អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងជាក់ស្តែង របស់ក្រុមហ៊ុនឯកជនស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» (ទំហំដីមិនលេីសពី ១០ហិកតា ក្នុងមួយគម្រោង) សរុបចំនួន ០៥គម្រោង ស្ថិតនៅភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ការចុះពិនិត្យដល់ទីតាំងដោយផ្ទាល់ នៅថ្ងៃទី០២ ខែកញ្ញា ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន អភិបាលស្រុកស្វាយលេី និងស្រុកសូទ្រនិគម តំណាងអាជ្ញាធរជាតិអប្សរា ប្រធានមន្ទីខេត្តសៀមរាប អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអ្នកស្នើសុំ ។
ការចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិភាក្សាលើករណីស្នើសុំវិនិយោគលើគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ០៥គម្រោងជាលទ្ធផល ក្រុមការងារ គាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលេី ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លេីបុរាណវិទ្យា និងអេកូឡូស៊ី មុននឹងដាក់ស្នេីសុំការពិនិត្យសម្រេចពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន៕