លម្អិត កសិដ្ឋានគិរីសួគ៍ ចិញ្ចឹមគោយកទឹកដោះស្រស់ទំនើបបំផុតនៅកម្ពុជាវិនិយោគ១៥លានដុល្លារ ល្បីថាឆ្ងាញ់ជក់មាត់

អាជីវកម្ម

ជឿថា មានប្រិយមិត្តជាច្រើនបានស្គាល់ និងធ្លាប់ញាំទឹកដោះគោសុទ្ធធម្មជាតិល្បីឈ្មោះ “គិរីសួគ៍” កំពុងពេញនិយមលាន់មាត់ថាឆ្ងាញ់ ដែលផលិតឡើងពីកសិដ្ឋានចិញ្ចឹមគោធំបំផុត និងទំនើបនៅស្រុកខ្មែរ បានបង្កើនការលក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលប់។ មែនទែនទៅកសិដ្ឋានក្នុងស្រុកមួយនេះ ទើបតែហក់មកប្រកួតប្រជែងលើទីផ្សារនៅប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែទទួលបានការចាប់អារម្មណ៍ និងជោគជ័យខ្លាំង បើទោះបីមានផលិតផលទឹកដោះគោនាំចូលពីបរទេសកំពុងដាក់លក់លើទីផ្សារស្រាប់ទៅហើយក្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កសិដ្ឋានគិរីសួគ៌ (Kirisu Farm) គឺជា​គម្រោង​រួមគ្នា​​របស់​សហគ្រិន​កំពូលៗ​​ក្នុងស្រុក វិនិយោគជាមួយនឹងអ្នកជំនាញ​អន្តរជាតិ ​ដែលបង្កើត​បរិយាកាសល្អត្រកាល ​ប្រកប​ដោយភាពសុខុដុមរមនា ​សម្រាប់សុខភាពល្អ​របស់​គោ ខណៈដែលកសិដ្ឋានបាននាំចូលគ្រឿងចក្រទំនើប សម្រាប់ដាំដុះស្លឹកឈើមានតម្លៃប្រមាណ ១.៥.លានដុល្លារអាមេរិក ដើម្បីជំរុញឲ្យការ​ផលិតបាននូវ​ទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោប្រើបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយគេបង្អស់។

ការបោះជំហានក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម (ការចិញ្ចឹមគោទឹកដោះ) ត្រូវបានកសិដ្ឋានមើលឃើញពីវិសាលភាពប្រកបដោយសក្កានុពលដើម្បីចាប់យកចំណែកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយបំផុត ខណៈក្រុមហ៊ុន ផ្សារទំនើប ហាងនំមួយចំនួនបាននឹងកំពុងបញ្ជាទិញផលិតផលចេញពីទឹកដោះគោសុទ្ធធម្មជាតិ “គិរីសួគ៍” ជារៀងរាល់ថ្ងៃ។

ឧកញ៉ាញូស៍ សូមបើកកកាយលាតត្រដាងឲ្យប្រិយមិត្តអ្នកអានបានស្គាល់ កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ឲ្យកាន់តែច្បាស់ថែមទៀត តើសហគ្រិនរូបណាខ្លះដែលបានសហការរួមគ្នាវិនិយោគលើកសិដ្ឋានក្នុងស្រុកដ៏ធំបំផុតមួយនេះ?

កសិដ្ឋានគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដែលមានទំហំដីវិនិយោគរហូតដល់ទៅ ៣០០ ហិចតា ស្ថិតនៅជ្រលងភ្នំតាម៉ៅ នៅខេត្តតាកែវ ចម្ងាយជាង ៣០ គីឡូម៉ែត្រ ពីភាគខាងត្បូង រាជធានីភ្នំពេញ។

ក្រុមហ៊ុន Khmer Fresh Milk បានកកើតចេញពីការចាប់ដៃគូរវាង Cambodia-Laos-Myanmar Development Fund II ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី តំណាងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់ជប៉ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង ក្រុមស្ថាបនិកដែលទទួលបានជោគជ័យខ្ពស់ រួមមាន សហគ្រិនកម្ពុជា និងសហគ្រិនមកពីប្រទេសអ៊ីស្រាអែល។

