ផ្តើមពីជីវិតអ្នករត់ម៉ូតូឌុប និងភាពតស៊ូអត់ធ្មត់ ពីសំណាក់ការមាក់ងាយពីមនុស្សដែលនៅជុំវិញខ្លួន។ ទាំងនេះហើយធ្វើឲ្យយុវជនម្នាក់ហ៊ានលះបង់ កំលាំងកាយ និងកំលាំងចិត្ត ជំនះរាល់ឧបសគ្គទាំងឡាយដែលមាននៅចំពោះមុខ រហូតមកដល់ពេលនេះបានក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនវិនិយោគមួយដោយផ្តោតលើវិស័យអចនទ្រព្យ ដីធ្លី បានទទួលជោគជ័យរហូតដល់សព្វថ្ងៃនេះ ហើយថ្មីៗនេះលោកទើបតែត្រូវបាន ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា ថែមទៀតផង។ នេះ គឺជា ខ្សែជីវិតពិត លោកភិរម្យ វិចិត្រដារ៉ា ដែលមហាជនស្គាល់ថា គឺជាបុគ្គលជោគជ័យផ្នែកអចលនទ្រព្យ និង ជាសាស្ត្រាចារ្យជំនាញលើអចលនទ្រព្យ ល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា។ លោកត្រូវបាន ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា កាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៩ នេះ។
ខ្សែជីវិតពិតដោយសង្ខេប របស់ លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជីវិតជាអ្នករត់ម៉ូតូឌុប ដឹកភ្ញៀវនៅព្រលានយន្តហោះ ខេត្តសៀមរាបបានមួយឆ្នាំនៅក្នុងអំឡុងឆ្នាំ២០០៥ ក៏ត្រឡប់មកភ្នំពេញវិញ ប្រកបរបរជាជាងភ្លើង នៅកន្លែងលក់គ្រឿងបរិក្ខាពេទ្យមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ។ ក្នុងរយះពេលមួយឆ្នាំជីវិតជាអ្នករត់ម៉ូតូឌុប មិនអាចធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃល្អប្រសើរបានឡើយ ។ ម្យ៉ាងទៀតជាអ្នកនៅទីក្រុងភ្នំពេញផង មិនអាចសម្របខ្លួនទៅតាមអ្វីៗបានភ្លាមៗនោះឡើយ ហើយភាពស៊ីវិល័យនៅខេត្តសៀមរាប មិនទាន់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ នេះទេ ។
លោកភិរម្យ វិចិត្រដារ៉ា បាននិយាយថាជីវិតរបស់ខ្ញុំទម្រាំមានថ្ងៃនេះ(ក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុន) ។ លោកបានជួបឧបសគ្គជាច្រើនទាំងភាពជោគជ័យ និងបរាជ័យ កក្តាទាំងនេះហើយបានធ្វើឲ្យលោកចេះអភិវឌ្ឍន៍ខ្លួនតាមរយះការមើលសៀវភៅ គួបផ្សំនិងបទពិសោធន៍ដែលខ្លួនមានស្រាប់ ធ្វើឲ្យការងារមុខរបរសព្វថ្ងៃមានភាពរលូនទៅមុខជានិច្ច ។ អ្វីៗដែលកើតឡើងហើយយើងទទួលបានជោគជ័យដល់ថ្ងៃនេះ គឺកើតចេញពីកំលាំងញើសឈាមខិតខំតស៊ូគ្រប់បែបយ៉ាងទម្រាំឆ្លងផុតភាព លំបាកក្រខ្សត់នៃជីវិត ។ បើគ្មានការតស៊ូជំនះគ្រប់ឧបសគ្គទេ យើងមិនអាចសម្រេចគោលដៅនិងបំណងរបស់ខ្លួនបានឡើយ យើងមិនអាច អង្គុយឈឺចាប់ នូវអ្វីៗដែលកំពុងកើតឡើងនៅក្នុងជីវិតយើងនោះទេ ។
