អ្នក​ឧកញ៉ា សៀ ឫទ្ធី សន្យា​បញ្ចប់​គម្រោង​សាងសង់​ភូមិកីឡា ដើម្បី​មុខមាត់កម្ពុជា​

ជុំវិញ​ឧកញ៉ា

ភូមិកីឡាកំពុងសាងសង់​លើ​ផ្ទៃដី​រាប់​សិបហិកតា ដែល​ចំណាយ​ទុន​វិនិយោគ​រាប់សិប​លានដុល្លារ​ ខណៈ​អ្នក​ឧកញ៉ា សៀ ឫទ្ធី សន្យា​នឹង​បញ្ចប់​ឲ្យរួចរាល់ ដើម្បី​មុខមាត់ជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge ដែលទទួលបានសិទ្ធិសាងសង់ភូមិកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោបានធ្វើការអះអាងចំពោះមុខសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថា នឹងមិនធ្វើឲ្យខូចកិត្តិយសជាតិឡើយ ពោលគឺនឹងពន្លឿនការសាងសង់ឲ្យបានរួចរាល់តាមផែនការ ដើម្បីត្រៀមស្វាគមន៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។

ដំណើរការនៃការអភិវឌ្ឍន៍ភូមិកីឡា ជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ភូមិកីឡា កំពុងសាងសង់លើផ្ទៃដីប្រមាណ ៨ហិចតា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ហើយជាតំបន់បៃតងដែលមានទីធ្លាធំទូលាយ មានផ្សារទំនើប និងសាលធំៗអាចប្រើប្រាស់ជាការប្រកួតកីឡាបាន។ លើសពីនេះ ក៏មានរៀបចំសារមន្ទីរស៊ីហ្គេម ដើម្បីផ្ទុកនូវអនុស្សាវរីយ៍ ដែលកម្ពុជាធ្លាប់ដណ្ដើមបានពីស៊ីហ្គេមមុនៗទៀតផង។

ភូមិកីឡា ឬ Sport Village គឺជាកន្លែងស្នាក់នៅ និងហូបចុករួមដ៏ធំមួយ ដើម្បីត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិកខ្ទង់ ១ម៉ឺននាក់ ដែលនឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ តាមផែនការក្រុមហ៊ុនបានសន្យាថា ការសាងសង់គម្រោងនេះ នឹងត្រូវបញ្ចប់នាចុងឆ្នាំ២០២២ ដើម្បីប្រគល់ឲ្យគណៈកម្មាធិការជាតិ CAMSOC ប្រើប្រាស់ឲ្យបានទាន់ពេលវេលានៃកាលបរិច្ឆេទរៀបចំស៊ីហ្គេម ចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣៕