បើទោះបីលោកអ្នកប្រាជ្ញ បណ្ឌិត កវីនិពន្ធ បញ្ញវន្តខ្មែរ ជំនាន់មុខបានឃ្លាតឆ្ងាយចាកពីផែនដីនេះក៏ពិតមែន ប៉ុន្តែលោកអ្នកទាំងអស់បានបន្សល់ទុកស្នាដៃប្រវត្តិសាស្រ្តជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ ក្នុងនោះយើងក៏មិនអាចបំភ្លេចបានឡើយនូវពាក្យស្លោកអប់រំ សុភាសិត ក្បួនខ្នាតក្នុងការយកជាគតិដាស់តឿនស្មារតី និងគន្លឹះដោះស្រាយបញ្ហាជីវិតកុំឲ្យរស់នៅមានការភ្លើតភ្លើនភ្លេចខ្លួន។
ចំណោទបញ្ហាទាក់ទងនឹងពាក្យសុភាសិតខ្មែរដ៏ល្អឯកគ្មានគូប្រៀបនេះ លោក ហឿន សំនៀង និស្សិតបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក និងនាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន បានលើកឡើងនូវសុភាសិតដែលថា “អ្នកមាន មិនដែល ៣ ត អ្នកក្រ មិនដែល ៣ ជួរ” ខណៈសុភាសិតខាងលើជាការព្រមានចំពោះអ្នកមានទ្រព្យសម្បត្តិស្ដុកស្តម្ភ ហើយក៏ជា ពាក្យផ្តល់ការលើកទឹកចិត្តដល់អ្នកខ្សត់ផងដែរ។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកថា ការព្រមានចំពោះអ្នកមានទ្រព្យសម្បត្តិ និងបុណ្យសក្ក័ណា ដែលមានចរិតក្រអឺតក្រទម វាយឫកធំ មើលងាយគេ, កោង, ពើងទ្រូង, សម្ដីថ្ងាស, ក្អេងក្អាង, ជាន់គជាន់ឯង គ្មានចេះកោតក្រែង ឬហៅថា “មនុស្សអន់ចរិត” នោះឯង។ អាងលុយ និងអំណាច ធ្វើអំពើអាក្រក់….។
លោកបានពន្យល់យ៉ាងដូច្នេះថា៖ “ការលើកទឹកចិត្តដល់អ្នកខ្សត់ខ្សោយ គឺថាបើទោះបីកើតមកក្រ មានម៉ែឪគ្រួសារទីទ័ល ក៏មិនមែនបានន័យថា កូនៗទាំងអស់របស់ពួកអ្នកក្រ ត្រូវតែជាមនុស្សទីទ័លក្រីក្រ ល្ងង់ខ្លៅ ទន់ទាប គ្មានបុណ្យសក្ក័ជាដើម ដូចត្រកូលម៉ែឪរបស់នោះដែរ ព្រោះថា អ្វីៗក៏អាចកើតមាន និងប្រែប្រួលដែរ”។
បើតាមលោក ហឿន សំនៀង សុភាសិតខាងលើ ប្រហែល(ប្រហែល ប្រហែល)ចាស់បុរាណយើងលើកឡើងក្នុងសម័យកាលមួយដែលសង្គមខ្មែរមាននិន្នាការស្អប់គ្នារខ្លាំង វាងអ្នកមាននិងងអ្នកក្រ អ្នកចេះដឹងនិងអ្នកល្ងង់ មន្ត្រីតូចធំនិងរាស្ត្រជាដើម។
ដូច្នេះ ការស្អប់គ្នារវាងមនុស្សមានឋានៈខុសគ្នា បានធ្វើឲ្យមានការបាត់បង់សាមគ្គីភាព ភក្តីភាព ស្មោះត្រង់ លែងមានទំនុកចិត្តគ្នាទៅវិញទៅមក និងបង្កើតជាក្តីវិនាសអន្តរាយដល់សង្គមជាតិ ក្នុងរូបភាពថា “ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី” ជាដើម។ លោកបន្ថែម។
នាយកវិទ្យាស្ថានតេជោសែន បានអះអាងថា ដោយឃើញហេតុនាំឲ្យវិនាសអន្តរាយដូចខាងលើ ទើបដូនតាយើងបានបង្កើតជាសុភាសិតនេះឡើង ដើម្បីបានជាគតិអប់រំ ដាស់តឿន តម្រង់ផ្លុវ និងលើកទឹកចិត្ត ឲ្យអ្នកមានទ្រព្យសម្បត្តិ និងបុណ្យសក្ត័កុំភ្លេចខ្លួន ត្រូវខិតខំធ្វើល្អ រីឯអ្នកក្រីក្រ ទន់ខ្សោយ ក៏កុំបណ្តែតបណ្តោយខ្លួនឲ្យសោះ ត្រូវខិខំប្រឹងប្រែងកែប្រែវាសនាខ្លួន។
លោកបញ្ជាក់ថា៖ “គតិអប់រំខាងលើ គឺ ធ្វើយ៉ាងណា ឲ្យមនុស្សគ្រប់គ្នា ដែលមានឋាន: និងតួនាទីផ្សេងៗគ្នាក្នុងសង្គម អាចរស់នៅជាមួយគ្នាបាន ប្រកបដោយសុខដុមរមនា និងរីកចម្រើនលូតលាស់។ នេះជាក្តីបំណងរបស់ដូនតាយើង ក៏ដូចជាក្តីប្រាថ្នារបស់យើងគ្រប់គ្នាផងដែរ”៕