វិបត្តិទីផ្សារមៀនប៉ៃលិន របស់កសិករខ្មែររាប់ម៉ឺនតោនមិនអាចនាំចេញទៅកាន់ដៃគូនៅក្នុងប្រទេសថៃបាន ដោយខាងភាគីថៃបិទច្រកទ្វារព្រុំដែននៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើតាមការប៉ាន់ស្មានផ្លែមៀនប៉ៃលិនឆ្នាំនេះប្រមាណ៥ម៉ឺនតោនអាចនឹងត្រូវចាក់ចោល ព្រោះគិតមកទល់ថ្ងៃនេះទៅហើយមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេសម្រាប់ប្រជាកសិករដាំដុះដំណាំផ្លែមៀនតាមបណ្តាលខេត្តជាប់ព្រុំដែនប្រទេសថៃ។
កសិករដាំតាង៉ែន ឬមៀនប៉ៃលិនម្នាក់បានទម្លាយឲ្យដឹងថា ច្រកមិនបិទទេគឺថៃបិទតែមៀនប៉ៃលិនខ្មែរមិនឲ្យចូលតែប៉ុណ្ណោះ តែដំណាំផ្សេងៗអាចចេញចូលបាន។ មូលហេតុគឺផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសនិងប្រទេស ដោយសារឆ្នាំនេះមៀនប៉ៃលិនខ្មែរអំណោយផល ផ្ដល់ផលច្រើន។
បញ្ហារថយន្តជាច្រើនគ្រឿងទៅបិទនៅច្រកទ្វារអន្តរជាតិដូង ដើម្បីសុំឲ្យអាជ្ញាធរជួយដោះស្រាយ ក្រោយអាជ្ញាធរថៃបិទមិនឲ្យនាំតាង៉ែនទៅលក់ឲ្យឈ្មួញថៃ មន្ត្រីដែលចុះទៅជួយដោះស្រាយការកកស្ទះតាង៉ែន កសិករដដែលបញ្ជាក់ថា គ្មានសង្ឃឹមនោះទេ មន្រ្តីបានត្រឹមតែសន្យា តែភាគរយដោះស្រាយចេញស្ទើរតែគ្មាន។
ទាក់ទងករណីផងដែរ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ប្រកាសឲ្យកសិករខ្មែរបង្វែរផ្លែតាង៉ែនដែលចាល់មកច្រកព្រំដែនវៀតណាមវិញ ការប្រកាសនេះត្រូវកសិករកំពុងជួបបញ្ហាទីផ្សារ បានចោទជាចម្ងល់ថា “ដឹកទៅច្រកវៀតណាមតើឲ្យថៅកែណា ឬគ្រាន់តែប្រកាសឲ្យតែបានទេ”។
លោក សួន ជុំ សមាជិកក្រុមប្រឹក្សាភិបាលនៃសហគមន៍ មៀន ប៉ៃលិន បានប្រាប់សារព័ត៌មានកោះសន្តិភាពថា៖ គិតជា តម្លៃប៉ាន់ស្មានខូចខាតឆ្នាំនេះសម្រាប់កសិករទាំងអស់ប្រមាណ៣០លានដុល្លារអាមេរិក ទៅ៥០លានដុល្លារអាមេរិកគិតទៅតាមតម្លៃទីផ្សារមៀនពី៣០០០រៀល ទៅ៤០០០រៀល ក្នុងមួយគីឡូក្រាម ។
លោកបន្ថែមថា សម្រាប់ទីផ្សារមៀនក្នុងស្រុក គឺមានតិចបំផុតដែលផ្លែឈើនេះ មានតម្រូវការតែសម្រាប់ថ្ងៃសីលតែប៉ុណ្ណោះ ហើយក្នុងមួយសីលៗមានតម្រូវការផ្លែមៀនប៉ៃលិនតែជាង១០តោនប៉ុណ្ណោះ ដូច្នេះក្រៅពីនោះ គឺត្រូវនាំចេញ ដើម្បីកែច្នៃ តែបើសិនជាគេបិទព្រំដែនមិនអនុញ្ញាតឱ្យនាំចេញទៀតគ្មានអ្វីក្រៅពីចាក់ចោលឡើយ៕