ធនាគារវីង អ្នកឧកញ៉ា គិត ម៉េង ចុះ MOU ជាមួយក្រសួងពាណិជ្ជកម្ម សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ

ជុំវិញ​ឧកញ៉ា

ក្រសួង​ពាណិជ្ជកម្ម​ និងធនាគារ វីង បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព​ជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសហការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថលសម្រាប់សហគា្រសធុនតូច និងមធ្យម​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខា ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី៣០ ខែសីហានេះ។

ក្រសួងពាណិជ្ជកម្ម បានដាក់ដំណើរការសាកល្បងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ សម្រាប់ការចុះឈ្មោះបឋមដោយសហគ្រាសធុនតូច និងមធ្យម នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យារួមមួយ (មានទាំងប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធដឹកជញ្ជូនផងដែរ) ក្នុងការនាំចេញផលិតផលកម្ពុជា និងពង្រើកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ ពីធីសម្ពោធជាផ្លូវការផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនឹងត្រូវរៀបចំក្នុងពេលដ៏ខ្លីខាងមុខនេះ។

ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ គឺជាផ្នែកមួយយ៉ាងសំខាន់របស់គម្រោង Go4eCAM ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។ ផ្សារខេមបូឌាត្រេដនេះត្រូវបានផ្តួចផ្តើម​បង្កើត និងគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង​ មានប្រសាសន៍ថា៖ “ភាព​ជា​ដៃគូ​នេះ​អនុញ្ញាត​ឱ្យ​យើង​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​កម្ពុជា​ដោយ​ប្រើ​ការទូទាត់​ប្រាក់​តាម​ឌីជីថល​។ ការទូទាត់​តាម​ឌីជីថល​កំពុង​មាន​ការពេញនិយម​នៅ​ជុំវិញ​ពិភព​លោក​ដោយសារ​ភាពងាយស្រួល​ និង​ មាន​សុវត្ថិភាព​។”

ធនាគារវីង​ ត្រូវបានស្គាល់យ៉ាងទូលំទូលាយចំពោះកម្មវិធីស្មាតហ្វូនវីង មានមុខងារច្រើន និងភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ នៅឆ្នាំ ២០២០ ធនាគារវីង បាន​ធ្វើ​ការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២.៤០០ ដោយ​ផ្តល់​សេវាកម្មប្រមូល និង​ ទូទាត់ប្រាក់។

បន្ថែមពីនេះ ធនាគារវីង ក៏នឹងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុបែបឌីជីថល ដល់សមាជិកសហគ្រាសធុនតូច និង មធ្យម របស់​ផ្សារខេមបូឌាត្រេដ ដោយរៀបចំឲ្យមានជាការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងសកម្មភាពកសាងសមត្ថភាព ផ្សេងៗ​ជាច្រើន​។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និងធនាគារវីង នឹងធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មបែបឌីជីថល និងការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា៕