ពិតជាដំណឹងល្អខ្លាំងសម្រាប់បងប្អូនប្រជាកសិករដែលកំពុងតែចាប់ផ្តើមប្រមូលផលផ្លែតាង៉ែន នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឥឡូវមានពាណិជ្ជករខ្មែរច្រើនរូបប្រកាសធានាជួយទិញរាប់សឹបតោន មកបន្តលក់នៅរាជធានីភ្នំពេញ។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកសិករបាននាំគ្នាប្រមូលម្តុំយករថយន្តជាច្រើនគ្រឿងទៅបិទនៅច្រកទ្វារអន្តរជាតិដូង ដើម្បីសុំឲ្យអាជ្ញាធរជួយដោះស្រាយ ក្រោយអាជ្ញាធរថៃបិទមិនឲ្យនាំតាង៉ែនទៅលក់ឲ្យឈ្មួញថៃ ខណៈដែលគិតមកដល់រសៀលថ្ងៃទី១៤ សីហានេះមិនទាន់មានដំណោះស្រាយនៅឡើយ។
ទំព័រហ្វេសប៊ុកភូមិផ្កាត្រកួន បានឲ្យដឹងថា៖ “ខ្មែរជួយខ្មែរក្នុងគ្រាលំបាកជួយចេញពីចិត្តពិតៗ ស្ថាបនិកភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធិ និងលោក លី ឡុង ព្រមទាំងស្ថាបនិកក្រុមហ៊ុនជាច្រើនទៀតបានរួមកំលាំងគ្នាបង្កើតយុទ្ធនាការប្រមូលទិញផ្លែតាង៉ែន របស់ប្រជាកសិករ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីជួយសម្រួលទីផ្សារលក់ដល់ពួកគាត់ និង លើកទឹកចិត្តប្រជាកសិករ ព្រមទាំងគាំទ្រផលិតផលក្នុងស្រុកផងដែរ”។
ជាមួយគ្នានេះ បងប្អូនដែលចង់ទិញញ៉ំាបន្ត ដោយក្នុង ១កេស ១០គីឡូតម្លៃ ៥ម៉ឺនរៀលប៉ុណ្ណោះ សូមទាក់ទងតាមរយៈលេខទូរសព្ទ 098368883 អេរិក ឬបងប្អូនអាចឆាតកក់បានតាមរយៈទំព័រហ្វេសបុកភូមិផ្កាត្រកួនផងដែរ សម្រាប់ផលិតផលនឹងមកដល់ភ្នំពេញនៅថ្ងៃទី១៥ ខែសីហា ២០២១៕