សេដ្ឋី​មាន​ដាច់គេលើលោក របូត​តំណែង​បាត់​ហើយ ឥលូវ​ធ្លាក់លើ​សេដ្ឋី​បារាំង​វិញ​ម្តង

អន្តរជាតិ

ស្ថាបនិក​ក្រុមហ៊ុន Amazon លោក ​Jeff Bezos បាន​របូត​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​ក្នុង​ពិភពលោក​កាលពី​ពេល​ថ្មីៗនេះ ដោយសារ​ភាគហ៊ុន​​ Brand ​សម្លៀកបំពាក់​ល្បី​ឈ្មោះ Louis Vuitton មាន​សន្ទុះ​បុក​ឡើង​ថ្លៃ​ខ្លាំង និង​បាន​ធ្វើ​ឲ្យ​លោក Bernard Arnault ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​កើន​ទំហំ​ទ្រព្យ​សម្បត្តិ​មួយរំពេច។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Arnault ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយក​ប្រតិបត្តិ​ Louis Vuitton តាំងពី​ចុង​ទសវត្ស ១៩៨០ មាន​ចំណែក​ភាគហ៊ុន ៤៤%​នៃ​ក្រុមហ៊ុន​យក្ស​មួយ​នេះ ដែល​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន វា​មាន​តម្លៃ​ប្រមាណ ១៩៦ ពាន់​លាន​ដុល្លារ ដែល​ច្រើន​ជាង​ទំហំ​ទ្រព្យសម្បត្តិ​របស់ Bezos ដែល​មាន ១៨៦ ពាន់​លាន​ដុល្លារ​ បើ​យោង​តាម​ប្រភព Forbes។

ក្រុមហ៊ុន​ដែល​គ្រួសារ Arnault កំពុង​គ្រប់គ្រង​គឺ​រាប់​បញ្ចូល​ទាំង​​ Brand ​ល្បីៗ​ដូចជា Louis Vuitton, Christian Dior, Bulgari, Tag Heuer, Sephora និង Hennessy ជាដើម ដែល​តំលៃ​ភាគហ៊ុន​របស់​វា​បាន​កើនឡើង​ច្រើន​ជាង ៣០% ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។

Louis Vuitton បាន​ចាប់ផ្ដើម​រើ​បម្រាស់​ខ្លួន​បាន​ម្ដង​បន្តិចៗ​ បន្ទាប់​ពី​ការ​រីក​រាតត្បាត​ជំងឺ​ COVID-19 ហើយ​ ចាប់​ផ្ដើម​មាន​សន្ទុះ​នៃ​ការ​លក់​ និង​ប្រាក់​ចំណេញ​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ ២០២១។ ចូល​ក្បាល​ឆមាស​ទី២ ភ្លាម ក្រុមហ៊ុន​រាយការណ៍​ថា ​ចំណូល​របស់​ពួកគេ​មាន ១៧,៤ ពាន់​លាន​ដុល្លារ ដែល​ច្រើនជាង​មុន​មាន​ជំងឺ COVID ដល់ទៅ​ ១៤%។

រំលឹក​ដែរ​ថា កាលពី​សប្ដាហ៍​មុន គ្រាន់តែ​ការ​លក់​របស់ Amazon ថយ​ចុះ​ត្រឹម ៧% មហាសេដ្ឋី​ Jeff Bezos ខាតបង់​អស់​ប្រមាណ ១៤ ពាន់​លាន​ដុល្លារ​ត្រឹម​រយៈពេល​មួយ​ថ្ងៃ ស្របពេល​ Elon Musk កំពុង​ខិត​មក​កាន់តែ​កៀកៗ​ដែរ​ហើយ ដោយ​បច្ចុប្បន្ន​ CEO ក្រុមហ៊ុន​ Tesla ជា​បុគ្គល​ទី ៣​ មាន​បំផុត​ក្នុង​លោក​ ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ១៦០ ពាន់​លាន​ដុល្លារ៕

ប្រភព: businessinsider