បើសង្កេតមើលក្នុងពេលបច្ចុប្បន្ននេះ មានបងប្អូនមិនតិចនោះទេ ដែលមានគំនិតចង់បើកមុខរបររកស៊ី និងមានផែនការអាជីវកម្មផ្សេងៗ ប៉ុន្តែនៅខ្វះខាតដើមទុន នៅក្នុងការចាប់ផ្តើម។ ទន្ទឹមនឹងនឹង ការកង្វះដើមទុនអាជីវកម្មនេះដែរ ក៏បានធ្វើឱ្យពួកគាត់សម្រេចចិត្តបោះបង់ចោលបំណងចង់ចេញរកស៊ីនេះចោលវិញ ។
ទាក់ទងជាមួយបញ្ហាខាងលើ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយករបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីធី គ្រុប បានធ្វើការចែករំលែកពីគន្លឺះមួយចំនួន សម្រាប់បងប្អូនដែលចង់ចេញរកស៊ីតែខ្វះដើមទុន អាចយកទៅសាកល្បងបាន ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ជាក់ស្តែងសេដ្ឋីកសិកម្មដ៏ល្បីល្បាញនៅក្នុងស្រុកខ្មែររូបនេះ បានលើកឡើងថា ៖ ” ជាដំបូងអ្វីដែលចាំបាច់បំផុតត្រូវកសាងកេរ្តិ៍ឈ្មោះរបស់យើងឲ្យបានល្អជាមុនសិន ព្រោះថាកេរ្តិ៍នេះពិតជារឿងដ៏សំខាន់ ដើម្បីទទួលបានការទុកចិត្តពីសំណាក់មនុស្សជុំវិញខ្លួន ហើយក៏អាចប្រើធ្វើជាដើមទុនដើម្បីរកស៊ីបានផងដែរ។ នៅក្នុងន័យនេះលោកឧកញ៉ាបណ្ឌិត ចង់បញ្ជាក់ថា ៖ ” បើចង់រកស៊ីត្រូវធ្វើឲ្យគេមានជំនឿលើយើង កុំឲ្យស្អុយឈ្មោះស្អុយកេរ្តិ៍ និងត្រូវថែរក្សាកេរ្តិ៍ឈ្មោះឲ្យខ្លាំង ” ។
កាលណាកេរ្តិ៍ឈ្មោះរបស់យើងត្រូវបានគេទទួលស្គាល់ និងទទួលបានការទុកចិត្តហើយ យើងអាចទៅស្នើសុំចរចានាំយកផលិតផលរបស់គេមកលក់សិន ហើយនៅពេលលក់បានចាំយកថ្លៃផលិតផលនោះទៅសងគេ ដោយយើងក៏អាចរក្សាប្រាក់ចំណេញទុកខ្លួនឯងបានផងដែរ ។ យ៉ាងណានេះបើតាមការបញ្ជាក់របស់ឧកញ៉ាបណ្ឌិត ។ ក្រៅពីនោះលោកក៏បានឧទាហរណ៍ជាក់ស្តែងផងដែរថា មានអ្នកខ្លះសូម្បីតែដើមមួយរៀលគ្មានផង ប៉ុន្តែអាចមកយកអង្កររបស់ក្រុមហ៊ុនលោកទៅលក់បាន ហើយក្រោយពេលដែលលក់់អស់ហើយ ចំាយកប្រាក់ដើមមកសងតាមក្រោយ ក៏ដោយសារតែលោកជឿទុកចិត្តលើកេរ្តិ៍ឈ្មោះបុគ្គលម្នាក់នោះ ។
មួយវិញទៀតលោកឧកញ៉ាបណ្ឌិតក៏បានលើកទឹកចិត្តឲ្យ អ្នកដែលចង់ចេញរកស៊ីដំបូងៗ គួរតែរៀនពីអ្វីដែលយើងចង់ធ្វើនោះឲ្យច្បាស់សិន ព្រោះថាបើមិនរៀននោះទេ ពេលចេញរកស៊ីច្បាស់ជាខាតមិនខាន។ លោកបានសង្កត់ធ្ងន់ទៀតថា ការដែលរៀនមុនចេញរកស៊ីអាចធ្វើឲ្យគាត់ចំណេញបានច្រើន គាត់ថាដូចអ្នកខ្លះគេចេះ គេដាំស្វាយមួយដើមអាចប្រើពេលតែ ៦ខែទៅមួយឆ្នាំគេបានផល រីឯអ្នកមិនចេះវិញដាំស្វាយតែមួយដើមប្រើពេលរហូតដល់ទៅ ៥ ឆ្នាំឯណោះ ដែលនេះគឺអាចបញ្ជាក់បានថា នៅពេលយើងច្បាស់អ្វីមួយប្រាកដ យើងនឹងអាចរីកចម្រើនបានលឿន ហើយអាចទទួលបានផលចំណេញបានច្រើនទៅតាមនោះផងដែរ ៕