ស្ថិតក្នុងវិបត្តិជាសកលប្រទេសជាច្រើន កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទៅ លើវិស័យអចលនទ្រព្យ ដែលធ្វើឲ្យតម្លៃមានការធ្លាក់ចុះខ្លាំង ក្នុងអំឡុងវិបតិ្តកូវីដ-១៩នេះ ប៉ុន្តែយ៉ាងណាក៏នៅតែមានបណ្តាប្រទេសមួយចំនួនទៀត មានការកើនឡើងខ្លាំងផងដែរ។
ជាក់ស្តែង ក្នុងទីក្រុងធំៗនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូចជាសឹង្ហបុរី ស៊ីដនី សេអ៊ូល និងតៃវ៉ាន់ ដែលតម្លៃអចលនទ្រព្យកំពុងតែមានការកើនឡើងខ្ពស់បំផុត រហូតតំបន់ខ្លះអាចកើនដល់ ៣៧% ភាគរយឯណោះ ។
យ៉ាងណា បើតាមសារព័ត៌មាន CNBC បានបង្ហាញបង្ហាញពីតម្លៃលក់អចលនទ្រព្យ ដោយប្រៀបធៀបទៅលើតម្លៃផ្ទះដែលមានបន្ទប់មួយ បន្ទប់ ២ បន្ទប់ ៣ និងបន្ទប់ ៤ នៅក្នុងចំណោមទីក្រុងធំៗ របស់អាស៊ី ប៉ាស៊ីហ្វិក ដែលមាន សឹង្ហបុរី ស៊ីដនី សេអ៊ូល និងតៃវ៉ាន់ ដូចខាងក្រោម ៖
ទីក្រុងសិង្ហបុរី-ប្រទេសសិង្ហបុរី
សិង្ហបុរី ត្រូវបានគេចាត់ទុកថា ជាមជ្ឍមណ្ឌលហិរញ្ញវត្ថុអាស៊ី ដ៏ល្បីល្បាញបំផុតមួយ ដោយសារតែមានអគារខ្ពស់ៗកប់ពពកជាច្រើន ដូច្នេះហើយទើបទីនោះក្លាយជាកន្លែង ដែលមានអចលនទ្រព្យមានតម្លៃថ្លៃបំផុតផងដែរ។ យ៉ាងណានេះបើយោងតាមការស្រាវជ្រាវរបស់ CNBC ទៅលើទីក្រុងធំៗ ទាំង ៤ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
សម្រាប់អចនលទ្រព្យ ដែលមានបន្ទប់គេងមួយ ទៅបន្ទប់គេង ២ នៅក្នុងសង្កាត់ កណ្តាលទីក្រុង ត្រូវគេប៉ាន់ប្រមាណថាមានតម្លៃប្រហែល ១.០៣ លានដុល្លារ។ នេះបើយោងតាមទិន្នន័យតម្លៃលក់ជាមធ្យម ដែលប្រមូលដោយគេហទំព័រអចលទ្រព្យ Property Guru ចាប់ពីខែមករា ដល់ខែកក្កការឆ្នាំ ២០២១ នេះ ។
ដោយឡែកសម្រាប់អចលនទ្រព្យ ដែលមានបន្ទប់គេងពី ៣ ទៅ ៤ អាចមានតម្លៃចូលជិត ២.៤ លានដុល្លារ សម្រាប់រយ:ពេលដូចគ្នានេះ ។
គួរបញ្ជាក់តម្លៃផ្ទះ ដែលមានបន្ទប់គេងមួយ និងបន្ទប់គេងពីរ នៅតែមានស្ថិរភាពក្នុងឆ្នាំនេះរហូតដល់ខែកក្កដា។ ប៉ុន្តែសម្រាប់ផ្ទះដែលមានបន្ទប់គេងបី និង ៤ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយតម្លៃឡើងប្រមាណ ៥% ជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងសង្កាត់ធំៗដូចជា Alexandra, Commonwealth, Chinatown និង Tanjong Pagar ជាដើម។
ទីក្រុងសេអ៊ូល-កូរ៉េខាងត្បូង
ទីក្រុងសេអ៊ូលជាទីប្រជុំជនដ៏ស៊ីវីល័យបំផុតមួយលើពិភពលោក ដែលមានទីតាំងនៅក្នុងប្រទេសកូរ៉េត្បូង ប៉ុន្តែយ៉ាងណាតម្លៃអចនលទ្រព្យនៅក្នុងទីក្រុងនេះ គឺស្ថិតនៅពីក្រោយប្រទេសសិង្ហបុរីប៉ុណ្ណោះ។
យ៉ាងណាចំពោះអចនលទ្រព្យ ដែលមានបន្ទប់គេង ១ ទៅ ២ ជាមួយទំហំ ៩៩ ម៉ែត្រការ៉េ នៅក្នុងសង្កាត់កាងណាំ ដែលជាតំបន់ប្រជុំជនសំខាន់ជាងគេក្នុងទីក្រុងសេអ៊ូលមានតម្លៃជាមធ្យម ៨៥៥,០០០ ដុល្លារគិតត្រឹមខែកក្កដាឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យ ដែលប្រមូលបានដោយសកម្មវិធីអចលនទ្រព្យរបស់កូរ៉េខាងត្បូង Zigbang ។
