ស្ដេចប្រដាល់មិនដែលចាញ់ Floyd Mayweather ត្រូវបានរាប់បញ្ចូលជាអត្តពលិកដែលមានចំណូលខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ពោលគ្រាន់តែឡើងសង្វៀនម្ដងៗ អ្នកប្រដាល់រូបនេះអាចដេកចាយលុយរាប់លានដុល្លារឯណោះ។
ដោយសាររកបានចំណូលច្រើនសម្បើមបែបនេះ ទើបអ្នកប្រដាល់អាមេរិកមានទម្លាប់ចាយវាយទូលាយដៃ ដោយមានផ្ទះជាច្រើនកន្លែងដូចជានៅទីក្រុង Las Vegas តំបន់សេដ្ឋី Manhattan និងតំបន់អចលនទ្រព្យថ្លៃៗ Beverly Hills ជាដើម។
បើតាមការចុះផ្សាយពី Los Angeles Times កាលពីពេលថ្មីៗនេះ Floyd Mayweather ត្រូវបានរាយការណ៍ថា ជាម្ចាស់ភូមិគ្រឹះមួយកន្លែងនៅតំបន់ឆ្នេរ Miami ដែលមានតំលៃដល់ទៅ ១៨ លានដុល្លារ។
ភូមិគ្រឹះដែល Floyd ទិញមានទីតាំងស្ថិតនៅលើកោះសិប្បនិមិត្ត Palm Island ដែលមានកម្ពស់ ៣ ជាន់ជាមួយផ្ទៃក្រឡាទំហំ ១ ០២២ ម៉ែត្រការ៉េ ដែលមានទាំងដំបូលទំហំដល់ទៅ ៤៦៤,៥ ម៉ែត្រការ៉េ ងាយស្រួលដល់ការរៀបចំកម្មវិធីជប់លៀងផ្សេងៗបានយ៉ាងស្រួល។
បន្ថែមពីនេះ ផ្ទះរបស់អ្នកប្រដាល់វ័យ ៤៤ ឆ្នាំបំពាក់មកជាមួយបន្ទប់គេង ៩ បន្ទប់ទឹក ១០ រោងកុនមួយ បន្ទប់លេងហ្គេម កន្លែងហាត់ប្រាណ និងជាពិសេសគឺកន្លែងចតនាវាឯកជនដែលអាចដាក់បានរហូតដល់ប្រហែង ៣០,៤៨ ម៉ែត្រឯណោះ។
បើចង់ដឹងកាន់តែច្បាស់ពីទិដ្ឋភាពនៃផ្ទះតម្លៃ ១៨ លានដុល្លាររបស់ Floyd Mayweather សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា
ប្រភព: celebritynetworth