Foodpanda គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនចំណីអាហាររហ័សទាន់ចិត្តបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ Foodpanda មិនមែនទើបនឹងមាននៅកម្ពុជាយើងឡើយ ពោលគឺវាមានពាសពេញបណ្ដាប្រទេសនៅទ្វីបអាស៊ីតែម្ដង និងមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុននេះគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Delivery Hero ដែលមានការិយាល័យកណ្ដាលនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
កាលពីឆ្នាំ ២០១២ Lukas Nagel និង Rico Wyder បានចាប់ផ្ដើមបង្កើត Foodpanda នៅក្នុងប្រទេសសិង្ហបុរី និងក្រោយមកពង្រីកសាខាដល់ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសថៃ។ មួយឆ្នាំបន្ទាប់ Foodpanda មានវត្តមាននៅប្រទេសរ៉ូម៉ានី និងនៅបង់ក្លាដេស ដែលមានបុគ្គលិករហូតដល់ ២ ម៉ឺននាក់ និងបច្ចុប្បន្នជាក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារធំបំផុតប្រចាំប្រទេសបង់ក្លាដេស។
នៅឆ្នាំ ២០១៤ Foodpanda មាននៅហុងគ្រី ហើយក៏បានពង្រីកសាខាដល់ប្រទេសប៉ាគីស្ថាន និងក្រោយមកដល់ប្រទេសហ្វីលីពីន។
៥ឆ្នាំបន្ទាប់ គឺ ២០១៩ ដល់ ២០២០ Foodpanda ចាប់ផ្ដើមវាយលុកទីផ្សារអាស៊ីអាគ្នេយ៍សាជាថ្មីដោយពង្រីកសាខាចូលដល់ប្រទេសកម្ពុជា ភូមា និងឡាវ។ លុះដល់ខែកញ្ញា ២០២០ ក្រុមហ៊ុននេះពង្រីកវិសាលភាពដល់ប្រទេសជប៉ុនថែមទៀត និងគ្រប់គ្រងទីក្រុង ៦ ធំៗដូចជា Kobe, Yokohama, Nagoya, Sapporo, Fukuoka and Hiroshima និងក្រោយមកថែមបាន ២ ទីក្រុងទៀតគឺ Osaka និង Kyoto។
វាយលុកទីផ្សារជប៉ុនទើបបាន ៣ ខែ នៅចុងឆ្នាំ ២០២០ Delivery Hero ប្រកាសទិញភាគហ៊ុនក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារធំបំផុតនៅកូរ៉េខាងត្បូង Woowa Brothers Corp., ក្នុងតម្លៃ ៤ ពាន់លានដុល្លារថែមទៀត។
ក្រៅពីនោះ Foodpanda ក៏ធ្លាប់មានទីតាំងនៅឥណ្ឌា និងរុស្ស៊ីផងដែរ តែដោយសារមិនអាចសម្របខ្លួនបាន ក៏ប្រកាសលក់ក្រុមហ៊ុននៅទីនោះ។ បច្ចុប្បន្ន Foodpanda គឺជាក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារធំបំផុតនៅអាស៊ី ដោយមាន ១២ សាខាទូទាំងទ្វីបអាស៊ី និង ៣ សាខានៅតំបន់អឺរ៉ុប៕
ប្រភព: Wikipedia