ដោយឡែកចំពោះអចលនទ្រព្យ មានបន្ទប់គេង ៣ ទៅ ៤ ដែលមានទំហំពី ៩៩ នៅ ១៦៥ ម៉ែត្រការ៉េ មានតម្លៃប្រហែល ១,៨ លានដុល្លារ ។
ដូចសិង្ហបុរីដែរ កំណើនតម្លៃអចលនទ្រព្យ នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនសូវមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ចំពោះអចលនទ្រព្យខ្នាតតូច ។ ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះ ផ្ទះដែលមានបន្ទប់គេងមួយ ជាមួយទំហំ ៦៦ ម៉ែត្រការ៉េ មានតម្លៃកើនឡើង ៥%។
ទីក្រុងស៊ីដនី -អូស្រ្តាលី
អចលនទ្រព្យនៅក្នុងទីក្រុងស៊ីដនី របស់អូស្រ្តាលីក៏ត្រូវបានគេចាត់ទុកថាមានតម្លៃថ្លៃបំផុតមួយផងដែរ បើទោះពីប្រទេសនេះស្ថិតនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅក៏ដោយ ។
យ៉ាងណាបើយោងទៅតាមទិន្នន័យពីគេហទំព័រអចលនទ្រព្យ Domain បានបង្ហាញថាផ្ទះដែលមានបន្ទប់គេង ១ ទៅ ២ នៅតំបន់ Greater Sydney មានតម្លៃជាមធ្យម ៥៧៤,២៤៦ ដុល្លារគិតត្រឹមខែមិថុនាឆ្នាំ ២០២១ ។
សម្រាប់ អចលនទ្រព្យដែលមានបន្ទប់គេងបី និងបន្ទប់គេង ៤ មានតម្លៃជាមធ្យម ៩១៤ ៩៦៩ ដុល្លារ។
តម្លៃអចលនទ្រព្យនៅក្នុងស៊ីដនី បានកើនឡើង ៣% សម្រាប់អាផាតមិន ដែលមានបន្ទប់គេង ១ និងបន្ទប់គេង ២ នៅឆមាសទីមួយនៃឆ្នាំ ២០២១ នេះ ខណ:តម្លៃសម្រាប់អាផាតមិន ដែលមានបន្ទប់គេង ៣ បានកើនឡើងប្រហែល ៨%។
ទីក្រុងតៃប៉ិ -កោះតៃវ៉ាន់
ទីក្រុងតៃប៉ិរបស់តៃវ៉ាន់ គឺត្រូវបានគេចាត់ទុកថាជាទីក្រុងដែលមានតំលៃអចលនទ្រព្យសមរម្យបំផុតមួយ ក្នុងចំណោមទីក្រុង នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលស្រាវជ្រាវដោយ CNBC ។
អចលនទ្រព្យដែលមានបន្ទប់គេងពីមួយ ទៅពីរ នៅក្នុងទីក្រុងនេះមានតម្លៃជាមធ្យម ៤៧៣.៥០០ ដុល្លារនេះ បើយោងតាមទិន្នន័យកាលពីខែមិថុនាឆ្នាំ ២០២១ ដែលចេញដោយភ្នាក់ងារអចលនទ្រព្យពិភពលោក Savills។ ចំណែកឯផ្ទះដែលមានបន្ទប់គេងបី និងបន្ទប់គេង ៤ វិញ មានតម្លៃជាមធ្យម ៩៧៧.០០០ ដុល្លារ។
សូមបញ្ជាក់ថា តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងតៃប៉ិ បានកើនឡើងប្រហែល ៤.៥% ពីមួយឆ្នាំទៅមួយឆ្នាំ ។ តែយ៉ាងណាក៏ដោយ ចំពោះអចលនទ្រព្យថ្មីៗមានតម្រូវការខ្ពស់បំផុត មានតម្លៃកើនឡើងទ្វេដង ក្នុងអត្រាប្រមាណ ១០,៤% ឯណោះ ។
ដូច្នេះសរុបមកយើងឃើញថាអចលនទ្រព្យនៅក្នុងទីក្រុងសិង្ហបុរីគឺមានតម្លៃថ្លៃដាច់គេ បើប្រៀបធៀបជាមួយទីក្រុងធំៗផ្សេងទៀត នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដូចជាសេអ៊ូល ស៊ីដនី និងតៃប៉ិ នោះ ៕
ប្រភព៖ CNBC
ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