នៅទីនេះឧកញ៉ាញូស៍ សូមបង្ហាញបញ្ជីឈ្មោះពាណិជ្ជករខ្មែរ ៣រូប ដែលបានផ្តួចផ្តើមបោះទុន ១៥លានដុល្លារវិនិយោគលើគម្រោងដ៏ធំមួយនេះ គឺលោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk និងជាស្ថាបនិកក្រុមហ៊ុន សប្បាយឌីជិថល (Sabay Digital Media) លោក គួច សុខលី នាយកចាត់ការទូទៅ និង​ជា​អគ្គនាយក​គ្រប់គ្រង​​ក្រុមហ៊ុន Cambodia Best Meal (CBM) ដែល​មាន​ភោជនីយដ្ឋាន និង​អាហារដ្ឋាន​ជា​ច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ និងលោក ឈរ រិទ្ធី  នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋាន គិរីសួគ៍ រួមនឹងសហគ្រិនបរទេសជាច្រើនរូបទៀត។

បន្ថែមលើនេះ កសិដ្ឋានគិរីសួគ៍ មានដៃគូផ្នែកបច្ចេកវិទ្យាគឺក្រុមហ៊ុន  Afimilk របស់ប្រទេសអ៊ីស្រាអែល ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតខាងបច្ចេកវិទ្យា និងគ្រប់គ្រងកសិដ្ឋានគោទឹកដោះ នៅលើពិភពលោក។ Afimilk បានទទួលជោគជ័យជាច្រើនមកហើយ ក្នុងការបង្កើត និងគ្រប់គ្រងគម្រោងអាជីវកម្មស្រដៀង គ្នានេះនៅទូទាំងពិភពលោក  ក៏ដូចជាគម្រោងនៅប្រទេស វៀតណាម បង់ក្លាដែស និង ចិន។

កសិដ្ឋាន គិរីសួគ៌ (Kirisu Farm) មាន​ចក្ខុវិស័យ​យូរ​អង្វែង ក្នុង​ការនាំយក​ទឹកដោះ​គោ​សុទ្ធ​ពី​ធម្មជាតិ បច្ចេកទេស​កសិកម្ម និង​ការកែច្នៃ​ចំណី​អាហារ​លំដាប់​ពិភពលោកនូវ​ទឹកដោះ​គោ​សុទ្ធ​ពី​ធម្មជាតិ ១០០ ភាគរយ ឲ្យ​មាន​គុណភាព​ខ្ពស់​តាមស្ដង់ដារ​អន្តរជាតិ​។

អ្វីដែលធ្វើ​ឲ្យ​ “គិរីសួគ៍” កាន់តែពិសេស​ប្លែកគេ គឺ​គោរ​បស់គោ Holstein ពូជសុទ្ធចំនួន ៥៥០ ក្បាល ត្រូវបាននាំចូលពីប្រទេស​អូស្ត្រាលី។ គោ Holstein មានឈ្មោះល្បីទូទាំងពិភព​លោក​ ថាជា​គោ ផលិត​ទឹកដោះ​ល្អបំផុត​។ កសិដ្ឋានប្រើប្រាស់ស្មៅ ពោត និង​សណ្ដែក legume ដែលដាំនៅលើទីតាំងនោះផ្ទាល់ ជា​ចំណី ដល់​សត្វគោទាំងនោះ ជាមួយនឹងអ្នកត្រួត​ពិនិត្យដោយផ្ទាល់នៅកសិដ្ធាន សំរាប់ការមើលគុណភាព​ចំណីរបស់វា ព្រមទាំង​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ផ្នែកបរិស្ថាន។

តាមរយៈគម្រោងដ៏ធំមហិមារនេះ រាជរដ្ឋាភិបាលកម្ពុជា បានរំពឹងថា ពិតជានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង ផលិតផលទឹកដោះគោស្រស់ និងកែច្នៃសម្រាប់ទីផ្សារក្នុងស្រុក។ មិនតែប៉ុណ្ណោះ កសិដ្ឋានមួយនេះ បានជួយនាំយកបច្ចេកវិទ្យាទំនើប ទាន់សម័យ វៃឆ្លាត និងចុងក្រោយ មកប្រើក្នុងការចិញ្ចឹម និងផលិតទឹកដោះ ធានាគុណភាព និងសុវត្ថិភាព ឈានទៅធានាសុខភាពអ្នកបរិភោគ និងអាហារូបត្ថម្ភសម្រាប់កុមារ។

ជាមួយគ្នានេះកសិដ្ឋានបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និស្សិតបញ្ចប់ការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធន៍ សម្រាប់ពង្រីកចំណេះ និងជំនាញថ្មីពីប្រទេសដែលមានបច្ចេកវិទ្យា​ខ្ពស់ទៅលើ​ផ្នែក​កសិកម្ម​ផងដែរ៕