បើទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅតែស្វាគមន៍អ្នកវិនិយោគិនក្នុងវិស័យឯកជនមកពីគ្រប់ទិសទីដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រែក្លាយទៅជាស្រុកដែលមានដែនដីនៃកសិទេសចរណ៍ដ៏សម្បូណ៌បែប។
គម្រោង «ផ្ទះមួយ អំពូលមួយ» ប្រិយមិត្តបានដឹងមកហើយដែលជាយុទ្ធនាការផ្ដល់ពន្លឺសម្រាប់បំភ្លឺលើដងផ្លូវចរាចរណ៍ និងផ្ទះសំបែងនីមួយៗក្នុងភូមិព្រះដាក់ក្រោមគំនិតផ្ដួចផ្ដើមពីលោក ឃីម ហ្វីណង់ ខណៈនេះជាចក្ខុវិស័យរួមអភិបាលស្រុកមានបំណងចង់ឃើញស្រុកបន្ទាយស្រីក្លាយជាក្រុងទី ២ បន្ទាប់ពីក្រុងសៀមរាប ដោយផ្អែកលើទេសចរណ៍បែបធម្មជាតិ ផ្ដល់បទពិសោធលម្ហែកាយបែបស្រុកស្រែ។
បច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី កំពុងតែប្រមូលផលដំណាំជាច្រើនប្រភេទ ដូចជា ចម្ការស្រការនាគ ពុទ្រា តាង៉ែន ទុរេន ម្រេច ស្វាយចន្ទី ស្វាយ ត្រសក់ផ្អែម ដំឡូងស្រែចម្ការបែបព្រៃភ្នំ ទាំងនេះបង្ហាញពីកំណើនជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ និងចូលរួមកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេសផងដែរ។
លោក ឃីម ហ្វីណង់ ឲ្យដឹងថា៖ ចម្ការ និងរមណីយដ្ឋានរឹតតែច្រើន កំពុងតែរីកដុះដាលជាបន្តបន្ទាប់នៅក្នុងស្រុកបន្ទាយស្រី តាមរយៈការវិនិយោគតូចធំពីសំណាក់វិស័យឯកជន ទោះបីជាក្នុងបរិបទកូវីដក៏ដោយ បង្កើតបានជាដង្ហើមថ្មីនៃចរន្តសេដ្ឋកិច្ចរបស់ស្រុក បង្កើតការងារនិងមុខរបរបន្ថែម ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុកទៅរកការងារនៅទីកន្លែងដទៃ និងជួយប្រែក្លាយស្រុកបន្ទាយស្រីឱ្យទៅជា«ដែនដីនៃកសិទេសចរណ៍ដ៏សម្បូណ៌បែប»មួយ។
អភិបាលស្រុកវ័យក្មេងរូបនេះមានជំនឿ និងសង្ឃឹមថាគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី ទាំងកន្លែងឯកជន និងទីសាធារណៈ តាមផ្ទះ តាមសាលារៀន មណ្ឌលសុខភាព អគាររដ្ឋបាល ព្រមទាំងទីវត្តអារាមនានា នឹងប្រកាន់យកទម្លាប់រស់នៅស្អាតបែបនេះឱ្យបានច្រើនថែមទៀត ឱ្យស័ក្តិសមទៅនឹងកិត្តិនាមជាស្រុកទេសចរណ៍ជនបទ ស្រុកទេសចរណ៍វប្បធម៌ធម្មជាតិ ស្រុកកសិទេសចរណ៍សម្បូណ៌បែប៕