Alibaba គ្រោងចាយ​លុយ​ជាង ១៥ ពាន់​លាន​ដុល្លារ គាំទ្រ​​រដ្ឋាភិបាល​ចិន លើការងារ​មនុស្សធម៌

អន្តរជាតិ

កាលពី​ពេល​ថ្មីៗ​នេះ មាន​របាយការណ៍​ជាច្រើន​ចុះផ្សាយ​ថា ក្រុមហ៊ុន​យក្ស Alibaba Group នឹង​ធ្វើការ​វិនិយោគ​ជា​សាច់ប្រាក់​ប្រមាណ ១០០ ពាន់​លាន​យ៉ន់ ឬ​ប្រហែល ១៥,៥ ពាន់​លាន​ដុល្លារ​ដល់​ឆ្នាំ ២០២៥ សម្រាប់​គម្រោង​សប្បុរសធម៌ ដែល​រៀបចំ​ឡើង​ដោយ​រាជរដ្ឋាភិបាល​ចិន ដែល​​ដឹកនាំ​ដោយ​ប្រធានាធិបតី Xi Jingping ដោយ​ផ្ទាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ Zhejiang News មូលនិធិ​ទទួល​បាន​ពី Alibaba នឹង​ផ្ដល់​ទៅ​ឲ្យ​សហគ្រាស​ធុន​តូច ឬ​មធ្យម ក៏​ដូចជា​យក​ទៅ​ពង្រឹង​គុណភាព​ធានារ៉ាប់រង​នៃ​អ្នកធ្វើការ​តូចតាច ដូចជា​អ្នកនាំ​សំបុត្រ និង​អ្នក​ដឹកជញ្ជូន​ជាដើម។

ក្រៅពី Alibaba ​រដ្ឋាភិបាល​ចិន​ក៏​ជ្រោមជ្រែង​ឲ្យ​ក្រុមហ៊ុន​ខ្នាត​យក្ស​ជាច្រើន​ទៀត ជួយ​ជា​ប្រាក់​ឧបត្ថម្ភ ឬ​មូលនិធិ​ផ្សេងៗ​ ដើម្បី​កាត់​បន្ថយ​វិសមភាព​សង្គម​នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លើ​ពិភពលោក​ទី ២ នេះ​ផង​ដែរ ខណៈ​ក្រុមហ៊ុន​ដូចជា Tencent Holdings ក៏​ប្រកាស​ចូលរួម​ចំណែក ១០០ ពាន់​លាន​យ៉ន់ ដូចគ្នា​នឹង Geely Automobile ដែរ។

បញ្ជាក់​ដែរ​ថា ការ​ចាប់ផ្ដើម​ប្រមូល​មូលនិធិ​ជា​ហូរហែ​របស់​ក្រុមហ៊ុន​​ខ្នាត​យក្ស​ជាច្រើន​ទូទាំង​ប្រទេស​បែបនេះ គឺ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចិន​ធ្វើការ​ពិន័យ​ Alibaba ប្រមាណ ២,៧៥ ពាន់​លាន​ដុល្លារ​ ដោយ​ចោទ​ថា​ បំពាន​ច្បាប់​ផ្ដាច់មុខ ខណៈ​វា​ប្រៀប​បាន​នឹង​ការ​ព្រមាន​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ដូចគ្នា៕

ប្រភព: kfgo