លោកវិចិត្រដារ៉ា បានបញ្ជាក់ថា ជាភ័ព្វសំណាងដោយសារការសេពគប់មនុស្សល្អៗ នៅក្នុងសង្គម បានធ្វើឲ្យលោកមានឳកាសបើកមុខរបរជំនួញមានលុយផ្ទាល់ខ្លួនតែ៤០០ដុល្លារអាមេរិក និងខ្ចីគេបន្ថែមបានមួយចំនួនទៀតដើម្បីបើកអាជីវកម្មខ្លួនឯង ដោយមានទំនាក់ទំនងល្អជាមួយជនជាតិចិន ពេលនោះហើយបានធ្វើឲ្យលោកមានឳកាសទៅទិញគ្រឿងសម្ភារៈ បរិក្ខាពេទ្យធ្មេញពីប្រទេសចិន មកលក់ឲ្យអតិថិជននៅរាជធានីភ្នំពេញ ។
លោកវិចិត្រដារ៉ា បានឲ្យដឹងទៀតថា ចាប់ពេលនោះមក ធ្វើឲ្យមុខជំនួញរបស់លោកមានដំណើរការទៅមុខជានិច្ច រហូតមានលុយអាចបង្កើត ក្រុមហ៊ុនមួយឈ្មោះECC Reality ផ្តោតលើវិស័យអចលនទ្រព្យ វិនិយោគដីលំនៅដ្ឋាន ។ លោកបានបញ្ជាក់ថា ផ្តើមចេញរកស៊ីលើកដំបូង បានជួបការបរាជ័យពេលនោះហើយជីវិតរបស់លោកបាត់បង់កិតិ្តយស មនុស្សដែលគេធ្លាប់ឲ្យតម្លៃគេលែងឲ្យតម្លៃ មានការមើលងាយពីមនុស្សនៅជុំវិញខ្លួនគេលែងរាប់អាន គេលែងមើលមុខពេលនោះហើយធ្វើឲ្យជីវិតរបស់លោកមានការឈឺចាប់ ។ ហើយធ្វើឲ្យលោកសម្រេចចិត្តបើកអាជីវកម្មខ្លួនឯងដើម្បីធ្វើម្ចាស់ការខ្លួនឯង ដោយមើលឃើញថា បើចង់ជោគជ័យត្រូវតែបើក ធ្វើអាជីវកម្មខ្លួនឯង ។ ការផ្តល់តម្លៃលើការទំនាក់ទំនង និងសេពគប់បុគ្គលជោគជ័យ បានរុញច្រានឲ្យលោកហ៊ានផ្លាស់ប្តូរពីអ្នកធ្វើការស៊ីប្រាក់ខែគេ ងាកមកបើកជំនួញ វិញម្តងខណៈមនុស្សមួយចំនួនមិនហ៊ានប្រថុយ ដោយខ្លួនឯងមានលុយតែ៤០០ដុល្លារតែប៉ុណ្ណោះ ។
បញ្ហាជីវិតផ្ទាល់ខ្លួនលោកភិរម្យ វិចិត្រដារ៉ា កើតនៅឆ្នាំ១៩៨៥ ក្នុងរាជធានីភ្នំពេញ ។ លោកកំព្រាឪពុកតាំងពីអាយុបានមួយខួបកន្លះ ដែលមានម្តាយប្រកបមុខរបរលក់អុស ។ លោកវិចិត្រដារ៉ា មានបងប្អូនវ៣នាក់ស្រី២នាក់ លោកជាកូនទី២ក្នុងគ្រួសារចំពោះការសិក្សា លោកភិរម្យ វិចិត្រដារ៉ា បានចូលសិក្សានៅសាលាបឋមសិក្សាទួលស្វាយព្រៃ ក្នុងខណ្ធចំការមន រាជធានីភ្នំពេញ ហើយបានបន្តថ្នាក់វិទ្យាល័យ នៅវិទ្យាល័យហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល។
ជាបន្តបន្ទាប់មកទៀតបានសិក្សាថ្នាក់មហាវិទ្យាល័យ នៅសាកលវិទ្យាល័យន័រតុន ជំនាញ(I.T) អាយ ធី សិក្សាបាន២ឆ្នាំ ក៏បោះបង់ការសិក្សាចោល ហើយងាកមកស៊ីបើកមុខជំនួញវិញម្តង ។
លោកភិរម្យ វិចិត្រដារ៉ា បានរៀបការជាមួយនារីឈ្មោះនង ស្រីពេជ្រ ជាអ្នករស់នៅរាជធានីភ្នំពេញ ។ បច្ចុប្បន្នមានកូន៣នាក់ក្នុងបន្ទុក ប្រុស១ ស្រី២ ។ លោកត្រូវបាន ព្រះមហាត្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា កាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៩ នេះ ដោយសារតែបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន ជួយដល់សង្គម៕