រហ័សនាម​​ខ្លា​សេដ្ឋកិច្ច​ទាំង ៤ នៅ​អាស៊ី កោះតៃវ៉ាន់សំបូរ​​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារមិន​ខ្វះ

អន្តរជាតិ

កោះ​តៃវ៉ាន់​​ស្ថិត​នៅ​អាស៊ី​ខាងកើត ជាប់​ព្រំប្រទល់​ប្រទេស​ចិន ជប៉ុន​ និង​ហ្វីលីពីន។ កោះតៃវ៉ាន់ ត្រូវ​បាន​អ្នក​ទេសចរណ៍​ឲ្យ​រហស្សនាម​ថា ជា​ឋានសួគ៌​សម្រាប់​អ្នក​ចូលចិត្ត​ញាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ (Street Food) ដ្បិត​នៅ​ទីនោះ អាហារ​ Street Food គឺ​មាន​រាប់​រយ​មុខ​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​ល្បី​រឿង Street Food កោះ​តូច​មួយ​នេះ ក៏​​មាន​រហ័សនាម​ជា​​ខ្លា​សេដ្ឋកិច្ច​ទាំង ៤​ នៅ​​តំបន់​អាស៊ី​ ដូច្នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ឡើយ​ដែល​កោះ​តៃវ៉ាន់​សំបូរ​មហាសេដ្ឋី​នោះ។

តទៅ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​តៃវ៉ាន់​មាន​បំផុត​ប្រចាំ​ប្រទេស​ទាំង ៩ រូប៖

1/ Zhang Congyuna និង​គ្រួសារ

លោក Zhang Congyuan ជា​ស្ថាបនិក​ក្រុមហ៊ុន​ Huali Industrial ដែល​ជា​រោងចក្រ​ផលិត​ស្បែកជើង ​មាន​សាខា​ជាច្រើន​កន្លែង​តាំង​នៅ​ប្រទេស​ចិន វៀតណាម និង​ប្រទេស​ដូមីនីកា​ជាដើម។

ក្រុមហ៊ុន​របស់​លោក Zhang ចែកចាយ​ស្បែកជើង​ច្រើន​ម៉ាក​រួមមាន Nike, Puma, UGG និង Vans ជាដើម។ បច្ចុប្បន្ន​ ទ្រព្យសម្បត្តិ​របស់​លោក​គឺ​មាន​ប្រមាណ ១៣,៨ ពាន់​លាន​ដុល្លារ។

2/ បងប្អូន Tsai Hong-tu និង Cheng-ta

បងប្អូន Tsai Hong-tu និង​ Cheng-ta រួម​ជាមួយ​ Cheng-Chiu កំពុង​ក្ដោបក្ដាប់​ក្រុមហ៊ុន Cathay Financial Holding ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​​ផ្នែក​ហិរញ្ញវត្ថុ។ ក្រៅពី​នេះ គ្រួសារ​មួយ​នេះ​ក៏​កំពុង​គ្រប់គ្រង Cathay Real Estate ដែល​មាន​វិសាលភាព​ខ្លាំង​ផ្នែក​សណ្ឋាគារ​ថែម​ទៀត។

​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​អ្នក​ទាំង ២ គឺ​មាន​ប្រមាណ ៩,២ ពាន់​លាន​ដុល្លារ។

3/ បងប្អូន​ Daniel និង​Richard Tsai

​Fubon Financial ដែល​ជា​ស្ថាប័ន​មាន​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅ​​តៃវ៉ាន់ និង​មាន​មូលធន​ទីផ្សារ​ច្រើនជាង ២០ ពាន់​លាន​ដុល្លារ​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បងប្អូន Daniel និង​Richard Tsai។ ដោយឡែក​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​អ្នកទាំង ២ គឺ​ប្រមាណ ៧,៩ ពាន់​លាន​ដុល្លារ។

4/ បងប្អូន​ត្រកូល Wei

បងប្អូន ៤ នាក់ Wei Ing-Chou, Ying-Chiao, Yin-Chun និង Yin-Heng កំពុង​គ្រប់គ្រង​ក្រុមហ៊ុន Tingyi ដែល​ជា​រោងចក្រ​ផលិត​ភេសជ្ជៈ និង​គុយទាវ​ធំ​បំផុត​មួយ​នៅ​ប្រទេស​ចិន។ ដ្បិត​មាន​ងារ​កាន់កាប់​រោងចក្រ​តែមួយ តែ​បងប្អូន​ទាំង ៤ រូប​សុទ្ធតែ​មាន​ជំនួញ​ផ្សេងៗ​ក្នុង​ដៃ​ តួយ៉ាង​ដូចជា Ing-chun ធ្វើការ​ផ្នែក​ចំណីអាហារ Ying-chiao ខាង​គមនាគមន៍ និង​អចលនទ្រព្យ Yin-chun ផ្នែក​ប្រេង និង​ទឹកដោះគោ ខណៈ Yin-heng ខាង​អាហារដ្ឋាន និង​ផ្សារ​ទំនើប។ បងប្អូន​ទាំង ៤ រូប​នេះ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧,៨ ពាន់​លាន​ដុល្លារ ខណៈ​កាលពី ឆ្នាំ​២០១៨ Yin-chun ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥ឆ្នាំ ៩ខែ ពី​បទ​បំពាន​ច្បាប់​សុវត្ថិភាព​ចំណីអាហារ និង​បំពាន​សេចក្ដី​ទុកចិត្ត​អតិថិជន។

