“ក្នុងស្មារតីខ្មែរជួយខ្មែរ” ស្ថានភាពវិបត្តិជាសកលកំពុងរាតត្បាតកូវីដ-១៩ លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារដែលជាសប្បុរសជនមានបេះដូងមនុស្សធម៌ ទឹកចិត្តបរិសុទ្ធតែងតែចេញមុខគ្រប់ពេលវេលាចុះជួយឧបត្ថម្ភដល់ជនរងគ្រោះពេលកន្លងមក ដូចភ្លៀងរលឹមនារដូវរស្សា។
ជាក់ស្តែង បងប្អូនប្រជាកសិករជាប់ខេត្តព្រំដែនថៃ ដែលកំពុងមមាញឹកក្នុងការប្រមូលផលផ្លែមៀនប៉ៃលិន ឬតាង៉ែនកំពុងជួបបញ្ហាគ្មានទីផ្សារនាំចេញដោយសារអាជ្ញាធរប្រទេសថៃបានបិទច្រកព្រំដែនមិនឲ្យនាំចូល ខណៈប្រមុខរាជរដ្ឋាភិបាល ក្រុមហ៊ុន ពាណិជ្ជករ អ្នកឧកញ៉ា លោកឧកញ៉ា ជាច្រើនចេញមុខមកប្រកាសទិញតាង៉ែនពីប្រជាកសិកររាប់ពាន់តោន។
ក្នុងនោះលោកជំទាវឧកញ៉ា នឹម វណ្ណៈ មិនឈរឪបដៃមើលនឹងភ្នែកឡើយ អង្រួនចិត្តនឹករលឹកដល់កសិករខំដាំដុះ លោកជំទាវឧកញ៉ា និងក្រុមគ្រួសារក៏សម្រេចចិត្តទិញយកមៀនប៉ៃលិន ឬតាង៉ែន ចំនួន ៥តោនដើម្បីចែកជូនដល់បងប្អូនរស់នៅក្នុងអង្គការ សមាគម និងអាជ្ញាធរជួរមុខក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩។
លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានថ្លែងប្រាប់គេហទំព័រឧកញ៉ាញូស៍នៅថ្ងៃនេះថា ថ្ងៃនេះលោកជំទាវចាត់ដំណាងលោក ជីវ៉ា និង លោកមេធាវី ពៅ បញ្ញា បានយកថវិការចំនួន1000$ និងមានប៉ៃលិនចំនួន ១៥០គីឡូប្រគល់ជូនខណ្ឌចំនួន៣ រួមមាន៖
១.មៀនប៉ៃលិនចំនួន ៥កេះ និងថវិកា ២លានរៀល តាមរយៈលោក សុខ ពេញវុធ អភិបាលនៃគណៈខណ្ឌដូនពេញ
២.មៀនប៉ៃលិន ៥កេះ និងថវិកា ១លានរៀល តាមរយៈលោក ឃឹម សំអាន អភិបាលនៃគណៈបាលខណ្ឌបឹងកេងកង
៣.មៀនប៉ៃលិន៥កេះ និងថវិកា ១លានរៀល តាមរយៈលោក តោ វីរ៉ូ អភិបាលរងខណ្ឌ ៧មករា
ទឹកចិត្តដ៏ប្រពៃ លោកជំទាវឧកញ៉ា និងស្វាមី ស្ដែងឱ្យឃើញពីការយល់ទុក្ខធុរៈរបស់ប្រជាកសិករ និងចូលរួមទាន់ពេលវេលា តាមការអំពាវនាវរបស់ប្រមុខថ្នាក់ដឹកនាំ ទាក់ទងនឹងបញ្ហាប្រឈម និងហានិភ័យរបស់បងប្អូនប្រជាកសិករខ្មែរ ដែលបានប្រមូលផលផ្លែមៀនប៉ៃលិនហើយ តែមិនអាចនាំចេញទៅលក់ទៅប្រទេសជិតខាងបាន។