ស្រ្តីអ្នកជំនួញខ្មែរម្នាក់បានប្រាប់បទពិសោធន៍ដ៏ខកចិត្តមួយ ក្រោយពេលមានបំណងចង់ជួលតារាស្រីល្បីឈ្មោះម្នាក់មកជួយប្រូម៉ូតផលិតផលរបស់ខ្លួន។
ស្រីជាម្ចាស់ជំនួញក្រុមហ៊ុន LM Lima Angkor Foods (អិលអិម លីម៉ា អង្គរ ហ្វ៊ូត) បានប្រាប់រឿងរ៉ាវថា កាលពីជាង១ខែមុន អ្នកស្រីបានទាក់ទងតារាស្រីល្បីឈ្មោះលំដាប់បង្គួរម្នាក់ ដើម្បីជួយធ្វើជាម៉ូឌែលផ្សព្វផ្សាយប្រេងដូងរបស់ខ្លួន។ នាងទារប្រាក់ចំនួន ២ ពាន់ដុល្លារ ជាថ្នូរនឹងការថតវិដេអូប្រវែង២នាទី ហើយគំរាមទៀតថា អាចឡើងដល់ ៣ពាន់ដុល្លារ បើការថតនោះពិបាកលើសការរំពឹងទុក។
ដោយគិតថា លុយចំនួន ដល់ទៅ ២ឬ៣ពាន់ដុល្លារ អាចត្រៀមទិញផ្លែដូងទុំបានច្រើនខ្លាំងណាស់ ហើយវារឹតតែច្រើនសម្រាប់កសិករម្ចាស់ចម្ការដូង។ ម្ចាស់ជំនួញរូបនេះដេកគិតចុះឡើង ហើយចូលទៅមើលផេគរបស់តារាស្រីនោះ ពិចារណាយ៉ាងយូរ ឃើញថា នាងស្អាតដោយសារកែសម្ផស្សសុទ្ធសាធតែម្ដង។ ច្រមុះ មាត់ ភ្នែក ចង្កា សុទ្ធតែចាក់ស៊ីលីកូន និងសល្យកម្មផ្លាស្ទីក។ ហើយរូបថតទាំងនោះ បៀកម្សៅ ផាត់គូល័រ តរោមភ្នែក បាញ់ភ្លើងលឿង និង ឆ្លងកាត់ការ អេឌីត ក្នុងហ្វូតូហ្សបសម្បើមណាស់ ទើបបានស្អាតប៉ុនហ្នឹង។ ដោយគិតដល់ចំណេះដឹងរបស់នាងទៀត ថា មិនដឹងរៀនសូត្របានប៉ុនណា មានគុណសម្បត្តិអ្វីចំពោះសង្គមជាតិសម្រាប់ជាគំរូដល់សាធារណជន ក្រៅពីចេះច្រៀងរាំទៅន៎!គិតយូរៗទៅ ដូចជាមិនឃើញថាតម្លៃផ្សព្វផ្សាយរបស់តារារូបនោះសមនឹងលុយពីរបីពាន់ដុល្លារសោះ។ និយាយតាមត្រង់ សូម្បីតែបង់ឱ្យតែត្រឹម ៣០០ដុល្លារ ក៏ដូចជាស្ដាយដែរ។
ក្រោយពេលគិតចុះឡើង ណ្ហើយ! គេដល់ឧកញ៉ាផង គេនៅខំផ្សាយដោយខ្លួនឯង… ចុះរឿងអ្វី ផលិតផលក្នុងស្រុកមួយដែលកំពុងមានបេសកកម្មជួយទាំងស្ត្រីខ្មែរ ទាំងសហគមន៍ក្រីក្រតាមខេត្តផង មិនអាចយកមុខម្ចាស់សិប្បកម្មផ្សាយបាន?! ស្រ្តីជាម្ចាស់ផលិតផលសុខភាពធម្មជាតិរូបនោះ ក៏សម្រេចចិត្តធ្វើជាតារាម៉ូឌែលឱ្យក្រុមហ៊ុន LM Lima Angkor Foods (អិលអិម លីម៉ា អង្គរ ហ្វ៊ូត) របស់ខ្លួនតែម្តង។ បច្បុប្បន្ន ស្រ្តីជាម្ចាស់សហគ្រិនខ្មែររូបនោះ ក៏កំពុងព្យាយាមសិក្សាស្រាវជ្រាវបន្ថែមពីគុណប្រយោជន៍ប្រេងដូងត្រជាក់ ដើម្បីផ្ដល់ចំណេះដឹងសុខភាពជូនគ្រប់អតិថិជន និង អ្នកប្រើប្រាស់ ទទួលបានភាពភ្លឺស្វាងក្នុងការថែរក្សាសុខភាពរាងកាយ និង សម្រស់តាមបែបធម្មជាតិ និងអស់លុយតិចបំផុត!