មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា មានទីតាំងស្ថិតនៅក្នុងសាកវិទ្យាល័យភូមិន្ទភ្នំពេញមានកម្ពស់៣ជាន់ហើយនឹងបញ្ចប់នៅដើមឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកាជាង ២,៧ លាន ដុល្លារអាមេរិក ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ក្រោមវត្តមានលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបណ្ឌិត ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។
មជ្ឈមណ្ឌល NICC គឺជាកន្លែងបណ្តុះបណ្តាលនិងផ្តល់ប្រឹក្សាដល់និស្សិតនិងយុវជនកម្ពុជាដើម្បីជួយពួកគេបញ្ចេញសក្កានុពលរបស់ពួកគេឆ្ពោះទៅយុគសម័យឌីជីថលនិងជាកន្លែងជួបជុំរវាងវិនិយោគិននិងនិស្សិតឬសហគ្រិនវ័យក្មេងនាពេលអនាគតនោះ។
លោកបណ្ឌិត ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកឱកាសនិងវិសាលភាពនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនៅក្នុងវិស័យឌីជីថល ដែលមានសក្តានុពលមិនត្រឹមតែក្លាយជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ផលិតភាពនៅក្នុងប្រទេស ពលរដ្ឋ និងអាជីវកម្ម។
លោករដ្ឋមន្រ្តីថ្លែងក្នុងពេលចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៣ ខែសីហានេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ KOICA និង KPC ដែលបានផ្តល់ជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
លោកបណ្ឌិត ផាក ហ៊ឹងខ្យង់ មានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដៃគូ ODA សំខាន់ៗរបស់ប្រទេសកូរ៉េ។ គម្រោងនេះនឹងក្លាយជាគម្រោងគំរូដ៏ល្អមួយសម្រាប់ការសហការរវាងវិស័យឧស្សាហកម្មនិងវិស័យអប់រំនៅប្រទេសកម្ពុជា។
លោកបន្ថែមទៀតថា៖ “គម្រោងនេះនឹងក្លាយជាគំរូដ៏ល្អនៃកិច្ចសហការពាណិជ្ជកម្មប្រកបដោយជោគជ័យរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ”។