កន្លងមក Oknha News បានចែករំលែករួចម្តងមកហើយ ពីបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម និងមុខជំនួញរបស់ លោកឧកញ៉ា ហ៊ួត ជា ក្នុងការរកច្រកចេញ ក៏ដូចជាការត្រៀមខ្លួនទុកជាមុនពីផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដើម្បីអាចបន្តឈរជើងនៅក្នុងស្ថានភាពដ៏លំបាកក្នុងពេលបច្ចុប្បន្ននេះ ។
ដោយឡែក សម្រាប់ថ្ងៃនេះវិញ យើងងាកចាប់អារម្មណ៍ជាមួយបទពិសោធន៍របស់សហគ្រិនដ៏ជោគជ័យមួយរូបទៀត គឺលោក ម៉ៅ វុត្ថា ដែលជាថៅកែលក់បោះដុំត្រីសាលម៉ុនដ៏ធំមួយនៅកម្ពុជា ហើយគាត់នឹងចែករំលែកទាក់ទងនឹងបទពិសោធន៍ ក្នុងការបញ្ចៀសមុខជំនួសរបស់លោក មិនឱ្យជាប់គាំងក្នុងសម័យកូវីដនាពលេបច្ចុប្បន្ន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ជាក់ស្តែងជុំវិញស្ថានភាពដែលកំពុងប៉ះពាល់ស្ទើតែគ្រប់វិស័យ ដោយសារកូវីដនាពេលបច្ចុប្បន្ននេះ លោក ម៉ៅ វត្ថា ប្រាប់ឱ្យដឹងថា ៖ ចំពោះអាជីវកម្មលក់ត្រីសាលម៉ុនក្នុងស្រុកយើង អំឡុងពេលកូវីដនេះ ក៏រងផលប៉ះពាល់ដូចគ្នាដែរ ដោយអត្រាលក់របស់ក្រុមហ៊ុនលោកថយចុះលើសពី ៥០ ភាគរយ បើធៀបជាមួយនឹងកាលមិនទាន់មានបញ្ហាកូវីដ ។
ជុំវិញបញ្ហាខាងលើ សហគ្រិនបើកក្រុមហ៊ុននាំចូលត្រីសាលម៉ុនស្រស់ពីប្រទេសណរវ៉ែស និងអូស្ត្រាលី រូបនេះសង្កត់ធ្ងន់ថា៖ កត្តាដែលការលក់ត្រីសាលម៉ុនរបស់លោកធ្លាក់ចុះបែបនេះ គឺមិនមែនមកពីខ្វះអ្នកទិញដោយសារអំឡុងកូវីដនេះទាំងស្រុងនោះទេ ប៉ុន្តែមកពីបច្ចុប្បន្នមានក្រុមហ៊ុននាំចូលត្រីសាលម៉ុនមកលក់នៅក្នុងប្រទេសកម្ពុជាយើងមានចំនួនច្រើនគួរសម ហើយរីឯតម្លៃវិញក៏មានការប្រកួតប្រជែងផងដែរ ត្បិតតម្រូវការត្រីសាលម៉ុននៅតែពេញនិយមខ្លាំងសម្រាប់ប្រជាជនយើង ។
មួយវិញទៀតទាក់ទងនឹងការដឹកជញ្ចូនតាមជើងយន្តហោះគឺមិនសូវមានច្រើនដូចមុននោះទេ ដោយសារកូវីដ ស្របពេលមានឈ្មួញមួយចំនួន ពួកគាត់ទិញត្រីសាលម៉ុនពីប្រទេសជិតខាង ដោយមិនបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ជាហេតុធ្វើឱ្យតម្លៃមានការប្រកួតប្រជែងគ្នាខ្លាំង។
លើសពីនេះលោក ម៉ៅ វត្ថា បានបន្ថែមទៀតថា តម្លៃបង់ពន្ធក្នុងការនាំចូលប្រភេទត្រីនេះក៏មានចំនួនខ្ពស់ខ្លាំងផងដែរ បើធៀបជាមួយប្រទេសជិតខាង ។
យ៉ាងណា សម្រាប់ដំណោះស្រាយ អាចនិយាយបានគឺយើងត្រូវមានភាពបត់បែន ធ្វើការព្យាករណ៍ និងត្រៀមខ្លួនទុកជាមុនពីផលប៉ះពាល់ ដោយបង្កើតអាជីវកម្មប្រភេទណា ដែលចំតាមតម្រូវការទីផ្សារក្នុងស្ថានភាពនេះ និងបង្កើនការប្រកួតប្រជែង ផ្តល់ភាពងាយស្រួលលើផ្នែកសេវាកម្មរបស់ខ្លួន ៕
អត្ថបទ៖ Phath Phanneth