កុំច្រឡំថាឡានក្រុង គឺ​​ផ្ទះ​ចល័ត​តម្លៃ​​ជិត ៨ លាន​ដុល្លារ ​ខាងក្នុង​ទំនើប​​មិន​ចាញ់​ផ្ទះ​វិឡា

អន្តរជាតិ

រថយន្ត​ផ្ទះ​ចល័ត​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Volkner ដែល​ជា​ក្រុមហ៊ុន​អាល្លឺម៉ង់​ទទួល​បន្ទុក​ផលិត​រថយន្ត​ប្រភេទ​នេះ​ បាន​ដាក់​បង្ហាញ​ម៉ូដែល​ចុងក្រោយ​ដែល​មាន​តម្លៃ​រហូត​ដល់ ៧,៧ លាន​ដុល្លារ និង​មាន​ឈ្មោះ​ថា Vokner Performance S 2021។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្ត​មួយ​គ្រឿង​នេះ បើ​មើល​ពី​ខាងក្រៅ គឺ​មិន​ខុសគ្នា​ពី​ឡានក្រុង​ប៉ុន្មាន​ឡើយ តែ​បើ​ទៅ​មើល​គ្រឿង​តុបតែង​ខាងក្នុង​វិញ វីឡា​ក្នុង​ឆ្នាំ ២០២១ ល្មមៗ​មិន​ដូរ​ឡើយ ព្រោះ​វា​ប្រៀប​ដូចជា​សណ្ឋាគារ​ផ្កាយ ៥ ចឹង ដែល​មាន​បន្ទប់​ញាំ​អាហារ និង​បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បន្ទប់ទឹក និង​បន្ទប់គេង​ផង​ដែរ។

កាន់តែ​ទំនើប​នោះ គឺ​រថយន្ត​ម៉ូដែល​នេះ​គឺ បំពាក់​ដោយ​ប្រព័ន្ធ​សម្លេង​ដែល​មាន​តម្លៃ​ដល់ទៅ​ជិត ៤០ ម៉ឺន​ដុល្លារ រីឯ​ផ្នែក​ខាងក្នុង​ក៏​មាន​កន្លែង​រក្សា​សីតុណ្ហភាព កន្លែង​ធ្វើការ​មាន​ផាសុកភាព ងាយស្រួល​ដល់​អ្នក​ចូលចិត្ត​ដើរកម្សាន្ត​ផង និង​ធ្វើការ​ផង​។

ក្រឡេក​មក​មើល​កម្លាំង​នៃ​រថយន្ត​វិញ Volkner Performance S 2021 គឺ​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង ៤៦០hp Volvo ឬ ៤៣០hp Mercedes-Benz ដែល​មាន​តម្លៃ ១,៨ លាន​ដុល្លារ រីឯ​តួ​រថយន្ត​គឺ​មាន​ប្រវែង​ជិត ១២​ម៉ែត្រ និង​ទំងន់ ១៨ តោន។

ផ្នែក​ខាងក្រោម​នៃ​រថយន្ត​គឺ​ជា​យានដ្ឋាន​តូចល្មម​អាច​ដាក់​រថយន្ត​បាន ១​ គ្រឿង​ និង​ម៉ូតូ ២ គ្រឿង ហើយ​ប្រសិន​បើ​អ្នក​ទិញ Volkner Performance S 2021 នោះ ក្នុង​តម្លៃ ៧,៧ លាន​ដុល្លារ នោះ​រថយន្ត​ទំនើប Bugatti Chiron នឹង​មាន​មក​ស្រាប់​ក្នុង​យានដ្ឋាន​នៅ​ខាងក្រោម​រថយន្ត​ផ្ទះ​ចល័ត​មួយ​នេះ ដោយ​ Bugatti Chiron តែ​មួយ​គ្រឿង​គឺ​ថ្លៃ​ជាង ៣ លាន​ដុល្លារ​ទៅ​ហើយ។

ដោយសារ​ប្រើប្រាស់​គ្រឿង​តុបតែង​ទំនើបៗ និង​បន្ថែម​រថយន្ត​ទំនើប​តម្លៃ​ជាង ៣ លាន​ដុល្លារ​នេះ​ផង ទើប Volkner Performance S 2021 ក្លាយជា​រថយន្ត​ផ្ទះ​ចល័ត​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន៕

ប្រភព: luxurylaunches