ក្រុមហ៊ុន Charoen Pokphand ឬស្គាល់ថា CP Group ដែលជាក្រុមហ៊ុនអាជីវកម្មកសិ-ឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសថៃ បានធ្វើការប្តេជ្ញាចិត្តនឹងពង្រីកចំនួនហាងលក់រាយ និងលក់ដុំរបស់ខ្លួន នៅក្នុងតំបន់ ដែលរួមបញ្ចូលទីកន្លែងរក្សាសាច់ប្រាក់ប្រតិបត្តិការដោយក្រុមហ៊ុនបុត្តសម្ព័ន្ធ Siam Makro Plc និងហាងជាច្រើនទៀត នៅក្នុងបណ្តុំក្រុមហ៊ុនសាជីវកម្ម CP នេះផ្ទាល់។
អគ្គនាយកក្រុមហ៊ុន CP Group និងជាប្រធានក្រុមហ៊ុន Siam Makro លោក Suphachai Chearavanont បាននិយាយថា ការលក់រាយ គឺជាឱកាសសកលសម្រាប់ប្រទេសថៃ និងជាចក្ខុវិស័យមួយដែលអាចឲ្យយើងទទួលបានភាពជោគជ័យនៅលើឆាកអន្តរជាតិផងដែរ ។
បណ្តុំសាជីវកម្មរបស់ CP Group កំពុងមានវត្តមាន និងទទួលបានគាំទ្រច្រើនពីប្រជាជននៅក្នុងប្រទេសចិន ម៉ាឡេស៊ី ឥណ្ឌា ប្រទេសកម្ពុជា មីយ៉ាមា ដែលស្ថិតនៅក្រោមស្លាកសញ្ញាប្រមាណ ៣៣៧ ហាង។
យ៉ាងណាជុំវិញការចង់ឈានជើងចូលទៅក្នុងទីផ្សារអន្តរជាតិនេះផងដែរ លោក Suphachai បានបញ្ជាក់ថា ៖ ” ការទទួលបានភាពជោគជ័យនៅក្នុងទីផ្សារពិភពលោកគឺមានភាពស្មុគស្មាញ ដែលទាមទារឲ្យមានការសម្រេចចិត្តលឿន។ ដើម្បីពង្រឹងសមត្ថភាពរបស់យើងក្នុងការបោះជំហ៊ានទៅមុខឲ្យឆាប់រហ័ស អាជីវកម្មរបស់យើងចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ និងព្រមទាំងលើកកម្ពស់សមត្ថភាព”។
លោកបន្តថា ៖ ” ការផ្លាស់ប្តូរទាំងនេះនឹងជួយសម្រួលដល់ការសម្រេចចិត្ត ហើយអាចផ្តល់អត្ថប្រយោជន៍ផ្សេងទៀត ដើម្បីឲ្យ Siam Madro និង Lotus ទទួលបានជោគជ័យនៅលើឆាកអន្តរជាតិ “។
–ការចូលរួមជាសាធារណៈ
នៅក្នុងយុទ្ធសាស្រ្តក្នុងការគាំទ្រមហិច្ឆតាអន្តរជាតិ និង គម្រោងផែនការនានា អគ្គនាយក Siam Makro បាននិយាយថាគឺត្រូវបង្កើន ដើមទុន ចុះបញ្ជីប្រមាណ ៥,៥៨ ពាន់លានបាត ដោយកើនឡើងពី ២៤០ លានបាត។
លោកនិយាយថា ៖ យើងចង់អញ្ជើញសាធារណជនចូលរួមជាមួយយើង ក្នុងដំណើររីកចម្រើនអន្តរជាតិដ៏គួរចាប់អារម្មណ៍មួយនេះ ហើយកំពុងផ្តល់ជូននូវផ្នែកដ៏ធំមួយនៃអាជីវកម្ម សម្រាប់ការចូលរួមជាសាធារណៈ ។
គួរបញ្ជាក់ថា Siam Makroគោលបំណងបង្កើនទ្វេដងនៃភាពជាម្ចាស់កម្មសិទ្ធិសាធារណៈរបស់ខ្លួន ដែលបច្ចុប្បន្នមាន ៧% ឲ្យកើនដល់ ១៥% ខណៈភាគហ៊ុនរបស់ CP Group នឹងត្រូវកាត់បន្ថយពី ៩៣% មកនៅត្រឹម ៨៥% វិញ ។
–ការប្រកួតប្រជែងដ៏ធំបំផុត
កក្តាប្រកួតប្រកួតប្រជែងធំបំផុត ដែលក្រុមហ៊ុនខ្នាតយក្សរបស់ថៃ និងផលិតកររបស់ថៃពិបាកក្នុងការចូលទៅក្នុងទីផ្សារអន្តរជាតិ គឺភាពលំបាក ក្នុងការទទួលយកប្រព័ន្ធបែងចែករបស់ប្រទេសនានា។ ប្រព័ន្ធដែលចូលចិត្តបង្កើតស្លាកសញ្ញា និងផលិតពីចង្វាក់ផ្គតផ្គង់ បែបប្រពៃណី បានប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ប្រទេសថៃ។
ក្នុងនោះដែរលោក Suphachai បានបន្តថា ៖ ” ពួកយើងត្រូវការប្រើប្រាស់ហាងរបស់យើង ដើម្បីឲ្យអ្នកប្រើប្រាស់នៅបរទេសទទួលបានផលិតផលរបស់ប្រទេសថៃ។ ពួកគេត្រូវរក្សាគុណភាពផលិតផល តម្លៃសមរម្យ និង យុទ្ធសាស្រ្តទីផ្សារ ដើម្បីបន្តមានវត្តមាននៅលើទីផ្សារអរន្តជាតិ។ យើងក៏ត្រូវការឲ្យសហគ្រាសធុនតូច មធ្យម និងផលិតករ ត្រូវយល់ដឹងបទបញ្ហាករស្មុគស្មាញ នៅលើទីផ្សារបរទេស ដែលលំបាកសម្រាប់អាជីវករថៃ ត្រូវប្រឈមមុខដោះស្រាយ ។
សូមបញ្ជាក់ផងដែរថា ប្រទេសថៃទទួលបានការទទួលស្គាល់នៅក្នុងការលក់រាយជាអន្តរជាតិ តាមរយៈការឈ្នះពានរង្វាន់កំពូល ពីសមាគមលក់រាយទូទាំងពិភពលោក សម្រាប់ការច្នៃប្រឌិត ក៏ដូចជាការកាន់កាប់ហាងលក់រាយសំខាន់ៗនៅក្នុងប្រទេសជាច្រើន ប៉ុន្តែទោះជាយ៉ាងណា វានៅតែមានកម្រិតទាប បើធៀបជាមួយហាងទំនិញលក់រាយរបស់ក្រុមហ៊ុនអន្តរជាតិធំៗ ផ្សេងទៀត ៕
ប្រភព: BangkokPost