បើនិយាយដល់វិស័យវិនិយោគ គ្រប់គ្នាប្រហែលជានឹកឃើញដល់ Warren Buffett ជាមិនខាន ព្រោះលោកគឺជាវិនិយោគិនមួយរូបដែលទទួលបានជោគជ័យបំផុតក្នុងសម័យកាលមួយនេះ។
ជាមួយភាពជោគជ័យដ៏សម្បើមបានពីការវិនិយោគផ្សេងៗ ម្ចាស់ក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបរហូតដល់ ១០៣,៧ ពាន់លានដុល្លារគិតមកត្រឹមពេលនេះ។
ដោយឡែក កាលពីពេលកន្លងទៅ នៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់ Berkshire Hathaway មហាសេដ្ឋីខាងលើ ក៏បានទម្លាយនូវតិចនិកមួយចំនួនសម្រាប់វិនិយោគិនក្មេងៗ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត ដែលនោះគឺ៖
ការសម្រេចចិត្តមុនធ្វើការវិនិយោគ ៖ មុនសម្រេចធ្វើអ្វីមួយ អ្នកគួរគប្បីស្វែងយល់ពីវាឲ្យបានច្បាស់ ហើយសម្រាប់ Buffett វិញ មុនចូលវិនិយោគលើអ្វីមួយ លោកតែងស៊ើបសួររាល់ព័ត៌មានទាក់ទងពីគម្រោងមួយនោះ ហើយវាត្រូវបានគេឲ្យឈ្មោះថា “Scuttlebutt Approach”។
គន្លឹះនេះ គឺតម្រូវឲ្យអ្នកទៅសាកសួរព័ត៌មានពីអតិថិជន អ្នកផ្គត់ផ្គង់ទំនិញ គូប្រជែង និងសូម្បីតែអតីតបុគ្គលិករបស់ក្រុមហ៊ុនដែលអ្នកបណ្ដាក់ទុនជាមួយ។
ចេះជ្រើសរើស idol ឬអ្នកណែនាំឲ្យបានត្រឹមត្រូវ៖ ពេលខ្លះវិនិយោគិនក្មេងៗមួយចំនួនគិតថា ពួកគេអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយមិនចាំបាច់ត្រូវការយោបល់ពីអ្នកជុំវិញខ្លួន។ តែនេះគឺជាការគិតខុស ជាក់ស្ដែងប្រសិនបើអ្នកទទួលបាន ឬស្ដាប់បទពិសោធន៍ពីមនុស្សជុំវិញអ្នក នោះអ្នកប្រាកដជាបានមេរៀនថ្មីៗ និងអាចមិនសូវជួបហានិភ័យពេលមានបញ្ហានៅថ្ងៃណាមួយ។
ដូច្នេះហើយការជ្រើសរើស អ្នកណែនាំ ឬ Idol គឺពិតជាសំខាន់ណាស់សម្រាប់វិនិយោគិនក្មេងៗ ហើយអ្នកណែនាំទាំងនោះមិនមែនចាំបាច់តែជាអ្នកស្គាល់គ្នា អ្នកនៅក្បែរគ្នាឡើយ ពោលពួកគេអាចជាអ្នកនិពន្ធ អ្នកនិយាយតាមសាធារណៈ ហើយអ្នកអាចយល់ដឹងដោយអានសៀវភៅ ឬស្ដាប់ការនិយាយរបស់ពួកគេបាន។
ហើយក្រៅពីដំបូន្មានធំៗទាំង ២ ខាងលើ ក៏នៅមានគន្លឹះមួយចំនួនទៀតដូចជា៖
- កុំសូវបារម្ភពីការបង្កើតកំហុសខ្លាំងពេក
- តែងតែអាននូវចំណុចសំខាន់ ជាជាងចំណុចបន្ទាប់បន្សំ
- កុំទាន់អាលឡើងសេរីរថយន្តទំនើប ប្រសិនបើអ្នកមិនទាន់អាចបង្កើនប្រាក់ចំណូលបាន
- ចេះជ្រើសរើសគូអនាគតឲ្យបានច្បាស់ រៀបការជាមួយមនុស្សត្រឹមត្រូវ ព្រោះមនុស្សមួយរូបនោះនឹងកែប្រែជីវិតរបស់អ្នកទាំងស្រុង
- ដើម្បីកែប្រែ អភិវឌ្ឍន៍ខ្លួន ចំណេះដឹង ថាមពល ភាពសុចរិត ភាពអត់ធ្មត់ ការចេះបែងចែក គឺជាកត្តាសំខាន់បំផុត៕
ប្រភព: nairametrics