សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតអានសន្ទរកថាបើកកម្មវិធីក្រោមប្រធានបទ “សូមពិភពលោករួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស ” ដែលនឹងត្រូវផ្សាយព្រមៗគ្នា គ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯកជននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញព័ត៌មាន និងបណ្តាញសង្គម នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីសំណាក់លោកឧកញ៉ា សុះ កំរី គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សូមជម្រាបជូនគណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិទ គ្រូបង្រៀន ព្រមទាំងបងប្អូនសាសនិកឥស្លាមជ្រាបថា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧ មក គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)តែងបានសហការជាមួយក្រសួងធម្មការ និងសាសនា មេដឹកនាំសាសនាធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើពិភពលោក ទទួលបានសេចក្តីសុខ ចៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប។