នៅព្រឹកមិញនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២។ ប្រព័ន្ធចុះបញ្ជីថ្មីងាយស្រួល កាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយការចាយសេវាខាងក្រៅ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រសាសន៍ថា ការប្រកាសដាក់ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញដំណាក់កាលទី 2 នេះ ក្នុងគោលបំណងសម្រួលបរិយាកាសធុរកិច្ចនិងវិនិយោគសំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេសចូលរួមចំណែកដល់ការរក្សានិរន្តភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងបរិយាកាសនៃការឆ្លងរាលដាលនៃជំងឺកូវីដ19 តាមរយៈការធ្វើឌីជីថលរូបនីយកម្មសេវាសាធារណៈ។
ពលរដ្ឋនិងម្ចាស់អាជីវកម្ម អាចទទួលបានផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយភាពជឿជាក់និងសុវត្ថិភាពខ្ពស់ ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មអនឡាញឬ ហៅកាត់ថា OBR ត្រូវបានរៀបចំឡើងមានលក្ខណៈ online មានភាពងាយស្រួលដោយពេលវេលាត្រួតពិនិត្យខ្លីជាងមុនគឺត្រឹមតែ ៨ថ្ងៃ និងកម្រៃសេវាទាបជាងមុន។
ដំណាក់កាលទី 2 នេះនឹងអនុញ្ញាតឲ្យធុរជនអាចចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនបានពេញលេញស្របតាមបទប្បញ្ញត្តិដែលមានជាធរមានតាមរយៈការដាក់ស្នើសុំអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតផ្សេងទៀតបង់ថ្លៃសេវាតាមរយៈប្រព័ន្ធបង់ប្រាក់ឌីជីថល និងទាញយកវិញ្ញាបនបត្រឬលិខិតអនុញ្ញាតជាទម្រង់ឌីជីថលពីទីណាក៏បានពេលណាក៏បាន ដោយមិនបាច់ធ្វើដំណើរឬមុខជួបផ្ទាល់ជាមួយមន្ត្រី។
ការដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានការសហការជាមួយ៖
-ក្រសួងពាណិជ្ជកម្ម
-អគ្គនាយកដ្ឋានពន្ធដារ
-ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ,
-ក្រសួងមហាផ្ទៃ
-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
-ក្រសួងទេសចរណ៍
-ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ,
-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីផ្តល់ភាពងាយស្រួលដល់ធុរជនក្នុងការចុះបញ្ជីអាជីវកម្ម ដោយចំណាយពេលវេលា និងថវិកាតិចជាងមុន និង ធ្វើឡើងជាកញ្ចប់តាមនីតិវិធីអនឡាញជាមួយក្រសួង-ស្ថាប័នចំនួន ៣ រួមមាន ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ក្រុមហ៊ុនដែលចង់ចុះបញ្ជីជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចដាក់ស្នើតាមអនឡាញបាន ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ទៀតសោត ក្នុងដំណាក់កាលទី១ នេះ ក៏មានកិច្ចសហការផ្តល់ទិន្នន័យបុគ្គលពីក្រសួងមហាផ្ទៃផងដែរ។
ដើម្បីបង្កើនបទពិសោធន៍ និងពង្រីកវិសាលភាពប្រើប្រាស់របស់ធុរជនឱ្យបានកាន់តែល្អនិងងាយស្រួលជាង មុនថែមមួយកម្រិតទៀត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២” នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងដំណាក់កាលទីពីរនេះ ក្រសួងស្ថាប័នចំនួន ៤ បន្ថែមទៀតររួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ធុរជនអាចស្នើសុំ (១) ប្រកាសស្តីពីការបង្កើតសហគ្រាសធុនតូចនិងមធ្យម (២) អាជ្ញាបណ្ណទេសចរណ៍សម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ (៣) អាជ្ញាបណ្ណទេសចរណ៍សម្រាប់សណ្ឋាគារសេវាស្នាក់នៅទេសចរណ៍ (៤) អាជ្ញាបណ្ណទេសចរណ៍សម្រាប់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ (៥) អាជ្ញាបណ្ណវិញ្ញាបនបត្រ/លិខិតអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) (៦) អាជ្ញាបណ្ណវិញ្ញាបនបត្រ/លិខិតអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យប្រៃសណីយ៍ (៧) អាជ្ញាបណ្ណអាជីវកម្មបញ្ចាំ និង (៨) អាជ្ញាបណ្ណអាជីវកម្មប្រាតិភោគដោយអនុប្បទាន។
ខាងក្រោមនេះជារយៈពេលត្រួតពិនិត្យលើពាក្យស្នើសុំនីមួយៗ ត្រូវបានកាត់បន្ថយនិងកំណត់ដូចខាងក្រោម៖
អត្ថបទ៖ ឧកញ៉ាស្រី