ជីប ម៉ុង គ្រុបជាអាណាចក្រជំនួញដែលបានវិនិយោគនិងក្តោបក្តាប់លើអាជីវកម្មធំៗនៅស្រុកខ្មែរ ហើយដែលមានអ្នកឧកញ៉ា លាង ឃុន ជាអគ្គនាយកក្រុមហ៊ុន។ ក្រៅពីអ្នកឧកញ៉ា លាង ឃុន ដែលគេស្គាល់ជាទូទៅ ភរិយារបស់អ្នកឧកញ៉ាក៏ជាទីចាប់អារម្មណ៍សម្រាប់មនុស្សម្នាទាំងឡាយ។
លោកជំទាវគឺជាដៃគូមិនអាចខ្វះបានក្នុងការរុញក្រុមហ៊ុនជីប ម៉ុង ក្លាយជាក្រុមហ៊ុនសាងបានកិត្តនាមប្រកបដោយជំនឿទុកចិត្ត។
ស្រ្តីដ៏អស្ចារ្យម្នាក់នោះគឺលោកជំទាវ តែ សុវណ្ណី អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង និងជាឧត្តមភរិយារបស់អ្នកឧកញ៉ាលាង ឃុន។
ក្រៅពីតួនាទីដឹកនាំនៅក្នុងក្រុមហ៊ុន លោកជំទាវតែងតែចូលរួមគ្រប់សកម្មភាពជាមួយអ្នកឧកញ៉ា លាង ឃុន មិនថាលើការធ្វើជំនួញ ក៏ដូចជាការងារជួយដល់សង្គម។ ដូចថ្មីៗនេះ លោកជំទាវនិងអ្នកឧកញ៉ាលាង ឃុន បានបរិច្ចាកសម្ភារៈសំណង់ ដើម្បីជួយកសាងមន្ទីរពេទ្យព្យាបាលអ្នកកូវីដនៅខេត្តព្រះសីហនុ។ ក្រៅពីនេះបានបរិច្ចាកថវិកាជាបន្តបន្ទាប់ ជាមួយរដ្ឋាភិបាលដើម្បីគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ19 និងក៏តែងតែចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងការបន្តប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា។
លោកជំទាវ ក៏តែងតែចូលរួមក្នុងការគាំទ្រដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏ដូចជាជួយថវិកាដល់មូលនិធិសិល្បៈចាស់ជរា ។ ក្រៅពីការងារសង្គម លោកជំទាវនិងអ្នកឧកញ៉ា ក៏បានចូលរួមជាមួយកងទ័ព ដូចជាការជួយសាងសង់អគារទីបញ្ជាការផ្នែកសឹករងក្រុងកោះកុងជាដើម។
លោកជំទាវ តែ សុវណ្ណី គឺជាពាណិជ្ជករស្រ្តីដ៏ឆ្នើមប្រកបដោយថាមពលក្នុងសករាជថ្មីរបស់កម្ពុជា ដែលបានរួមចំណែករុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរីកធំឡើង តាមរយៈក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនបានចាក់ឫសជារបស់ក្រុមហ៊ុនជាតិ៕