រដ្ឋបាលខេត្តនិងអ្នកជំនាញដីធ្លីសង្ឃឹមថា ក្រោយបើកដំណើរការក្រុងបូកគោនឹងមានគម្រោងវិនិយោគចូលមកបោះទុននៅជុំវិញទីក្រុងថ្មីនេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅដើមខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោថ្មីសន្លាងមួយនៃខេត្តកំពត ដែលកាត់ចេញពីឃុំចំនួន ០៣ ពីស្រុកទឹកឈូក គឺ​ឃុំ​បឹងទូក ឃុំ​កោះតូច និង​ឃុំ​ព្រែកត្នោត ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះដែរ លោកស្រី ងិន ផលរ័ត្ន ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យតែងតាំងជាអភិបាលនៃគណៈអភិបាលក្រុងបូកគោ កាលពីខែកក្កដាកន្លងទៅ។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជាវ តាយ អភិបាលខេត្ត ថ្លែង​ក្នុង​កិច្ចប្រជុំ​ណែនាំ​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ត្រៀមលក្ខណៈ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រដ្ឋ​បាល​ក្រុង​បូកគោ​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ទី​ ០៦ ​សីហា​ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​ ១២ សីហា ខាងមុខនេះ​ នឹង​ឈាន​ដល់​ការរៀបចំ​ពិធី​ប្រកាស ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ​ជា​ផ្លូវការ ដើម្បី​បម្រើ​សេវា​រដ្ឋបាល សេវា​សាធារណៈ និង ​កិច្ច​អភិវឌ្ឍន៍​មូលដ្ឋាន​ ជូន​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។

លោកអភិបាល ​បញ្ជាក់​ថា ដោយ​ផ្អែកលើ​សភាព​ជាក់ស្ដែង ដែល​រដ្ឋបាល​ក្រុង​បូកគោ​ ជា​ក្រុង​មួយ​ទើបបាន​បង្កើត​ថ្មី ក្រោម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ សម្ដេច​តេ​ជោ ហ៊ុន សែន សំដៅ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សង្គម ​និង​ ការ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង ​ក្រោម​ការណែនាំ​យ៉ាង​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ នៃ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តែងតែ​ផ្ដល់​អនុសាសន៍​ជូន​ដល់​រដ្ឋបាល​ខេត្ត​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​បញ្ហា​ប្រឈម​ក្នុង​ចំណុច​ចាប់ផ្ដើម​ ដើម្បី​ជំរុញ​ដំណើរការ​ដល់​រដ្ឋបាល​ក្រុង​បូកគោ ដែល​ពុំ​ទាន់​មាន​អគារ​រដ្ឋបាល​នៅឡើយ ដោយ​ធ្វើ​យ៉ាង​ណាឲ្យ​រដ្ឋបាល​ក្រុង​បូកគោ ​ប្រព្រឹត្ត​ទៅ​ក្នុង​ជំហាន​ដំបូង​នេះ​ បាន​បម្រើ​ទាំង​ប្រយោជន៍​សេវា​រដ្ឋបាល​ សេវា​សាធារណៈ​ផ្សេងៗ ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​។

ទាក់ទងនឹងការបង្កើតក្រុងថ្មីនេះ នាយករដ្ឋបាលខេត្តកំពត លោក វិត វឌ្ឍនា មានប្រសាសន៍ថា៖ ការបង្កើតទីក្រុងបូកគោនៅក្នុងខេត្តកំពតនឹងជួយឱ្យការអភិវឌ្ឍនៅទីនោះមានភាពល្អប្រសើរខ្លាំងជាងតំបន់ផ្សេងៗទៀត ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក និងភ្លើ្លងជាដើម។ លើសពីនេះ តម្លៃដីនៅទីនោះក៏នឹងមានសន្ទុះខ្លាំងផងដែរ ដោយសារតែគេសង្ឃឹមថានឹងមានគម្រោងវិនិយោគមួយចំនួនចូលមកបោះទុននៅក្នុង និងនៅបរិវេណជុំវិញទីក្រុងបូកគោនេះ។

ឯកឧត្តមឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍នៅកម្ពុជា បានថ្លែងថា៖ ជារឿងល្អបំផុតដែលរាជរដ្ឋាភិបាល បានបង្កើតក្រុងបូកគោថ្មី នៅក្នុងខេត្តកំពតដែលនឹងជួយលើកមុខមាត់ខេត្តមួយនេះ។ មិនតែប៉ុណ្ណោះ នឹងធ្វើឲ្យមានការរីកចម្រើនលើវិស័យសង្គមកិច្ច និងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់បូកគោ។

ឯកឧត្តមបានបញ្ជាក់ថា នៅពេលដែលបង្កើតក្រុងថ្មី សេដ្ឋកិច្ចនៅតំបន់នោះកាន់តែរីកចម្រើន ហើយការអភិវឌ្ឍន៍ផ្សេងៗ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងការរក្សាសន្តិសុខនៅតំបន់បូកគោរឹតតែមានភាពល្អប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះដែរ លោក​អភិបាល​ខេត្ត ជាវ តាយ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ពិសេស​មន្ត្រី​រដ្ឋបាល​ក្រុង​បូកគោ​ ដែល​ទើប​បង្កើត​ថ្មី​នេះ ត្រូវតែ​យកចិត្តទុកដាក់​សហការ​គ្នា​ប្រើ​ធនធាន​ដែល​មាន​ស្រាប់​ឲ្យ​អស់​លទ្ធភាព ជម្នះ​នូវ​បញ្ហា​ប្រឈម​ខ្វះខាត​ចំពោះ​មុខ​ នៃ​ចំណុច​ចាប់ផ្ដើម​រដ្ឋបាល​ក្រុង​ដំបូង​នេះ​ឲ្យ​បាន​ល្អ និង ​ត្រូវ​ឈាន​ដល់​ជំហាន​បន្តបន្ទាប់​ទៀត ​រដ្ឋបាល​ក្រុង នឹង​កសាង ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​រដ្ឋបាល​របស់​ខ្លួន​ ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ដើម្បី​បម្រើ​ប្រយោជន៍​សេវា​រដ្ឋបាល និង​សេវា​សាធារណៈ ព្រមទាំង​កិច្ច​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា​ រដ្ឋបាល​ខេត្ត​បាន​យក​សណ្ឋាគារ​មួយ​កន្លែង ដែល​ផ្ដល់​ដោយ​ឯកជន ជាប់​ផ្លូវជាតិ​លេខ​ ៣ ទល់​ចំណុចប្រសព្វ​ផ្លូវ​ឡើង​ឧទ្យាន​ព្រះមុនីវង្ស​បូកគោ​ ស្ថិត​ក្នុង​សង្កាត់​បឹង​ទូក ធ្វើជា​ទីតាំង​អគារ​រដ្ឋបាល​ក្រុង​បូកគោ ​សម្រាប់​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​៕