ក្រុមហ៊ុនប្រមាណ៦០-៧០% ក្នុងវិស័យដឹកជញ្ជូនក្នុងប្រទេសកម្ពុជា អាចប្រឈមនឹងការបិទ ឬក្ស័យធន បើសិនជាបញ្ហាកូវីដ-១៩ នៅតែបន្ដការរីករាលដាល និងអូសបន្លាយយូរ។ នេះបើតាមឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Freshnews។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា មានការប្រឈមជាច្រើន ចាប់តាំងពីចាប់ផ្ដើម ផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានធ្លាក់ចុះនូវទំនិញនាំចេញ-នាំចូល ព្រមទាំងធ្លាក់ចុះនូវចំណូលក៏ដូចជាការងារជាច្រើន។
លោកបញ្ជាក់ថា មានក្រុមហ៊ុនមួយចំនួនមានចំណូល អាចបន្ដដំណើរការជាធម្មតា ប៉ុន្ដែមានចំនួនតិចប្រមាណ១០ភាគរយប៉ុណ្ណោះ ប៉ុន្ដែភាគច្រើន៦០ទៅ៧០ភាគរយ បានជួបនូវបញ្ហា ខណៈដែលរហូតមកដល់ពេលនេះ មានក្រុមហ៊ុនខ្លះបានព្យួរការងារ និងក្រុមហ៊ុនខ្លះបានបិទតែម្ដង៕