ប្រវត្តិ​ហាង 7-Eleven ពីមុនគ្រាន់តែ​ជា​ផ្ទះ​លក់​ទឹកកក ​ចង់​​ក្ស័យធន​ ២ សារ​ មុន​មាន​សាខា​ច្រើន​ម៉ឺន​កន្លែង​ទូទាំង​ពិភពលោក

អន្តរជាតិ

កាលពី​ថ្ងៃទី ៣០ សីហា​ម្សិលមិញនេះ ហាង​លក់​ទំនិញ​រាយ​ដ៏​ល្បីល្បាញ​ 7-Eleven បាន​ប្រកាស​បើក​សាខា​ដំបូង​បង្អស់​នៅ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​តំបន់​ជ្រោយចង្វា ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ CP All (Cambodia) Plc ជា​អ្នក​ទិញ​សិទ្ធិ​ផ្ដាច់មុខ​ ខណៈ​ក្រុមហ៊ុន​នេះ​ក៏​បាន​អះអាង​ថា សាខា​បន្ត​បន្ទាប់​នឹង​លេច​វត្តមាន​នា​ពេល​ឆាប់ៗ​ខាង​មុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ដ្បិត​នេះ​ជា​សាខា​ដំបូង​នៅ​កម្ពុជា​មែន តែ 7-Eleven មាន​សាខា​ជាច្រើន​ទូទាំង​ពិភពលោក​ឯណោះ ដែល​រាប់​ទៅ​ច្រើនជាង​ ៦ ម៉ឺន​កន្លែង ហើយ​ភាគច្រើន​មាន​នៅ​ប៉ែក​អាមេរិក​ខាងជើង និង​នៅ​តំបន់​អាស៊ី។

7-Eleven គឺជា​ក្រុមហ៊ុន​​មាន​ទីតាំង​ស្ថិតនៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ Dallas រដ្ឋ​ Texas​។ បើ​មើល​ពី​ប្រវត្តិ​ក្រុមហ៊ុន​មួយ​នេះ គឺ​ហាក់​មាន​ការ​តស៊ូ​ខ្លាំង​មែនទែន ព្រោះ​ពីដើម​ឡើយ​ មុន​មាន​សាខា​រាប់​ម៉ឺន​កន្លែង ពួកគេ​ធ្លាប់​ប្រកាស​ក្ស័យធន​ដល់ទៅ ២ លើក​ឯណោះ។

ត្រឡប់​ទៅ​កាលពី​ឆ្នាំ ១៩២៧ ដែល​ជា​ការ​ចាប់ផ្ដើម​ដំបូង​របស់ 7-Eleven ដែល​កាលនោះ ប្រជាជន​នៅ​តំបន់ Texas មិនទាន់​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ ដូច្នេះ Uncle Johnny ក៏​បាន​នឹកឃើញ​យក​ដុំ​ទឹកកក​មក​លក់​ ដើម្បី​បំពេញ​តម្រូវការ​អតិថិជន ដោយ​លោក​បើក​ហាង​រហូត​ដល់ ១៦ ម៉ោង/ថ្ងៃ និង ៧ ​ថ្ងៃ/សប្ដាហ៍​។

លុះ​ក្រោយ​មក​ទើប​លោក​ចាប់ផ្ដើម​ដាក់​លក់​គ្រឿងទេស និង​ចំណី​អាហារ​ផ្សេងៗ ដោយ​មាន​ការ​ឲ្យ​យោបល់​ពី​អតិថិជន​មក​ទិញ​ទឹកកក និង​បាន​ដាក់​ឈ្មោះ​ហាង Tote’m Store។ តែ​នៅ​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ចន្លោះ​ឆ្នាំ ១៩២៩-១៩៣៩ Tote’m Store ក៏​ដូចជា​ហាង​ដ៏ទៃ​បាន​ប្រកាស​ក្ស័យធន​មួយ​សារ។

លុះ​ដល់​ឆ្នាំ ១៩៤៦ ហាង​មួយ​នេះ​បាន​ងើបឡើង​សារ​ថ្មី តែ​ប្ដូរ​ឈ្មោះ​ទៅ​ជា 7-Eleven និង​បាន​រក្សា​ម៉ោង​ធ្វើការ​ដដែល​ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ១១ យប់ ៧​ថ្ងៃ/សប្ដាហ៍​ដដែល។ ក្រោយមក​ នៅ​ចុង​ទសវត្ស​ ១៩៥០ ពួកគេ​បាន​ពង្រីក​សាខា​ពី​ទឹកដី​ខាងត្បូង រហូត​ដល់​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក ហើយ​នៅ​ឆ្នាំ ១៩៦៣ 7-Eleven ចាប់ផ្ដើម​បើក​លក់ ២៤ ម៉ោង និង​ប្រកាស​លក់​សិទ្ធិ​ផ្តាច់​មុខ​នៅ​ឆ្នាំ​បន្ទាប់។

ឆ្នាំ ១៩៧៣ 7-Eleven មាន​សាខា​ដំបូង​នៅ​ប្រទេស​ជប៉ុន និង​មាន​សាខា​រហូត​ដល់​ជាង ៥ ០០០ កន្លែង​ទូទាំង​ពិភពលោក​គិត​ត្រឹម​ឆ្នាំ ១៩៧៤។ ប៉ុន្តែ​នៅ​ទសវត្ស ១៩៨០ ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​ការ​គំរាម​កំហែង ដោយ​ជាប់​បំណុល​ជាច្រើន រហូត​ដល់​លក់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ស្ទើរ​ទាំងអស់​ដើម្បី​លោះ​បំណុល ហើយ​នៅ​ឆ្នាំ ១៩៩០ ក៏​ប្រកាស​ក្ស័យធន​ជា​លើក​ទី ២។

ដោយសារ​ ការ​ព្យាយាម​តស៊ូ Southland Corp. ក៏​បាន​ងើប​មក​វិញ​ម្ដងទៀត ដោយ​លើក​នេះ​ប្ដូរ​ទាំង​ឈ្មោះ​ស្ថាប័ន​តែ​ម្ដង ដោយ​ដាក់ 7-Eleven, Inc វិញ នៅ​ឆ្នាំ ១៩៩៩ និង​បន្ត​ពង្រីក​វិសាលភាព​ដល់​ទៅ​ជាង ២៥ ០០០ កន្លែង​ត្រឹម​ឆ្នាំ ២០០៣។

ទី​បំផុត 7-Eleven បាន​ក្លាយជា​ហាង​លក់​ទំនិញ​រាយ​ពេញ​និយម​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ដែល​មាន​សាខា​ច្រើន​ជាង ៦ ម៉ឺន​កន្លែង នៅ​ ២៤ ប្រទេស ដែល​ក្នុង​នោះ​មាន ១៥ ប្រទេស​នៅ​ទ្វីប​អាស៊ី ខណៈ​មូលធន​ទីផ្សារ​របស់ 7-Eleven គិត​ត្រឹម​ខែ​សីហា ២០២១ គឺ​ប្រមាណ ៣៨,៤៤ ពាន់​លាន​ដុល្លារ៕

ប្រភព: britannica