លោក សាយ សំអាល់ បានចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ន ខណៈដែលលោកត្រូវបានគេមើលឃើញថា ជារដ្ឋមន្រ្តីវ័យក្មេងជាងគេ មានអាយុ ៣៣ឆ្នាំ នៅពេលចូលកាន់តំណែងរដ្ឋមន្ត្រី។
នៅពេលលោកចូលកាន់តំណែងនេះដំបូង ក្រុមអ្នកការពារបរិស្ថាន និងមជ្ឈដ្ឋានទូទៅមានក្ដីសង្ឃឹមច្រើនថា រដ្ឋមន្ត្រីវ័យក្មេងរូបនេះ ប្រហែលជាអាចទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិបាន ព្រោះលោកនៅវ័យក្មេង ឈាមថ្មី និងបានសិក្សាខ្ពស់នៅប្រទេសជឿនលឿនផងនោះ អាចមានគំនិត និងរបៀបដឹកនាំថ្មីជាងមន្ត្រីចាស់គំរឹលជាច្រើនរូបផ្សេងទៀត ដែលកាន់តំណែងរដ្ឋមន្ត្រីតាំងពីចុងទសវត្សរ៍៨០មក។
ក្រសួងបរិស្ថានដែលគ្រប់គ្រងដោយលោក សាយ សំអាល់ ក្នុងរយៈពេល ៩ ឆ្នាំកន្លងទៅនេះ លោកក៏បានកសាងស្នាដៃមួយចំនួន ដូចជា កសាងអគារទីស្តីការក្រសួងបរិស្ថានទំនើបមួយ បានពង្រីកវិសាលភាពតំបន់ការពារធម្មជាតិ តំបន់ការពារទេសភាព តំបន់រ៉ាំសា តំបន់របៀងអភិរក្សជីវចម្រុះ និងតំបន់អេកូទេសធម្មជាតិ ២៣ ខេត្តក្រុង ឬស្មើនឹងជាង ៧០ កន្លែង។
លើសពីនេះ លោកបានផ្ដួចផ្ដើមឱ្យចុះបញ្ជីដែនជម្រកសត្វព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរកា ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចជាដើម។
តើលោករដ្ឋមន្រ្តី សាយ សំអាល់ មានប្រវត្តិដូចម្តេចខ្លះ?
កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨០ លោក សាយ សំអាល់ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកជីវវិទ្យាវិទ្យាសាស្ត្រ (Biological Sciences) នៅមហាវិទ្យាល័យម៉ូណាស (Monash University) ប្រទេសអូស្ត្រាលី។ លោកជាកូនប្រុសបង្កើតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
នៅឆ្នាំ ១៩៩៣ ទើបមានអាយុ ១៣ ឆ្នាំ លោកត្រូវបានក្រុមគ្រួសារបញ្ជូនឲ្យទៅសិក្សានៅប្រទេសសិង្ហបុរី ចូលរៀនពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៩ ដោយរៀនទាំងភាសាអង់គ្លេស ភាសាចិន និងភាសាម៉ាឡេ។ ក្រោយមកលោកក៏បានបន្ដការសិក្សាថ្នាក់ទី ១០ ដល់ទី ១២ នៅប្រទេសអូស្ដ្រាលីដោយតម្រង់ទិសខាងផ្នែកជីវសាស្ដ្រ។ នៅឆ្នាំបន្ទាប់លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងជាប់ជាបេក្ខភាពបណ្ឌិតជំនាញជីវសាស្ដ្រនៅប្រទេសអូស្ដ្រាលី។
