ការស្រាវជ្រាវមួយ ដែលមានការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី បានបង្ហាញអំពីផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ចំនួន ០៩មុខ ដើម្បីបង្ហាញផ្លូវដល់កសិករអាចចាប់យកឱកាសទីផ្សារដែលមានសក្តានុពលក្នុងតំបន់ និងក្នុងពិភពលោក។
យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា” បានបង្ហាញអំពីផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ចំនួន ០៩មុខ រួមមាន ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែបឺរ ល្ងរ ស្ករត្នោត និងចេកក្រៀម។
ការស្រាវជ្រាវនេះក្នុងគោលបំណងសម្រាប់ផ្សព្វផ្សាយដល់សាធារណៈជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធនឹងផលិតផលកសិកម្ម ដើម្បីជាព័ត៌មានក្នុងការសម្រេចចិត្តលើការវិនិយោគ ការដាំដុះដើម្បីទទួលបានទិន្នផលនិងមានតម្លៃលក់លើទីផ្សារ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបប្រជុំជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយបានថ្លែងថា តាមរយៈរបាយការណ៍ស្រាវជ្រាវនេះ អាចនឹងចូលរួមលើកកម្ពស់ផលិតកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ហើយកសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធ អាចចាប់យកទីផ្សារលើការដាំដុះដំណាំដែលមានសក្តានុពលក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេសនៅទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន និងបណ្ដាទីផ្សារសក្តានុពល ដែលមានតម្រូវការទីផ្សារខ្ពស់៕