កាលពីព្រឹកថ្ងៃទី ២២ តុលា ឆ្នាំ ២០១៩ នេះ ក្នុងពេលអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីបញ្ហាកកស្ទះធំៗពីរក្នុងរាជធានីភ្នំពេញ គឺ ១)បញ្ហាកកស្ទះសំរាម និង ២)បញ្ហាកកស្ទះចរាចរណ៍។
ចំពោះដំណោះស្រាយទី១ លើបញ្ហាកកស្ទះសំរាម គឺ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន ចូលរួមទទួលខុសត្រូវសម្អាតសំរាមរបស់ខ្លួនឯងផ្ទាល់ កុំចោលពាសវាលពាសកាល។ ទន្ទឹមនឹងនោះ គឺរាជរដ្ឋាភិបាលបានសម្រេចដកយកក្រុមហ៊ុនសំរាមស៊ីនទ្រីមកគ្រប់គ្រង ហើយនឹងបើកឱកាសអោយក្រុមហ៊ុនមានសមត្ថភាពចំនួន៤ ចូលរួមដេញថ្លៃប្រមូល និងគ្រប់គ្រងសំរាមអោយមានសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អ។
ចំពោះដំណោះស្រាយទី២ក្នុងការសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុងភ្នំពេញ ដូចដែលយើងបានឃើញស្រាប់រាល់ថ្ងៃគឺមានរថយន្តតូចធំចតពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់លើចញ្ចើមថ្នល់ និង លើផ្លូវសម្រាប់សាធារណជនដើរឆ្លងកាត់ ឬលើផ្លូវថ្នល់សម្រាប់រថយន្តបើកបរ ដែលបណ្តាលអោយកកស្ទះចរាចរណ៍តែម្តង។ ដើម្បីដោះស្រាយសម្រួលលើបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមសម្រេចអោយមានការវិនិយោគពីវិស័យឯកជនកសាងសង់ចំណតរថយន្តក្រោមដី (៤ឬ៥ជាន់ចុះទៅក្រោម) គឺអាចសាងសង់បាននៅពីក្រោមសួនច្បារក្នុងរាជធានីភ្នំពេញ រួមទាំងសួនច្បារសម្តេច ហ៊ុន សែន ផងដែរ។ ចំពោះទីតាំងចំណតក្រោមដី គឺមិនត្រូវប៉ះពាល់នៅទីតាំងព្រះបរមរាជវាំងឡើយ។ ចំពោះការសាងសង់វិញ គឺត្រូវធ្វើប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ជាមួយនឹងការទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពជាចម្បង។ ចំណតរថយន្តក្រោមដីមិនត្រឹមតែជួយសម្រួលដល់សណ្តាប់ធ្នាប់ចរាចរណ៍ ប៉ុន្តែនឹងជួយលើកសោភ័ណភាពក្រុងអោយកាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត៕
ប្រភពផេក៖ Samdech Hun Sen, Cambodian Prime Minister