បើនិយាយដល់សហរដ្ឋអាមេរិក នោះគេសំដៅលើប្រព័ន្ធសេដ្ឋកិច្ចដ៏រីកចម្រើនឈានមុខគេ។ ប្រទេសស្ថិតនៅទ្វីបអាមេរិកខាងជើងនេះ សំបូរមហាសេដ្ឋី ខណៈអត្រាប្រាក់ចំណូលពលរដ្ឋម្នាក់ៗខ្ពស់កប់ពពក។
ឧកញ៉ាញ៉ូវស៍សូមលើកយកនូវទីក្រុងចំនួន ៧ ក្នុងចំណោមរដ្ឋទាំង ៥០ នៃសហរដ្ឋអាមេរិក ដែលមានអត្រាចំណូលខ្ពស់បំផុតប្រចាំប្រទេសដូចតទៅ៖
7/ទីក្រុង Highland Park រដ្ឋ Texas
បើនិយាយពីទីក្រុងដែលមានចំណូលខ្ពស់បំផុត មិនអាចមើលរំលងទីក្រុង Highland Park នៅរដ្ឋ Texas បានឡើយ ដោយវាជាប់លេខរៀងទី ៧ នៅក្នុងបញ្ជី Bloomberg ជាទីក្រុងមានចំណូលច្រើនបំផុតនៅអាមេរិក។
តំបន់នេះមានប្រជាជនរស់នៅត្រឹមប្រមាណជាង ៩ ០០០ នាក់ប៉ុណ្ណោះ ជាមួយនឹងអត្រាចំណូលប្រចាំឆ្នាំ ជាមធ្យមក្នុងមួយគ្រួសាររកបាន ៣៦៥ ០២៥ ដុល្លារ។
6/ ទីក្រុង Short Hills រដ្ឋ New Jersey
នៅតំបន់នេះវិញ គឺមានចំនួនប្រជាជនរស់នៅប្រមាណ ១៣ ០០០ នាក់ ខណៈតម្លៃផ្ទះជាមធ្យមថ្លៃរហូតដល់ ១,៥ លានដុល្លារឯណោះ។ ដូច្នេះហើយ វាមិនមែនជារឿងចម្លែកឡើយដែល Short Hills ជាទីក្រុងមានអត្រាចំណូលខ្ពស់បំផុតមួយប្រចាំសហរដ្ឋអាមេរិកនោះ ដោយកាលពីឆ្នាំ ២០១៩ និង ២០២០ ប្រជាជននៅទីនោះ អាចរកបានជាមធ្យមប្រមាណ ៣៨៨ ៧៦០ ដុល្លារ/ឆ្នាំ។
5/ទីក្រុង Los Altos Hills រដ្ឋ California
ចំនួនប្រជាជននៅទីក្រុងនេះគឺជាង ៨ ០០០ នាក់ប៉ុណ្ណោះ តែតម្លៃផ្ទះវិញជាមធ្យមគឺ ២ លានដុល្លារ កាលពីឆ្នាំ ២០១៨។ ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ពួកគេគឺប្រមាណ ៤០៥ ០៧៣ ដុល្លារ។
4/ទីក្រុង Cherry Hills Village រដ្ឋ Colorado
ចូលដល់ Top 4 នៃបញ្ជី រដ្ឋ Colorado គឺជាកន្លែងសម្រាប់ក្រុមហ៊ុន Start-up និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បោះទីតាំងនៅទីនោះ។ បច្ចុប្បន្នចំណូលជាមធ្យមរបស់ប្រជាជននៅទីក្រុង Cherry Hills Village គឺទទួលបានប្រមាណ ៤០៦ ៣១៤ ដុល្លារ/ឆ្នាំ។
3/ទីក្រុង Hillsborough រដ្ឋ California
ជាទីក្រុងដែលមានប្រជាជនរស់នៅប្រមាណជាង ១១ ០០០ នាក់ប៉ុណ្ណោះ តែចំណូលជាមធ្យមប្រចាំឆ្នាំរបស់ពួកគេគឺមានដល់ទៅ ៤៣០ ៦៨១ ដុល្លារឯណោះ។
ចំងាយត្រឹម ៣២ គីឡូម៉ែត្រពីភាគឥសាននៃទីក្រុងអ្នកមាន Manhattan គឺជាទីក្រុងមានចំណូលខ្ពស់បំផុតទី ២ នៅសហរដ្ឋអាមេរិក Scarsdale បើផ្អែកតាមការចុះផ្សាយរបស់ Bloomberg កាលពីឆ្នាំ ២០១៩ និង ២០២០។
2/ទីក្រុង Scarsdale រដ្ឋ New York
ជាមួយនឹងចំនួនប្រជាជនប្រមាណ ១៧ ០០០ នាក់នៅទីនោះ ពួកគេអាចរកចំណូលបានរហូតដល់ទៅ ៤៥២ ០៤១ ដុល្លារជាមធ្យមក្នុងមួយឆ្នាំ។
1/ ទីក្រុង Atherton រដ្ឋ California
បិទបញ្ជីនេះ គឺជាទីក្រុង Atherton នៃរដ្ឋ California ដែលកាលពីឆ្នាំ ២០១៩ និង ២០២០ ត្រូវបាន Bloomberg ប្រកាសជាទីក្រុងមានអត្រាចំណូលច្រើនបំផុតប្រចាំសហរដ្ឋអាមេរិក ដោយក្នុងមួយឆ្នាំ ជាមធ្យមប្រជាជននៅទីនោះអាចរកបាន ៥២៥ ៣២៤ ដុល្លារ៕