បន្ទាប់ពីមានការស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សា និងវាយតម្លៃលើការបើកដំណើរការសាលារៀននៅតាមបណ្ដារាជធានី-ខេត្ត ដែលមានហានិភ័យឆ្លងកូវីដកម្រិតទាប ឡើងវិញ លោក ហង់ ជួនណារ៉ុន បានកំណត់ឱ្យសាលាដែលមានលក្ខខណ្ឌបើកបានទាំងនោះ រៀបចំឱ្យសិស្សចូលរៀនក្នុងមួយថ្នាក់ច្រើនបំផុតបានត្រឹមតែ ១៥នាក់ ប៉ុណ្ណោះ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានស្នើទៅ មន្ទីរអប់រំតាមបណ្ដាខេត្តទៀតថា ៖ សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវបានកំណត់ជាក្រុមអាទិភាពឱ្យចូលរៀនក្នុងពេលឆាប់ៗនេះ។ ដោយឡែក សម្រាប់លោកគ្រូ អ្នកគ្រូ ដែលមានអាយុលើសពី ៥០ឆ្នាំឡើង ក្រសួងលើកទឹកចិត្តឱ្យបន្តបង្កើតថ្នាក់តាមអនឡាញដដែល ជៀសវាងហានិភ័យសុខភាពក្នុងស្ថានភាពនេះ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ឱ្យជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធនឹងលទ្ធភាពបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩ ផងដែរ៕