“អនាគតត្រូវតែទៅមុខ គ្រាន់តែយើងធ្វើមួយជំហានម្តង មួយជំហានម្តង ហើយប្រកាន់ជំហរនឹងនរ កុំលោតផ្លោះឲ្យសោះ ព្រោះជោគជ័យត្រូវធ្វើតាមដំណាក់កាល”។ នេះជាការលើកឡើងរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា ក.អ ថ្លែងក្នុងពិធីការប្រកួតវគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២១។
អ្នកឧកញ៉ាថ្លែងថា កូនចៅចិននៅស្រុកខ្មែរ គឺពួកគេសន្សំសំចៃ មិនសូវហ៊ីហារ ទុកដាក់លុយកាក់ដើម្បីឱ្យកូនទៅរៀន បើទោះឪពុកម្តាយហូបបបរ ពងមាន់ប្រៃ ទុកលុយដើម្បីរុញទៅរៀននៅសាលាមួយ ១ឆ្នាំ១ម៉ឺនដុល្លារ ដើម្បីឲ្យកូនចេះដឹង ព្រោះអនាគតត្រូវពឹងផ្អែកលើចំណេះវិជ្ជា។ ដូច្នេះប្រទេសចិន បើទោះលំបាកយើងណាក៏ដោយ គឺមិនភ្លេចការអប់រំនោះទេ ម្លោះហើយប្រទេសចិនគេមានពាក្យស្លោកមួយថា “យុវជនខ្លាំងទើបប្រទេសខ្លាំង យុវជមានទើបប្រទេសមាន យុវជនជាអនាគតរបស់ប្រទេស”។
អ្នកឧកញ៉ាបានពន្យល់យ៉ាងដូច្នេះថា ខ្លាំងក្នុងទីនេះមិនមែនខ្លាំងទៅច្រណែន ទិន្ទាគេនោះទេ ខ្លាំងគឺយើងត្រូវមានសុខភាពមាំមួន ហើយយើងមានស្មារតីមាំមួន គឺខ្លាំងសុខភាពរបស់យើង។
យុវជនមាន មិនមែនមានលុយប្រាក់ទៅចាយពាសវាលពាសកាលនោះទេ មានន័យថា យើងមានចំណេះដឹង យើងមានសមត្ថភាព និងមានការប្តេជ្ញាខ្ពស់ គឺមានៗដោយចំណេះដឹងរបស់យើង មិនមែនសំដៅតែរឿងលុយកាក់នោះទេ។ ម្លោះហើយ ខ្ញុំគិតថា អ្វីៗដែលចិនធ្វើបាន តាមពិតខ្មែរយើងក៏ធ្វើបានដែរ ។
អ្នកឧកញ៉ា បន្តថា៖ “បើសិនជាយុវជនចេះនូវជំនាញបច្ចេកទេសនេះ វាគឺជាឱកាសមួយសម្រាប់យើង”។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានណែនាំឲ្យយុវជនគ្រប់រូប គួរតែសំឡឹងមើលឪកាសនៃការអប់រំ និងដកស្រង់បទពិសោធន៍ពីប្រទេសចិន និងប្រទេសអាមេរិក ជាប្រទេសអ្នកមានដែលកំពុងមានការអភិវឌ្ឍន៍និងរីកចម្រើនខ្លាំង ហើយគេក៏បាននឹងកំពុងដើរមុនយើងទៀតផង។
ពាណិជ្ជករល្បីឈ្មោះ ពុង ឃាវសែ បានបញ្ជាក់បន្ថែមថា៖ មានក្រុមហ៊ុនបរទេសជាច្រើនបានប្រាប់មកលោកថា ពួកគេត្រូវការអ្នកជំនាញខាងបច្ចេកទេស ហើយនៅកម្ពុជាមិនសូវសំបូរនោះឡើយ ដែលធ្វើឲ្យពួកគេបង្ខំចិត្ដ ទៅរកអ្នកជំនាញពីក្រៅប្រទេសមកវិញ ដែលមានតម្លៃថ្លៃ និងមិនបានធ្វើការងារ បានជាប់លាប់នោះឡើយ ដោយពួកអ្នកជំនាញទាំងនោះ ច្រើនតែសុំទៅលេងប្រទេសខ្លួន ដែលនាំឲ្យរំខានដល់ចង្វាក់ផលិតកម្ម៕