5/ Jason និង Richard Chang

ក្រុមហ៊ុន ASE ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត​លើ​លោក​ផ្នែក​វេច​ខ្ចប់​ឧបករណ៍​អេឡិចត្រូនិក បច្ចុប្បន្ន​កំពុង​គ្រប់គ្រង​ដោយ​បងប្អូន​ Chang ដោយ​មាន Jason ជា​ប្រធាន និង Richard ជា​អនុប្រធាន​។ អ្នក​ទាំង ២ មាន​ដើមកំណើត​នៅ​ទីក្រុង​សៀងហៃ តែ​បាន​ភៀសខ្លួន​មក​កោះ​តៃវ៉ាន់​ក្រោយ​បដិវដ្ត​​ឆ្នាំ ១៩៤៩។ គិត​មក​ទល់​ពេលនេះ ទំហំ​ទ្រព្យសម្បត្តិ​របស់​បងប្អូន​ទាំង ២ គឺ​ប្រមាណ ៧,២ ពាន់​លាន​ដុល្លារ

6/ Terry Gou

លោក​ Terry Gou ជា​ស្ថាបនិក​ក្រុមហ៊ុន Hon Hai Precision ដែល​ជា​រោងចក្រ​ផលិត​គ្រឿង​បង្គុំអេឡិចត្រូនិក​ធំ​បំផុត​លើ​លោក ដែល​មាន​អតិថិជន​ធំៗ​ដូចជា Apple ជាដើម។ កាលពី​ឆ្នាំ ២០១៦ ពួកគេ​បាន​ទិញ​ក្រុមហ៊ុន​ជប៉ុន Sharp និង Nokia ហើយ​ក្នុង​ឆ្នាំ ២០១៩ Terry បាន​ប្រកាស​ចុះចេញ​ពី​តំណែង​ជា​ប្រមុខ​ក្រុមហ៊ុន បន្ទាប់​ពី​កាន់​តំណែង​នេះ​អស់​រយៈពេល ៤៥ ឆ្នាំ។ បច្ចុប្បន្ន បុរស​វ័យ ៧០ ឆ្នាំ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧,១ ពាន់​លាន​ដុល្លារ។

7/ Tsai Eng-meng

លោក Tsai ជា​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន Want Want China ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​បំផុត​មួយ​លើ​លោក​ផ្នែក​អាហារ​សម្រន់ និង​ភេសជ្ជៈ​បែប​ចិន។ ក្រៅពី​នោះ លោក​ក៏​ជា​វិនិយោគិន​មួយ​រូប​ផង​ដែរ ដោយ​បាន​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ សេវាកម្ម​ហិរញ្ញវត្ថុ និង​បណ្ដាញ​សារព័ត៌មាន​រួមមាន China Times និង China Television Co ជាដើម។ គិត​មក​ទល់​ពេលនេះ លោក Tsai មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៦,១ ពាន់​លាន​ដុល្លារ។

8/ Barry Lam

លោក Barry Lam បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៥,៨ ពាន់​លាន​ដុល្លារ ខណៈ​លោក​ក៏​ជា​ប្រធាន​ក្រុមហ៊ុន Quanta Computer ដែល​ជា​រោងចក្រ​ផលិត​កុំព្យូទ័រ និង​គ្រឿង​អេឡិចត្រូនិក​ធំ​បំផុត​មួយ​ក្នុង​លោក​ផង​ដែរ ហើយ Quanta ក៏​ជា​អ្នក​ផលិត​នាឡិកា​ឆ្លាតវៃ Apple ថែម​ទៀត។

9/ Pierre Chen

លោក Chen គឺជា​ប្រធាន​ក្រុមហ៊ុន Yageo ដែល​ជា​រោងចក្រ​ផលិត​គ្រឿង​បង្គំ​រាប់​តាំងពី​ទូរស័ព្ទ​ដល់​ឡាន ដែល​ចាប់ផ្ដើម​តំបូង​ក្នុងឆ្នាំ ១៩៧៧ និង​ប្រកាស​ជា​សាធារណៈ​ ១៦ ឆ្នាំ​បន្ទាប់​ពោល​គឺ ១៩៩៣។ បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​លោក Chen មាន​ប្រមាណ ៥ ពាន់​លាន​ដុល្លារ៕

ប្រភព: Forbes