ក្រុមហ៊ុន Samsung គ្រោងពង្រីករោងចក្រនៅក្នុងប្រទេសក្បែរខាងកម្ពុជា ដើម្បីបង្កើនចំនួនផលិតទូរស័ព្ទអេក្រង់បត់របស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុន Samsung គ្រោងនឹងពង្រីករោងចក្ររបស់ខ្លួននៅភាគខាងជើងខេត្ត Bac Ninh ប្រទេសវៀតណាម នៅឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពផលិតទូរស័ព្ទទំនើប ដែលអាចបត់អេក្រង់បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ នឹងចាប់ផ្តើមគម្រោងពង្រីកនៅឆមាសទីពីរ នៃឆ្នាំនេះ ដោយកំណត់យកទិសដៅប្រតិបត្តិការពេញលេញនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Econommic Daily ។

ការពង្រីករោងចក្រនៅក្នុងប្រទេសវៀតណាមនេះ គឺដើម្បីបង្កើនសមត្ថភាពផលិតស្មាតហ្វូនដែលអាចបត់អេក្រង់បានរបស់ Samsung ឲ្យបាន ៤៧% ពីចំនួន ១៧ លានគ្រឿងក្នុងពេលបច្ចុប្បន្ន ដល់ ២៥ លានគ្រឿង ។

អ្នកជំនាញនិយាយថា នៅពេលក្រុមហ៊ុន Samsung បញ្ចប់ការពង្រីកក្រុមហ៊ុននេះ នោះពួកគនឹងអាចផលិតបាននូវម៉ូដែល Galaxy Z Fold ចំនួន ១០ លានគ្រឿង និងម៉ូដែល Z Flip ចំនួន ១៥  លានគ្រឿងក្នុងមួយឆ្នាំ។

យ៉ាងណា ការសម្រេចចិត្តរបស់ Samsung ក្នុងការបង្កើនសមត្ថភាពនៃការផលិតរបស់ខ្លួន ត្រូវបានជំរុញដោយសារតែតម្រូវការទីផ្សារបច្ចុប្បន្នមានការកើនឡើងខ្ពស់។ រម្លឹកថាម៉ូឌែលស្មានហ្វូនអេក្រង់បត់ជំនាន់ទី ៣ របស់ខ្លួន ទទួលបានការបញ្ជាទិញទុកមុនរហូតដល់ចំនួន ៩២០ ០០០ គ្រឿង នៅកូរ៉េខាងត្បូង ពោលគឺខ្ពស់ជាងស្មានហ្វូនត្រកូល Galaxy S21 រហូតដល់ ១,៨ ដង៕

ប្រភព: VN Express