អាមេរិកជាទឹកដីឱកាស សម្រាប់ការធ្វើជំនួញ មានជនជាតិចម្រុះជាតិសាសន៍រស់នៅ។ ជនជាតិអាស៊ីជាច្រើនបានចោលស្រុកកំណើត ដើម្បីផ្សងព្រេងស្វែងរកឱកាសមាសប្រាក់លើទឹកដីដ៏ធំល្វឹងល្វើយនេះ។ ឆ្ងាយពីទឹកដីដូនតា ពួកគេបានប្រឹងប្រែង ប្រើបញ្ញាខំធ្វើជំនួញរហូតក្លាយជាសេដ្ឋី។
នៅក្នុងបញ្ជីឈ្មោះបុគ្គលមានបំផុតក្នុងលោក ១០០ នាក់លើពិភពលោករបស់ Forbes មានសេដ្ឋីជនជាតិអាស៊ីដល់ទៅ ៧ រូបឯណោះ ដែលក្លាយជាសេដ្ឋីនៅអាមេរិក។
តើសេដ្ឋីអាមេរិកដើមកំណើតអាស៊ីទាំង ៧ រូបជានរណា៖
១/ Eric Yuan
លោក Eric Yuan គឺជាសហគ្រិនជនជាតិចិនកាត់អាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Zoom។ សេដ្ឋីធំធាត់នៅប្រទេសចិន និងបានប្ដូរលំនៅឋានមករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៩៧ មកទល់បច្ចុប្បន្ន មានទ្រព្យសម្បត្តិប្រមាណ ១៥,៥ ពាន់លានដុល្លារ។
២/Jensen Huang
ជាស្ថាបនិកក្រុមហ៊ុនផលិតក្រាហ្វិកកាត NVIDIA បំពាក់លើកុំព្យូទ័រ។ ក្រុមហ៊ុននេះកំពុងអភិវឌ្ឍន៍ក្រាហ្វិកតាំងពីកុំព្យូទ័រ រហូតដល់យានយន្តបើកដោយខ្លួនឯងថែមទៀត។
Huang កើតនៅកោះតៃវ៉ាន់ និងបានអន្តោប្រវេសន៍មកសហរដ្ឋអាមេរិក និងបញ្ចប់ការសិក្សាផ្នែកវិស្វកម្មពីសកលវិទ្យាល័យ Oregon State University និង Stanford University។ បន្ទាប់ពីធ្វើការនៅ LSI Logic និង Advanced Micro Devices បុរសរូបនេះបានរកឃើញ NVIDIA ក្នុងឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នទំហំទ្រព្យសម្បត្តិរបស់លោកគឺ ១៧,៦ ពាន់លានដុល្លារ។
៣/ Shahid Khan
បុរសកើតនៅប្រទេសប៉ាគីស្ថាន បានចាប់ផ្ដើមធ្វើការនៅក្រុមហ៊ុន Flex-N-Gate រហូតទិញបានក្រុមហ៊ុននេះនៅឆ្នាំ ១៩៨០ និងបានផ្លាស់ប្ដូរទៅជាក្រុមហ៊ុនផ្គត់ផ្គង់រថយន្តធំបំផុតមួយនៅអាមេរិកខាងជើង។
ក្រៅពីក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត មហាសេដ្ឋី Khan ក៏ត្រូវបានគេស្គាល់ថាជា ម្ចាស់ក្លឹបកីឡាជាច្រើនដូចជា Jacksonville Jaguars និង Fulham F.C ជាដើម។ បច្ចុប្បន្ន បុរសខាងលើគឺមានទ្រព្យសម្បត្តិប្រមាណ ៧,៧ ពាន់លានដុល្លារ។
៤/ Jay Chaudhry
ជាធម្មតាការគ្រប់គ្រងអាជីវកម្មច្រើនកន្លែង គឺមានហានិភ័យណាស់សម្រាប់សហគ្រិននីមួយៗ តែករណីនេះមិនមែនសម្រាប់ Jay Chaudhry ឡើយ ព្រោះលោកគឺបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាច្រើនកន្លែងដូចជា AirDefense, CipherTrust, CoreHarbor និង SecureIT ជាដើម ដែលសុទ្ធតែត្រូវបានលក់ទៅឲ្យក្រុមហ៊ុនធំៗ។
បុរសធំធាត់ឡើងនៅប្រទេសឥណ្ឌា បច្ចុប្បន្នមានទំហំទ្រព្យសម្បត្តិប្រមាណ ១០,៧ ពាន់លានដុល្លារ និងជាសហស្ថាបនិក ក៏ដូចជា CEO នៃក្រុមហ៊ុន Zscaler ផងដែរ។
៥/ David Sun និង John Tu
សេដ្ឋីដើមកំណើតអាស៊ីនេះ ធ្លាប់បរាជ័យជោគជាំលើអាជីវកម្មក្រុមហ៊ុនផលិតបន្ទះឈីប Camintonn Corporation ដែលដួលបះជើងក្នុងឆ្នាំ ១៩៨៧។ យ៉ាងណា អ្នកទាំង ២ មិនបានអស់សង្ឃឹមឡើយ ដោយបានយកប្រាក់សន្សែសន្សំមកចាប់ផ្ដើមបង្កើតក្រុមហ៊ុនថ្មីឈ្មោះ Kingston Technology ដែលបច្ចុប្បន្នជាក្រុមហ៊ុនផលិតអង្គចងចាំកុំព្យូទ័រធំបំផុតមួយក្នុងលោក ខណៈទំហំទ្រព្យសម្បត្តិរបស់អ្នកទាំង ២ វិញគឺមានប្រមាណ ៨,៤ ពាន់លានដុល្លារក្នុងម្នាក់។
៦/ Sun Hongbin
គឺជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Sunac China Holdings ដែលរ៉ាប់រងស្ទើរគ្រប់សំណង់ធំៗគ្រប់បែបយ៉ាង តាំងពីរមណីយដ្ឋាន រហូតដល់សួនកម្សាន្ត។ បុរសមានដើមកំណើតនៅខេត្ត Shanxi ប្រទេសចិន បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៧,៣ ពាន់លានដុល្លារ។
៧/ Patrick Soon-Shiong
ជាស្ថាបនិកក្រុមហ៊ុន ImmunityBio ដែលផ្ដោតទៅលើការផលិត និងជួយពង្រឹងប្រព័ន្ធការពាររាងកាយអ្នកជំងឺ។ Patrick កើតនៅអាហ្វ្រិកខាងត្បូង បន្ទាប់ពីឪពុកម្ដាយរបស់លោកបានធ្វើអន្តោប្រវេសន៍ពីប្រទេសចិន។
ក្រៅពីក្រុមហ៊ុនផ្នែកវេជ្ជសាស្ត្រ Patrick បានចំណាយលុយទិញក្រុមហ៊ុនសារព័ត៌មាន The Los Angeles Times និង The San Diego Union-Tribuneផងដែរ និងបានរស់នៅទីក្រុង California ភាគខាងត្បូងអស់រយៈពេល ៤ ទសវត្សថែមទៀត។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោកមានប្រមាណ ៧ ពាន់លានដុល្លារ៕
ប្រភព: investopedia