នៅឆ្នាំ ២០០៨ លោក សាយ សំអាល់ បានវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជីវសាស្ដ្រហើយបានចូលបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ដ្រីមានឋានៈជាប្រធានអាជ្ញាធរបឹងទន្លេសាប។ ជាបន្ដបន្ទាប់លោកបានកាន់តំណែងជាអគ្គលេខារង និងជាអគ្គលេខានៅទីស្ដីការគណៈរដ្ឋមន្ដ្រីក្នុងអាណត្តិទី ៤ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងបរិស្ថានក្រោមការដឹកនាំដោយផ្ទាល់ពីលោករដ្ឋមន្រ្តី សាយ សំអាល់ ត្រូវបានមើលឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាល់គម្រោងអភិវឌ្ឍទាំងអស់ ត្រូវបានក្រសួងធ្វើការវាយតម្លៃ ថាតើគម្រោងវិនិយោគទាំងនោះមានផលប៉ះពាល់ដល់សង្គម បរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ចយ៉ាងណា។ ដូច្នេះរាល់ការអភិវឌ្ឍរ ក៏ក្រសួងបានធ្វើការគិតគូរពិចារណាផងដែរ។
ទន្ទឹមនឹងនេះ លោក សាយ សំអាល់ ក៏បានបង្កើតយន្តការថ្មីៗមួយចំនួន ដើម្បីកៀរគរការចូលរួមទ្រទ្រង់វិស័យបរិស្ថាន រួមមាន បង្កើតឱ្យមានចលនាសាលាប្រកួតប្រជែងប្រជាប្រិយភាពបរិស្ថាន អារាមមេត្រីភាពបរិស្ថាន បង្កើតឱ្យមានប័ណ្ណសរសើរ និងការគ្រប់គ្រងកាកសំណល់សំរាមបានល្អប្រសើរជាងមុន និង យន្តការកាត់បន្ថយការប្រើថង់ប្រាស្ទីកជាដើម។
លើសពីនេះ លោកជារដ្ឋមន្រ្តីដែលមានសមត្ថភាពខ្ពស់ ចិត្តទូលាយ រុះរាយរាក់ទាក់ជាមួយមន្ត្រីតូចតាចថ្នាក់ក្រោម និងអនុវត្តសកម្មភាពការងារបានច្រើន។ រដ្ឋមន្ត្រីរូបនេះ បានកសាងស្នាដៃជាច្រើន ក្នុងអាណត្តិការងាររបស់លោករួមមាន ជំរុញឱ្យមន្ត្រីឧទ្យានុរក្សជាង ១ពាន់ នាក់ ដែលធ្លាប់ជាមន្ត្រីកិច្ចសន្យា ឱ្យចូលក្នុងក្របខណ្ឌមន្ត្រីរាជការ ផ្ដល់មធ្យោបាយធ្វើដំណើរ សម្ភារៈចុះល្បាត កាំភ្លើង និងថវិកាចុះល្បាតពេកន្លងមក។
លោករដ្ឋមន្រ្តីវ័យក្មេង សាយ សំអាល់ បានផ្តល់បង្ហាញទស្សនៈថា៖ “ខ្ញុំជឿជាក់ថា កម្ពុជានឹងមានអនាគតដ៏ល្អមួយ ពីព្រោះអ្វីដែលយើងបានធ្វើ គឺយើងបានចាក់គ្រឹះដ៏រឹងមាំសម្រាប់អ្នកជំនាន់ក្រោយដើម្បីបន្ត។ ហើយអនាគតកម្ពុជា គឺពឹងទាំងស្រុងទៅលើយុវជនជំនាន់ក្រោយរបស់យើង”។
លោកបន្ថែមថា ខ្ញុំគិតថា នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត យើងនឹងឈានដល់យុគសម័យមាសមួយ ដោយសារប្រជាជនទទួលបានការអប់រំខ្ពស់ជាងមុន។ ពួកគេទទួលបានចំណេះដឹងទូលំទូលាយជាងមុន ហើយពួកគេអាចបំលែងចំណេះទាំងនោះទៅជាធុរកិច្ច។ ដូច្នេះខ្ញុំមើលឃើញថា កម្ពុជានឹងអាចដើរលឿនជាងមុន៕