូឡា ព្រមទាំងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការធានាភាពជោគជ័យរបស់ក្រុមហ៊ុន។
សម្រាប់ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) ការរៀបចំបុគ្គលិកប្រកបដោយពិពិធភាព និងកន្លែងធ្វើការដែលមានវប្បធម៌បរិយាបន្ន គឺជាចំណុចអាទិភាពនៅក្នុងអាជីវកម្មបែបយុទ្ធសាស្រ្ត ដែលជំរុញឱ្យមានភាពច្នៃប្រឌិត នវានុវត្តន៍ និងការភ្ជាប់ទំនាក់ទំនងកាន់តែល្អប្រសើរជាមួយសហគមន៍ដែលយើងធ្វើប្រតិបត្តិការ។
២.ការផ្ដល់ភាពអង់អាចដល់ស្រ្តី
ភាពចម្រុះនៃក្រុមការងាររបស់កូកា-កូឡា គឺអនុវត្តយ៉ាងសកម្មនៅក្នុងការលើកកម្ពស់បុគ្គលិកស្រ្តីឱ្យឡើងកាន់តួនាទីជាន់ខ្ពស់ នៅក្នុងមុខដំណែងគណៈគ្រប់គ្រង ឬនៅក្នុងតួនាទីផ្សេងៗ ដូចជាអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តលើកទំនិញ ដែលជាទូទៅត្រូវបានកត់សម្គាល់ឃើញថាជាប្រភេទការងារសម្រាប់បុរស។
បើតាមរបាយការណ៍ក្រុមហ៊ុន កូកា-កូឡា បានបញ្ជាក់ថា បច្ចុប្បន្ន បុគ្គលិកស្រ្តីរបស់យើងមានចំនួន 30% ហើយយើងកំពុងតែខិតខំប្រឹងប្រែងបន្តទៀតដើម្បីបង្កើនចំនួននេះឱ្យដល់ 50% នៅក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ យើងកំពុងអនុវត្តកម្មវិធីពិសេសៗ ដើម្បីបង្កើតស្មារតីសហគមន៍ និងគាំទ្រស្រ្តីនៅក្នុងចំណោមបុគ្គលិករបស់យើង។
៣.វប្បធម៌ក្រុមហ៊ុន
សម្រាប់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ការរៀបចំបុគ្គលិកប្រកបដោយពិពិធភាព និងកន្លែងធ្វើការដែលមានវប្បធម៌បរិយាបន្ន គឺជាយុទ្ធសាស្រ្តអាទិភាពនៅក្នុងអាជីវកម្ម ដែលជំរុញឱ្យមានភាពច្នៃប្រឌិត នវានុវត្តន៍ និងការភ្ជាប់ទំនាក់ទំនងកាន់តែល្អប្រសើរជាមួយសហគមន៍។
ក្រុមហ៊ុនមិនមែនត្រឹមតែមានបំណងក្នុងការឆ្លុះបញ្ចាំងអំពីភាពចម្រុះនៃសហគមន៍កំពុងប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលដៅក្នុងការដឹកនាំ និងគាំទ្រឱ្យមានអនាគតរួមកាន់តែល្អប្រសើរផងដែរ។
កូកា-កូឡា បានបន្ថែមថា យើងតែងតែលើកទឹកចិត្តឱ្យបុគ្គលិករបស់យើងសួរសំណួរផ្សេងៗដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ អតិថិជន ដៃគូរបស់យើង ព្រមទាំងអំពីមជ្ឈដ្ឋាននៅជុំវិញខ្លួនយើងផងដែរ។ យើងស្រាវជ្រាវ ស្វែងយល់ ភ្ជាប់ទំនាក់ទំនង ប្រើគំនិត និងរិះរកវិធីសាស្រ្តដែលនាំមកនូវភាពល្អប្រសើរជាងមុន។
៤.អនាគតរួមគ្នា
ថ្នាក់ដឹកនាំនិងក្រុមហ៊ុនតែងតែប្រកាន់ជឿជាក់លើការទទួលយកតួនាទីដឹកនាំក្នុងគម្រោងពិភពលោកគ្មានសំរាម តាមរយៈការធ្វើឱ្យសំបកវេចខ្ចប់ក្លាយជាសេដ្ឋកិច្ចវិលជុំ។ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នក្រុមហ៊ុនផលិតដបទឹកបរិសុទ្ធ Dasani ចេញពីសំណល់ប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន ហើយនឹងកំពុងសហការជាមួយរដ្ឋាភិបាល និងដៃគូវិស័យឯកជន ដើម្បីលើកកម្ពស់ការកែច្នៃឡើងវិញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កើតជាមជ្ឈមណ្ឌលកែច្នៃឡើងវិញនៅតាមសាលារៀននៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយអប់រំ និងជំរុញប្រជាពលរដ្ឋជំនាន់ក្រោយឱ្យចូលរួមនៅក្នុងការលើកកម្ពស់អនាគតរួមគ្នាកាន់តែល្អប្រសើរ។
កូកា-កូឡា បញ្ជាក់ថា ផ្ទាំងសូឡានៅលើដំបូលរោងចក្ររបស់យើងនៅរាជធានីភ្នំពេញអាចផ្តល់ថាមពល 30% នៃតម្រូវការថាមពលរបស់យើង ចំណែកប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់របស់យើងត្រូវបានរៀបចំឡើងដើម្បីធានាថា ដំណើរការផលិតរបស់យើងនឹងមិនបញ្ចេញទឹកកខ្វក់ចូលទៅក្នុងបរិស្ថានវិញឡើយ៕